កម្ពុជា​នឹង​ទម្លាក់​លុយ ២៧​លាន​ដុល្លារ ជួយ​វិស័យ​កសិផល​ពោត និង​ដំឡូង​

1344
ចែករម្លែក
  • ផ្ទុះ​បាតុកម្ម​តវ៉ា​តម្លៃ​កសិផល​ពោត និង​ដំឡូង​មី ធ្លាក់​ថ្លៃ​
  • ចំណាត់ការ​ចំពោះមុខ គឺ​ចាក់​បញ្ចូល​លុយ​ប្រមាណ ២៧​លាន​ដុល្លារ​
  • ការផ្ដល់​កម្ចី គឺ​ប្រើ​រូបមន្ត​ដូច​ដំណោះស្រាយ​ស្រូវ​

​ក្រោយ​ផ្ទុះ​បាតុកម្ម​តវ៉ា​តម្លៃ​កសិផល​ពោត និង​ដំឡូង​មី ធ្លាក់ចុះ​របស់​ប្រជាកសិករ រដ្ឋាភិបាល​កម្ពុជា បាន​បើក​កិច្ចប្រជុំ​ជាបន្ទាន់​នា​ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០១៧ ដោយ​ត្រៀម​នឹង​ទម្លាក់​កញ្ចប់​ថវិកា​ប្រមាណ ២៧​លាន​ដុល្លារ ទ្រទ្រង់​វិស័យ​កសិផល​ទាំងនេះ បន្ទាប់ពី​តម្លៃ​ពោត និង​ដំឡូង ធ្លាក់​ចុះមក​ជាង ៣០០​រៀល និង​១០០ រៀល​ក្នុង​១​គីឡូក្រាម​។​

​ឯកឧត្តម ប៉ាន សូ​សក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា​៖ «​នៅ​ចំពោះមុខ យើង​ដោះស្រាយ​បញ្ហា​ការប្រមូលទិញ​កសិផល​ពោត និង ដំឡូង​រយៈពេល​ខ្លី ដែល​ធន​គារ​អភិវឌ្ឍន៍ជនបទ ចូលរួម​ជួយ ដោយ​ដក​កញ្ចប់​ថវិកា​ស្រូវ​ក្នុង​ដៃ​ប្រមាណ ២៧​លាន​ដុល្លារ​មកជួយ​សិន​។ បន្ទាប់មក​យើង​នឹង​ចាត់វិធានការ​បញ្ចុះ​ចំណាយ​ក្រៅផ្លូវកា​ឲ្យ​ដល់​សូន្យ​»​។​

​ឯកឧត្តម កៅ ថាច អគ្គនាយក ធនាគារ​អភិវឌ្ឍន៍ជនបទ បាន​មានប្រសាសន៍ថា «​កញ្ចប់​ថវិកា​នេះ អាច​នឹង​ឡើងដល់ ៥០​លាន​ដុល្លារ តែ​យ៉ាងណា​យើង​ប្រើ​រូបមន្ត​ដូច​ដំណោះស្រាយ​ស្រូវ​ផងដែរ ដោយ​យើង​កំណត់​យក Working Capital ដែល​មានន័យថា កសិករ​អាច​យក​កសិផល​ខ្លួន​ម​កប​ញ្ជាំ ហើយ​ធន​គារ​នឹង​ផ្ដល់​កម្ចី​ដល់​គាត់​វិញ​»​។ លោក​បន្ថែមថា​៖ «​នៅ​ថ្ងៃទី ១៨ ខែកក្កដា​នេះ ធនាគារ និង​ក្រសួង​ពាក់ព័ន្ធ នឹង​ប្រជុំ​សម្រេច​ផ្ដល់​កម្ចី ដែលមាន​អត្រា​ការប្រាក់​ទាប ក្នុង​រយៈពេល​ខ្លី​ក្រោម​មួយឆ្នាំ ចន្លោះ​ពី ៥ ទៅ ៦​ភាគរយ ជួយ​ដល់​កសិករ​ដែល​ជួប​បញ្ហា​»​។​


​ខាងឆ្វេង ឯកឧត្តម ប៉ាន សូ​សក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​ខាងស្ដាំ ឯកឧត្តម កៅ ថាច អគ្គនាយក ធនាគារ​អភិវឌ្ឍន៍ជនបទ​

​ក្រោយ​បញ្ចប់​ការប្រជុំ​រវាង​រដ្ឋាភិបាល និង​វិស័យ​ឯកជន នា​ថ្ងៃ​ម្សិលមិញ តំណាង​ប្រជាកសិករ លោក ធា​ម ធា ប្រធាន​សមាគម​ដំឡូង​នៅ​ខេត្ត ប៉ៃលិន បាន​សាទរ​ចំពោះ​ចំណាត់ការ​រដ្ឋាភិបាល បើសិនជា​អនុវត្តបាន​មែន​នោះ លោក​រំពឹង​ផលិតផល​កសិកម្ម​ជាច្រើន​មុខ​នឹង​អាច​ប្រសើរ​ឡើងវិញ​។ តែ​លោក​បាន​បញ្ជាក់ថា «​ការផ្ដល់​កម្ចី​ជា​ចំណាត់​ការល្អ​ហើយ តែបើ​រដ្ឋាភិបាល​បំបាត់​ការចំណាយ​ក្រៅផ្លូវការ​បាន​ទៀត​នោះ វា​កាន់​ប្រសើរ​សម្រាប់​ប្រជាកសិករ ព្រោះថា​កន្លងមក ខ្ញុំ​ចំណាយ​អា​ក្រៅផ្លូវការ​ហ្នឹង ប្រហែល ២ ទៅ ៣ ពាន់​បាត​ដែរ​»​។​

​គួរ​ជម្រាប​បន្ថែមថា កសិផល​ពោត​ឆ្នាំ ២០១៦ បាន​នាំ​ចេញទៅ​ក្រៅ​ប្រមាណ​ជា ១០​ម៉ឺន​តោន ដែល​រក​ចំណូល ប្រហែល ១៤​លាន​ដុល្លារ ខណៈ​ពាក់កណ្ដាល​ឆ្នាំនេះ ពោត​នៅសល់​ក្នុង​ស្តុក​ប្រជាកសិករ​ប្រមាណ ១​លាន​តោន ដែល​រដ្ឋាភិបាល​ត្រៀម​ប្រមូល​ទិញ ក្នុងតម្លៃ ៣.៥​បាត ឬ​ប្រហែល​ជាង ៤២៤ រៀល​៕

 ដោយ​៖ ស៊ិន សា​វ៉េ​ត​/sabay