កម្ពុជា​នឹង​បង្កើត​ស្ដង់ដា​តូប​លក់​ម្ហូបអាហារ និង​ស្តង់ដា​ម្ហូបអាហារ​ចូលទៅក្នុង​ចលនា​ប្រឡងប្រណាំង​ទីក្រុង​ស្អាត​

278
ចែករម្លែក

ដោយ:មូល​សម្បត្តិ​:​ភ្នំពេញ​ ៖ គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត នៃ​ក្រសួង​ទេសចរណ៍​ គ្រោង​នឹង​ស្នើ​រាជរដ្ឋាភិបាល​សុំ​ដាក់បញ្ចូល​ស្ដង់ដា​វិថី​ម្ហូបអាហារ (Food Street) និង​ស្ដង់ដា​តូប​លក់​ម្ហូបអាហារ ចូលទៅក្នុង​ចលនា​ប្រឡងប្រណាំង​ទីក្រុង​ស្អាត ដើម្បី​លើកកម្ពស់​អនាម័យ​ម្ហូបអាហារ​នៅ​កម្ពុជា ដែលជា​សក្ដានុពល​ដ៏​សំខាន់​មួយ ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ​។​

នេះ​ជាការ​លើក​ឡើង​ក្នុង​កិច្ចប្រជុំ​គណៈកម្មការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត ដើម្បី​ត្រៀម​រៀបចំ​ទិវា​ជាតិ​ទីក្រុង​ស្អាត​លើក​ទី​៧ ក្រោម​ប្រធានបទ «​ទីក្រុង​ស្អាត​៖ ទីក្រុង​ផ្តល់​ភាពកក់ក្តៅ​» ក្រោម​អធិបតីភាព​ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត នៅ​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍​។​

លោកថោង ខុន រដ្ឋមន្រ្ដីក្រសួងទេសចរណ៍

​ក្រោយ​បញ្ចប់​កិច្ចប្រជុំ លោក ថោង ខុន បានឲ្យដឹងថា ស្ដង់ដា​វិថី​ម្ហូបអាហារ និង​ស្ដង់ដា​តូប​លក់​ម្ហូបអាហារ (​ទាំង​ចល័ត និង​អចល័ត​) នឹង​ក្លាយជា​ផ្នែក​មួយ​ដ៏​សំខាន់ ក្នុងការ​ចូលរួម​លើកកម្ពស់​គោលដៅ​ទេសចរណ៍​កម្ពុជា ក៏ដូចជា​លើកកម្ពស់​សេវាកម្ម​ម្ហូបអាហារ​ផង និង​លើកកម្ពស់​សុវត្ថិភាព អនាម័យ​ម្ហូបអាហារ​ជូន​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ផងដែរ​។​

​ក្រៅពីនេះ វា​ក៏​នឹងចូលរួម​លើកកម្ពស់​សោភ័ណភាព​ទីក្រុង លើកកម្ពស់​ភាព​ស្អាត និង​បៃតង​នៅតាម​ក្រុង​-​ស្រុក និង​ទីប្រជុំជន​នានា នៃ​រាជធានី​-​ខេត្ត​គោលដៅ​ទេសចរណ៍​ទៀតផង​។ ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ដែល​បានទទួល​ទាន​អាហារ ដែល​ឆ្លងកាត់​ការរៀបចំ​ស្ដង់ដា​វិថី​ម្ហូបអាហារ​នេះ នឹង​ទទួលបាន​នូវ​ភាពកក់ក្ដៅ​ជឿទុកចិត្ត​បាន​។​

​លើសពីនេះ ស្ដង់ដា​វិថី​ម្ហូបអាហារ និង​ស្ដង់ដា​តូប​លក់​ម្ហូបអាហារ នឹង​លើកកម្ពស់​ជីវភាព សុខមាលភាព​របស់​ប្រជាពលរដ្ឋ ព្រមទាំង​ជួយ​ជំរុញ​អាជីវកម្ម​ខ្នាតតូច​បែប​គ្រួសារ ឲ្យមាន​ការរីកលូតលាស់​ផងដែរ​។​

​លោក ថោង ខុន បាន​បន្តថា «​នៅពេល​គេ​ល្បី​តៗ​គ្នា​ថា កម្ពុ​ជាមាន​ស្ដង់ដា​ម្ហូបអាហារ​ល្អ​ត្រឹមត្រូវ មាន​សុវត្ថិភាព មាន​អនាម័យ​ត្រឹមត្រូវ នោះ​ហើយ​គឺជា​សក្ដានុពល​ថ្មី​មួយ​ទៀត ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ​អន្តរជាតិ​បន្ថែម​»​។​

​ប៉ុន្តែ​នៅ​ចំពោះមុខ ស្ដង់ដា​ទាំងពីរ​នេះ​មិនទាន់​ត្រូវបាន​អនុវត្ត​នៅឡើយ​ទេ បើ​គិត​ក្នុង​ក្របខណ្ឌ​ចលនា​ប្រឡងប្រណាំង​ទីក្រុង​ស្អាត​។ ត្រង់ចំណុច​នេះ លោក ថោង ខុន បាន​​គូសបញ្ជាក់ថា គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត នឹង​ស្នើសុំ​រាជរដ្ឋាភិបាល​ដើម្បី​បញ្ចូល​ស្ដង់ដា​ទាំងពីរ​នេះ ទៅក្នុង​សូចនាករ​ចលនា​ប្រឡង​ប្រណាំង​​ទីក្រុង​ស្អាត​។​

​លោក​រដ្ឋមន្ត្រី​បាន​បន្តថា ជាការ​គ្រោងទុក នៅពេល​រៀបចំ​ទិវា​ជាតិ​ទីក្រុង​ស្អាត​លើក​ទី​៧ នា​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៩ ខាងមុខ គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត នឹង​ប្រកាស​ដាក់ឱ្យអនុវត្ត​ស្ដង់ដា​វិថី​ម្ហូបអាហារ និង​ស្ដង់ដា​តូប​លក់​ម្ហូបអាហារ​នេះ ទៅ​ក្នុង​ចលនា​ប្រឡងប្រណាំង​ទីក្រុង​ស្អាត ដើម្បី​បំផុស​ឱ្យ​ក្រុង​បេក្ខភាព​នានា ខិតខំ​រៀបចំ​ទីក្រុង​របស់ខ្លួន​ឱ្យ​កាន់តែ​លេចធ្លោរ​ឡើង​។

​លោ​កថា ​ការលក់​ម្ហូបអាហារ​នៅតាម​វិថី​នានា​​បាន​នឹង​កំពុងមាន​ការនិយម​ខ្លាំ​ង​ណាស់​។​សូម្បីតែ​ភ្ញៀវទេសចរ​បរទេស​គេ​ដេក​សណ្ឋាគារ​ល្អៗ​មែន តែ​ពួកនេះ​ចូលចិត្ត​ហូប​អាហារ​នៅតាម​ផ្លូវ​ច្រើ​ជាង​ហូប​នៅ​សណ្ឋាគារ​។ ​គេ​បាន​សិក្សា​រួចហើយ​ថា​ចំណូល​បាន​ពី​ការលក់​ម្ហូប​តាម​ដង​វិថី​នេះ​របស់​ប្រជាពលរដ្ឋ​យើង​ទទួលបាន​ចំណូល​ខ្ពស់​ណាស់​។​នៅ​ប្រទេសជិតខាង​យើង ក៏​គេ​បានធ្វើ​រួច​បាន​លិទ្ធ​ផល​ច្រើន​ទេសចរ​នានា​៕B/