កម្ពុជា​នឹង​បង្កើន​ចំណាយ​ទៅលើ​ការស្រាវជ្រាវ​និង​អភិវឌ្ឍន៍​ឲ្យ​ដល់​០,២​ភាគរយ​នៅ​ឆ្នាំ ២០២០

1948
ចែករម្លែក
  • 22
    Shares

ដោយៈ​តារា​រិ​ទ្ធ/​ភ្នំពេញៈ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បានបង្ហាញ​ពី​ការប្តេជ្ញាវិ​និ​យោគ​ទៅលើ​សក្តានុពល​ផ្នែក​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​ឲ្យ​បាន​ខ្លាំងក្លា​ដើម្បី​រៀបចំខ្លួន​ចាប់យក​ឱកាសល្អៗ​និង​ដោះស្រាយបាន​បញ្ហា​ថ្មីៗ​នៅក្នុង​អនាគត​ដោយ​បង្កើន​ថវិកា​ចំណាយ​ទៅលើ​ការស្រាវជ្រាវ​និង​អភិវឌ្ឍន៍​ឲ្យ​ដល់ ០,២ ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​នៅ​ឆ្នាំ ២០២០ ,​ដល់ ១ ភាគរយ​នៅ​ឆ្នាំ ២០២៥ និង ដល់ ១,៥ ភាគរយ​នៅ​ឆ្នាំ​២០៣០​។​កម្ពុ​ជាមាន​គោលដៅ​បង្កើន​ចំនួន​អ្នកស្រាវជ្រាវ​ពេញ​ម៉ោង​ឲ្យ​ដល់ ២០០០ នាក់ នៅ​ឆ្នាំ​២០៣០​។​

​ ​សម្តេចនាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​បែបនេះ​នៅក្នុង​ពិធី​បើក​សន្និសីទ​ចក្ខុវិស័យ​ប្រទេស​កម្ពុជា​ឆ្នាំ​២០១៨ ក្រោម​ប្រធានបទ «​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​សម្រាប់​ឧស្សាហូបនីយកម្ម​កំណើនសេដ្ឋកិច្ច និង​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​»​នៅ​ព្រឹក​ថ្ងៃទី ១៥ ខែមីនា នេះ​នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ ។​

​ ​សម្តេច​តេ​ជោ បាន​ថ្លែងថា “​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្តេជ្ញាចិត្ត​បង្កើន​ចំណាយ​លើ​ការស្រាវជ្រាវ និង​អភិវឌ្ឍន៍​ឲ្យ​ដល់ ០,២​ភាគរយ នៃ​ផលិតផល​ក្នុងស្រុក​នៅ​ឆ្នាំ​២០២០ ដល់ ១​ភាគរយ​នៅ​ឆ្នាំ​២០២៥ និង​ដល់ ១,៥​ភាគរយ​នៅ​ឆ្នាំ​២០៣០​។ ក្នុងនោះ​កម្ពុជា ក៏​នឹង​យកចិត្តទុកដាក់​អំពី​អ្នកស្រាវជ្រាវ ខណៈ​ចំនួន​អ្នកស្រាវជ្រាវ​នៅ​កម្ពុជា​គិត​ក្នុង​ប្រជាជន​មួយ​លាន​នាក់​នៅ​ឆ្នាំ​២០១៥​មាន​ប្រមាណ ៥០​នាក់​។ បើ​គិត​តាម​ចំនួន​អ្នកស្រាវជ្រាវ​និង​មាន​ប្រមាណ ៣០​នាក់​។ បើ​គិត​ជា​ចំនួន​អ្នកស្រាវជ្រាវ​ធ្វើការ​ពេញ​ម៉ោង ហើយ​កម្ពុ​ជាមាន​គោលដៅ​បង្កើន​ចំនួន​អ្នកស្រាវជ្រាវ​ពេញ​ម៉ោង​ឲ្យ​ដល់ ២.០០០​នាក់ នៅ​ឆ្នាំ​២០៣០”​។​

​ ​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​បាន​ថ្លែងថា លទ្ធផល​នៃ​វិស័យ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​របស់​កម្ពុជា​នៅ​ឆ្ងាយ​ពី​ប្រទេស​អាស៊ាន​មួយចំនួន ។ ក្នុងនោះ​ចំណាយ​របស់​កម្ពុជា​ក្នុងការ​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍ ក៏​នៅ​តិច​នៅឡើយ​គឺ​ត្រឹម ០,១២​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​ក្នុង​ឆ្នាំ​២០១៥ ធៀប​នឹង ០,៦៣​ភាគរយ​នៅ​ថៃ និង ១,៣​ភាគរយ​នៅ​ម៉ាឡេស៊ី​។

​ ​សម្តេច​តេ​ជោ​បាន​ថ្លែងថា និន្នាការ​សកល​កំពុង​ផ្លាស់ប្តូរ​យ៉ាង​លឿន ហើយ​ស្ថានភាព​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា ទាំង​បច្ចេកវិទ្យា​នាំចូល ការអភិវឌ្ឍ​បច្ចេកវិទ្យា​ក្នុងស្រុក និង​ការចាប់យក​បច្ចេកវិទ្យា​របស់​ប្រជាជន​កម្ពុជា កំពុងមាន​សន្ទុះ​កើនឡើង និង​កំពុង​ចាក់ឫស​ជ្រៅ​បន្តិច​ម្តងៗ​ទាំង​នៅក្នុង​វិស័យ​កសិកម្ម ឧស្សាហកម្ម និង​សេវាកម្ម ស្របគ្នា​ទៅនឹង​ដំណើរការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គមកិច្ច​។
​សម្តេច​បាន​ថ្លែងថា កង្វះ​កម្រិត​ជំនាញ និង​បរិមាណ​ធនធានមនុស្ស បាន​កម្រិត​ដល់​ល្បឿន​អភិវឌ្ឍន៍​វិស័យ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​របស់​កម្ពុជា​។ សម្តេច​បន្ថែមថា ជាការ​សំខាន់​ណាស់ ដែល​ត្រូវ​ជំរុញ​ការវិនិយោគ​ទៅលើ​សក្តានុពល​ផ្នែក​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ឲ្យ​ខ្លាំងក្លា ដើម្បី​រៀបចំខ្លួន​ចាប់យក​ឱកាសល្អៗ និង​ដោះស្រាយបាន​បញ្ហា​ថ្មីៗ​ទៀត​នៅក្នុង​អនាគត​។

​សម្តេចនាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា​កម្ពុជា​កំពុង​ដើរ​តាម​មាគ៌ា​ត្រឹមត្រូវ ដោយ​កម្ពុជា​បាន​បង្កើត​ក្រុមប្រឹក្សា​ជាតិ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ក្នុង​ឆ្នាំ​២០១៤ កន្លងទៅ និង​ការអនុម័ត​ផែនការមេ​ស្តីពី​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ជាតិ​កម្ពុជា​ឆ្នាំ​២០១៤-២០២០​។ បច្ចុប្បន្ននេះ ក្រុមប្រឹក្សា​ជាតិ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា កំពុងធ្វើការ​យ៉ាងសកម្ម ក្នុងការ​រៀបចំតាក់តែង​គោលនយោបាយ​សម្រាប់​វិទ្យា​សា ស្ត្រ​បច្ចេកវិទ្យា​និង​នវានុវត្តន៍​ដោយ​រួមសហការ​ជាមួយ​ក្រសួង​ស្ថាប័ន​និង​អ្នកពាក់ព័ន្ធ​ផ្សេងទៀត​។ ដើម្បី​ជំរុញ​វិស័យ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​នេះ សម្តេច​តេ​ជោ បាន​បញ្ជាក់ថា កម្ពុជា ក៏បាន​គិតគូរ ដើម្បី​ឲ្យ​ក្រសួង​អប់រំ យុវជន និង​កីឡា សកម្ម​លើកកម្ពស់​វិស័យ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា ហៅថា ស្តេ​ម (STEM) ចាប់តាំងពី​បឋមសិក្សា​រហូត​ដល់ក​ម្រិ​ត​ក្រោយ​មធ្យមសិក្សា​៕MN


#