កម្ពុជា​នឹង​ប្រារព្ធ​ទិវា​ជាតិ TVET Day លើក​ទី​២ ដែល​គេ​រំពឹងថា នឹង​ទាក់ទាញ​យុវជន​៣​ម៉ឺន​នាក់​ចូលរួម​

870
ចែករម្លែក

ដោយ​៖​ដេប៉ូ / ភ្នំពេញ​៖ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នឹង​ប្រារព្ធ​ទិវា​ជាតិ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ ឬ​ហៅថា TVET Day ជា​លើក​ទី​២ នៅ​ម​ជ្ឈ​ម​ណ្ដ​ល​ពិព័រណ៍​ពាណិជ្ជកម្ម​កោះ​ពេជ្រ រាជធានី​ភ្នំពេញ រយៈពេល​២​ថ្ងៃ​ចាប់ពី​ថ្ងៃទី​១៥-១៦ ខែមិថុនា ឆ្នាំ​២០១៩​។​

​ជាមួយ​ការ​ប្រារព្ធ​ទ​ទិវា​មួយ​នេះដែរ គេ​រំពឹងទុក​ថា នឹងមាន​អ្នកចូលរួម​ពី​វិស័យ​រដ្ឋ ឯកជន សិស្ស​និស្សិត និង​យុវជន​ប្រមាណ​ជាង ៣​ម៉ឺន​នាក់​។​

​លោក ពេ​ជ សោភ័ន រដ្ឋលេខា​ប្រចាំការ នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បានឱ្យដឹង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី ទិវា​ជាតិ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​លើក​ទី​២ នា​ទីស្ដីការក្រសួង​ការងារ កាលពី​ថ្ងៃទី​៣១ ខែឧសភា ថា ទិវា​ជាតិ TVET Day លើក​ទី​២ ឆ្នាំ​២០១៩​នេះ នឹងត្រូវ​ធ្វើឡើង​ក្រោម​ប្រធានបទ «TVET អាចធ្វើ​បាន​»​។​

​លោក​បាន​មានប្រសាសន៍ថា គោលបំណង​នៃ​ការរៀបចំ​ទិវា​ជាតិ TVET Day នេះ គឺ​ដើម្បី​រួមចំណែក​លើកកម្ពស់​វឌ្ឍន​ភាព​សង្គម​-​សេដ្ឋកិច្ចកម្ពុជា រួមមាន កត្តា​ជីវភាព​ប្រជាពលរដ្ឋ​៖ TVET គឺជា​មធ្យោបាយ​ដ៏​សំខាន់​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ ពីព្រោះ​បើ​ប្រៀបធៀប​អ្នក​ដែល​ទទួលបាន​ការបណ្ដុះ​បណ្ដាល ហើយ​មាន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​ច្បាស់លាស់ ពួកគេ​នឹង​ទទួលបាន​ប្រាក់​ឈ្នួល​ខ្ពស់ជាង​អ្នក​ដែល​ធ្វើការ​ងារ​ដោយ​គ្មាន​ជំនាញ​។ គោលនយោបាយ និង​ចក្ខុវិស័យ​ជាតិ​៖ ការអភិវឌ្ឍ និង​ការផ្សព្វផ្សាយ​វិស័យ TVET គឺជា​ឧបករណ៍​សំខាន់​ក្នុង​ការជំរុញ​ការអនុវត្ត​គោលនយោបាយ​ជាតិ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បានកំណត់​ទិសដៅ​ថា នៅ​ឆ្នាំ​២០៣០ កម្ពុជា​នឹង​ក្លាយជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ និង​នៅ​ឆ្នាំ​២០៥០ កម្ពុជា​នឹង​ក្លាយជា​ប្រទេស​មាន​ចំណូល​ខ្ពស់ ឬ​ជា​ប្រទេស​អភិវឌ្ឍន៍​។ ក្រៅពីនោះ​វិស័យ TVET ក៏​ចូលរួម​ក្នុងការ​អនុវត្ត​គោលនយោបាយ​ជាតិ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម គោលនយោបាយ​ជាតិ​ស្ដីពី​មុខរបរ និង​ការងារ គោលនយោបាយ​ជាតិ​ស្ដីពី ការអប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ សំដៅ​ធ្វើ​យ៉ាង​ប្រែក្លាយ​កម្លាំង​ពលកម្ម​ក្នុង​ទម្រង់​ជា​អតិពលកម្ម ទៅជា​កម្លាំង​ពលកម្ម​ដែលមាន​ជំនាញ​។​

​កត្តា​បដិវត្ត​ឧស្សាហកម្ម ៤.០៖ វិស័យ TVET ក៏​ជួយ​កម្ពុជា​វិ​វត្ត​ខ្លួន​ឱ្យទាន់​បដិវត្ត​សកល​ថ្មី​នេះ​ផងដែរ គឺ​ធ្វើយ៉ាងណា​ជំ​រុញឱ្យ​រោងចក្រ សហគ្រាស​នៅ​កម្ពុជា​អាច​ប្រើ​បញ្ហា​សិប្ប​និ​មិ​ត្ម មនុស្ស​យន្ត ដែល​កម្ពុជា​ត្រូវ​ចេះ​ប្រើប្រាស់​ឧបករណ៍​យន្ត​ទាំងអស់នោះ ពីព្រោះ​បើ​មិន​ពង្រឹង​វិស័យ TVET ទេ កម្លាំង​ពលកម្ម​កម្ពុជា​ប្រមាណ ៥៧​ភាគរយ នឹង​ជួប​វិបត្តិ​បាត់បង់​ការងារ ក្នុង​រយៈពេល​២​០ឆ្នាំ​ទៀត​ពុំខាន​៕ ល​