កម្ពុជា​នៅ​ជួប​បញ្ហា​កង្វះខាត​ធនធានមនុស្ស​ផ្នែក​សេវាកម្ម​ផ្នែក​ទេសចរណ៍​

1675
ចែករម្លែក

ដោយ​: ដេប៉ូ / ភ្នំពេញ​: បើទោះបី​មកដល់ពេលនេះ ប្រទេស​កម្ពុជា​មានការ​រីកចម្រើន​លើ​វិស័យ​ទេសចរណ៍​យ៉ាងណាក្តី ប៉ុន្តែ​មន្ត្រី និង​អ្នកគ្រប់គ្រង​ផ្នែក​ទេសចរណ៍ បាន​លើកឡើងថា កម្ពុជា​នៅមាន​កង្វះខាត​ធនធានមនុស្ស ទៅលើ​ផ្នែក​សេវាកម្ម​ភោជនីយដ្ឋាន ក៏ដូចជា​អាហារ​ដ្ឋា​ន​ដែលជា​ហេតុនាំឱ្យ​កម្ពុជា អាច​ទទួលរង​ផល​ប៉ះទង្គិច​នៅ​ថ្ងៃ​ខាងមុខ​។​

​ក្នុង​ពិធី​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ទេសចរណ៍ និង​លិខិតបទដ្ឋាន​គតិ​យុ​តិ្ត​ពាក់​ព័​ន្ទ​នឹង​វិស័យ​ទេសចរណ៍​កាលពី​ថ្ងៃទី​៣​ខែឧសភា​កន្លងមក លោក​បណ្ឌិត ឡី សុភាព នាយក​វិទ្យាស្ថាន​ទេសចរណ៍ និង​បដិសណ្ឋារកិច្ច​កម្ពុជា បានឱ្យដឹងថា បើ​គេ​គិតពី​ធនធានមនុស្ស​លើ​វិស័យ​ទេសចរណ៍​តាំងពី​ថ្នាក់ក្រោម​រហូតដល់​ថ្នាក់លើ​នៅមានកម្រិត​នៅឡើយ​។ ក្នុងនោះ​រាប់ទាំង​អ្នករត់​តុ ចុងភៅ​និង​អ្នកចាត់ចែង​មួយចំនួនទៀត​គេ​ឃើញថា​នៅមានកម្រិត​ទាប​។​ដោយសារតែ​នៅមានកម្រិត​បែបនេះ​លោក​ចង់ឱ្យមាន​ការបណ្តុះ​បណ្តាល​ដែល​ធ្វើឱ្យ​ការបម្រើ​សេវាកម្ម​ក៏ដូចជា​ចំណេះដឹង​តាម​ម្ចាស់​អាជីវកម្ម​នីមួយៗ​នេះ​មាន​គុណភាព​ស្របតាម​ស្តង់ដា​អន្តរជាតិ​។​

​ទោះបីយ៉ាងណា​លោក​បានលើកឡើង​ដែរ​ថា រាជរដ្ឋាភិបាល​កម្ពុជា​តែង​យកចិត្តទុកដាក់​លើ​ការពង្រឹង​សមត្ថភាព ដល់​ម្ចាស់​អាជីវកម្ម ក៏ដូចជា​វិស័យ​ទេសចរណ៍ ឱ្យ​កាន់តែ​ប្រសើរឡើង​ផងដែរ​។​

​ទាក់ទិន​ក្នុង​រឿងនេះ​ដែរ​លោក នោ​សិរី​រត្ន​ប្រធានការិយាល័យ​ឧស្សាហកម្ម​មន្ទីរ​ទេសច​រណ៍​រាជធានី​ភ្នំពេញ បានបញ្ជាក់​ឱ្យដឹងថា ម្ចាស់​អាជីវកម្ម​ទេសច​រណ៍​នៅពេល​បើក​ក្រុមហ៊ុន ត្រូវតែ​មានច្បាប់ បើ​ពុំ​នោះទេ​អាច​ទទួលរង​ការផាកពិន័យ​ធ្ងន់ធ្ងរ​ណាមួយ​ជាក់​ជាពុំខាន​។ ក្រៅពីនេះ ការសរសេរ​ឆ្លាក​ក៏ត្រូវ​គោរព​តាម​ស្តង់ដា​ផងដែរ ក្នុងនេះ​ដូចជា​អក្សរ​ខ្មែរ​ពីលើ និង​អក្សរ​បរទេស​ខាងក្រោម​ជាដើម​។​
​ ​លោ​កថា​សម្រាប់​វិស័យ​ទេសចរណ៍​ចំពោះតែ​នៅ​រាជធានី​ភ្នំពេញ​ក្នុង​មួយ​ឆ្នាំមាន​ប្រមាណ​ជាង​២​លាន​នាក់​និង​អ្នកបម្រើ​លើ​សេវា​កម្មវិស័យ​ទេសចរណ៍​នៅ​រាជធានី​ភ្នំពេញ​ដែរ​មាន​ប្រមាណ​ជាង​២​សែន​នាក់​និង​នៅ​ទូទាំងប្រទេស​មាន​ប្រមាណ​៦២​ម៉ឺន​នាក់​។​

​ដោយឡែក​ម្ចាស់​អាជីវកម្ម​លើ​វិស័យ​ទេសចរណ៍​មួយចំនួន​ក៏បាន​បញ្ជាក់ដែរថា​បើ​គេ​គិតពី​សមត្ថភាព​អ្នកបម្រើ​លើ​វិស័យ​ទេសចរណ៍​នៅមានកម្រិត​ទាប ដែល​ត្រូវការ​បណ្តុះបណ្តាល​បន្ថែម​បើ​ពុំ​នោះទេ​គុណភាព​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ពិតជា​ជួប​បញ្ហា​នៅ​ថ្ងៃ​ខាងមុខ​។​ពួកគាត់​ថា​ការបម្រើ​សេវ​កម្ម​កន្លងមក​គឺ​ពឹង​ផ្អែកលើ​ចំណេះដឹង​តៗ​គ្នា​និង​តាម​បទពិសោធន៍​មិន​ច្បាស់លាស់​ប៉ុណ្ណោះ​។​

​គួរបញ្ជាក់​ថាបើ​តាម​លោក​ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បានឱ្យដឹងថា គិត​ត្រឹម​ឆ្នាំ​២០១៧ ប្រទេស​កម្ពុជា មាន​សណ្ឋាន​គារ​ចំនួន ៧៨១​កន្លែង ខណៈ​ខេត្តសៀមរាប មាន​ចំនួន​រហូតដល់ ២២៥​កន្លែង ។ សម្រាប់​ក្នុង​ឆ្នាំ​២០១៧ កន្លងមក​ដែរ​កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​សរុប​៥.៦​លាន​នាក់ កើនឡើង​១១.៦​ភាគរយ​៕