កម្ពុជា​បង្ហាញ​ជំហរ​មិន​ប្រែប្រួល​លើ​បញ្ហា អ៊ី​ប៊ី​អេ របស់​សហភាព​អឺរ៉ុប​!

697
ចែករម្លែក

ជាថ្មី​ម្តងទៀត នៅក្នុង​ជំនួប​ជាមួយ​លោក​អគ្គនាយក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស កាលពី​ព្រឹក​ថ្ងៃទី​០៣ ខែកក្កដា ឆ្នាំ​២០១៩ សម្តេចតេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​គូសបញ្ជាក់ថា ទោះបី​កម្ពុជា​នៅតែ​ទទួលបានប្រព័ន្ធ​អនុគ្រោះ​ពន្ធ ឬ​អ៊ី​ប៊ី​អេ​(EBA) កម្ពុជា​ក៏​មិនអាច​ក្លាយជា​ប្រទេស​អ្នកមាន​បានទេ ប៉ុន្តែ​បើ​បាត់បង់ អ៊ី​ប៊ី​អេ​ក៏​កម្ពុជា​មិន​ស្លាប់​នោះដែរ​។

​ក្នុងជំនួប​នោះ​ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​លើក​អំពី​ស្តង់ដារពីរ ឬ ស្តង់ដារ បី នៅក្នុង​សហភាព​អឺរ៉ុប ពិសេស​ពាក់ព័ន្ធ​នឹង​ការត្រៀម​ដក EBA ពី​កម្ពុជាដោយ​សហភាព​អឺរ៉ុប​។

​ទោះជា​យ៉ាងណា​សម្ដេច​តេ​ជោ​បានបញ្ជាក់​ជាថ្មី​ថា ​កម្ពុជា​ត្រូវតែ​បន្ត​ពង្រឹង​ការកែទម្រង់ផ្ទៃក្នុង​របស់ខ្លួន និង​ពង្រីក​ទីផ្សារ​របស់ខ្លួនទៅកាន់​ពិភពលោក​ ហើយ​សម្ដេច​ក៏បាន គូសបញ្ជាក់ថា អង្គការ​ពាណិជ្ជកម្ម​ពិភពលោក នៅតែ​ជា​ដៃគូ​ល្អ​ជាមួយ​កម្ពុជា​ហើយកម្ពុជា​ក៏​នៅតែ​ជា​ដៃគូ​ល្អ​ជាមួយ​អង្គការ​ពាណិជ្ជ​កម្ម​ពិភពលោក​។ ការធ្វើកំណែទម្រង់ផ្ទៃ​ក្នុងនេះ កម្ពុជា​នឹង​បន្តធ្វើ​រយៈពេល​វែង​ទៅមុខទៀត ព្រោះ​កម្ពុ​ជាមាន​គោលដៅ​ប្រែ ្លាយខ្លួនជា​ប្រទេស​អភិវឌ្ឍន៍​នៅពេល​ខាងមុខ​។​

​គេ​នៅ​ចាំបាន​ថា កាលពី​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៩ សហភាព​អឺរ៉ុប បានសម្រេច​ចាប់ផ្តើម​ដំណើរការ​នីតិវិធី​ផ្អាក​ការអនុគ្រោះ​ពន្ធ ក្នុង​ផ្នែក​ពាណិជ្ជកម្ម​ដល់​ប្រទេស​កម្ពុជា ក្រោម​គម្រោងដែលមាន​ឈ្មោះថា អ្វីៗ​ទាំងអស់​លើកលែងតែ​អាវុធ (EBA)​។ ការសម្រេច​នេះ ត្រូវបាន​សហភាព​អឺរ៉ុប លើកឡើងថា ដោយសារ​កម្ពុជា​ដើរ​ថយក្រោយយ៉ាងធ្ងន់ធ្ងរ ្នុងការ​ការពារ​សិទ្ធិមនុស្ស និង​សិទ្ធិ​ការងារ នៅក្នុង​រយៈពេល ១៨​ខែ​កន្លងទៅនេះ​។​

​ប៉ុន្តែ​ចំណាត់ការ​របស់​សហភាព​អឺរ៉ុប​នេះ មិនមែនជា​ការសម្រេច​ចិត្ត​ចុងក្រោយ​ហើយក៏​មិនមែនជា​ទីបញ្ចប់​នៃ​ដំណើរ​នីតិវិធី​ដែរ​។ តែ​សហភាព​អឺរ៉ុប បញ្ជាក់ថា នាឡិកាកំពុងតែ​ដើរទៅ​មុខជា​ផ្លូវការ​ហើយ ហើយ​សហភាព​អឺរ៉ុប ត្រូវការ​ឃើញ​វិធាន​ការពិត ្រាកដ ដែល​រដ្ឋាភិបាល​កម្ពុជាអនុវត្តន៍នូវការលើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ​ការគោរពសិទ្ធិមនុស្ស និង​ការពារ​សិទ្ធិ​ការងារ ក្នុងពេល​ឆាប់ៗ​នេះ​។​

​យ៉ាងណាក៏ដោយ ឆ្លើយតប​នឹង​ចំណាត់ការ​របស់​សហភាព​អឺរ៉ុប​ខាងលើនេះ​ត្រូវបាន រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់​នូវ​ជំហរ​ច្រើនលើកច្រើនសា ក្នុងនោះ​មាន​ទាំង​ការប្ដេជ្ញា​តាំងចិត្ត​កសាង​រដ្ឋប្រជាធិបតេយ្យ​មួយ ដោយ​គោរព​សិទ្ធិ​ប្រជាពលរដ្ឋ​ទាំងអស់ ស្របតាម​គុណ​តម្លៃ និង​ប្រពៃណី​របស់ខ្លួន ប៉ុន្តែ​ក្នុង​ក្របខ័ណ្ឌ​នៃ​នីតិរដ្ឋ ដែល​គ្មាន​នរណាម្នាក់​នៅ​ពីលើច្បាប់​បានឡើយ ទោះបីជា​សកម្មជន​នយោបាយ ឬ​ជា​សមាជិក​នៃ​ក្រុម​សង្គម​ស៊ីវិល​ក្ដី​។​

​រាជរដ្ឋាភិបាល​កម្ពុជា ជឿជាក់ថា ការសម្រេចចិត្ត​របស់​សហភាព​អឺរ៉ុប​នេះ​គឺមាន ទិដ្ឋភាព​នៃ​ហេតុផល​នយោបាយ​នៅ​ពីក្រោយ ដែល​ចាប់បង្ខំ​ឱ្យ​កម្ពុជា​ធ្លាក់​ចូលទៅ ក្នុង​សមរភូមិនៃ​ភូមិសាស្ដ្រ​នយោបាយ​។ តែ​កម្ពុជា​ការពារ​ខ្លួន​ជាដាច់ខាត​ក្នុង​ជម្រើសជា​តួអង្គ បម្រើ​ភូមិសាស្ដ្រ​នយោបាយ​នេះ ទោះបីជា​ស្ថិតនៅក្នុង​សម្ពាធ ជាយថាហេតុ នៃ​រូបភាព​ណាមួយ​ក៏ដោយ​។ ពោលគឺ​កម្ពុជា មិន​យក​អធិបតេយ្យភាព​របស់ខ្លួនទៅ​ដូរ​នឹង​ជំនួយ​ឡើយ​។​

​រាជរដ្ឋាភិបាល​កម្ពុជា បានប្រកាស​ជំហរ នៅតែ​ប្រកាន់ខ្ជាប់​យ៉ាង​ម៉ឺងម៉ាត់ និង​បាន តាំងចិត្ត​យ៉ាង​មុតមាំក្នុងការ​ការពារ រក្សា​សកម្មភាព​ត្រឹមត្រូវ និង​ស្របច្បាប់​របស់ខ្លួន ំពោះ​អឺរ៉ុប ដែល​សម្រេច​ដំណើរការ​នីតិវិធីក្នុងការ​ដាក់ទណ្ឌកម្ម មកលើ​កម្ពុជា តាមរយៈ​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​។ ពីព្រោះថា កាលពី​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៩ សហភាព​អឺរ៉ុប ក៏បាន​សម្រេច​អនុវត្ត​ន៍រួចហើយនូវ​ការយកពន្ធ​លើ​ការ​នាំចូល​អង្ករ​កម្ពុជា ទៅកាន់​ទីផ្សារ​អឺរ៉ុប ក្នុង​រយៈពេល ៣​ឆ្នាំ ដោយ​មួយឆ្នាំៗ កម្ពុជា​នឹងត្រូវ​បង់ពន្ធ​ប្រមាណ ៥០​លាន​ដុល្លារ​។​

​ក៏ប៉ុន្តែ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ត្រៀម​ជើង​ព្រួល​ទុក​យូរ​ឆ្នាំ​មកហើយ​ ហើយក៏​បាន ប្រកាស​ចេញ​នូវ​វិធានការ​បន្ធូរ​បន្ថយថ្លៃ​ដើម ក្នុង​ការផលិត និង​នាំចេញ​អង្ករ​តាមរយៈ ការលុបចោល​ពន្ធ​នានា បញ្ចុះ​ថ្លៃ​ភ្លើង និង​ថ្លៃ​ដឹកជញ្ជូន ជាដើម​ដែល​សរុបទៅ​ប្រហែលជា ៥០ ទៅ ៦០​លាន​ដុល្លារ សម្រាប់​ការនាំចេញ​ស្រូវ​អង្ករ ក្នុង​មួយឆ្នាំៗ​។ ករណី EBA ក៏​ដូចគ្នា រាជរដ្ឋាភិបាល បានដាក់​ចេញ​នូវ​វិធានការ​មួយចំនួន​ដែល​រួមមាន​ការសម្រួល ដល់​ការនាំចេញ លុបចោល​ចំណាយ​មួយចំនួន និង​សម្រួល​ការដឹកនាំ​ជញ្ជូន​ជាដើម​។ ល​។ ការស្វែងរក​ទីផ្សារ​ថ្មី ក្រៅពី​អឺរ៉ុប ក៏​ត្រូវបាន​រាជរដ្ឋាភិបាល អនុវត្ត​ន៍ទន្ទឹមគ្នា​ផងដែរ​។​

​មួយវិញទៀត កម្ពុជា​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ក៏​ធ្លា​ប់រង​នូវ ទណ្ឌកម្ម និង​ការហ៊ុមព័ទ្ធ​សេដ្ឋកិច្ច ចាប់តាំងពី​ផ្តួលរំលំ​របប​ខ្មែរក្រហម ថ្ងៃ​៧​មករា ឆ្នាំ​១៩៧៩​។ តែ​កម្ពុជា បាន​កសាង និង​អភិវឌ្ឍន៍​ប្រទេស​ក្រោម​ការដឹកនាំ​របស់ គណបក្ស​ប្រជាជន​កម្ពុជា ពី​បាត​ដៃទទេ រហូតដល់​មានការ​រៀបចំ​ការបោះឆ្នោត និង​ការអភិវឌ្ឍ មកដល់​សព្វថ្ងៃ​។

​ដូច្នេះ​រាជរដ្ឋាភិបាល​កម្ពុជា បាន​តាំងចិត្ត​កសាង​រដ្ឋ​អធិបតេយ្យ​មួយ​ដោយ​គោរព​សិទ្ធិ ប្រជាពលរដ្ឋ និង​មតិ​ភាគច្រើន ស្របតាម​គុណ​តម្លៃ និង​ប្រពៃណី​កម្ពុជា​ក្នុង​ក្របខ័ណ្ឌ នៃ​នីតិរដ្ឋ ដែល​គ្មាន​នរណាម្នាក់ស្ថិតនៅលើ​ច្បាប់​បានឡើយ​ទោះបីជា​សកម្មជននយោបាយ​ក្តី ឬ​ជា​សមាជិក​នៃ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ក្តី​។ ពោលគឺ​កម្ពុជា​មិន​ឱនក្បាល មិន​ចុះ​ញ៉ម មិន​លក់​អធិបតេយ្យ​ជាតិ ដើម្បី​ជា​ថ្នូរ​នឹង​ជំនួយ​បរទេស​នោះឡើយ​៕ ដោយ​:​ម៉េង​ឆៃ​/Ha