កម្ពុជា​បញ្ចប់​សេចក្តីព្រាង​ច្បាប់​ប្រកួតប្រជែង​នៅ​ឆ្នាំនេះ​

695
ចែករម្លែក

ដោយ : ពៅ និមល​
​ភ្នំពេញ :
មន្ត្រីជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​បាន​ឲ្យ​ដឹងថា សេចក្តីព្រាងច្បាប់​ប្រកួតប្រជែង​កម្ពុជា គ្រោង​នឹង​បញ្ចប់​នៅក្នុង​ឆ្នាំ​២០១៩​នេះ ខណៈដែល​ច្បាប់​នេះ​រងចាំ​ក្រុមការងារ​តាក់តែង​ច្បាប់ នៃ​ក្រសួងពាណិជ្ជកម្ម ប្រជុំពិភាក្សា​ជាមួយ​ក្រសួងយុត្តិធម៌ មុននឹង​សម្រេច​បញ្ជូនទៅ​កិច្ចប្រជុំពេញអង្គ នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​។​

​លោក គឹម មាស​សុខ​សីហា អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល និង​ជាទី​ប្រឹក្សា​ក្រសួងពាណិជ្ជកម្ម នៅក្នុង​វគ្គ​បណ្តុះបណ្តាល​កម្រិត​មូលដ្ឋាន ស្តីពី​សេដ្ឋកិច្ច​និង​ការប្រកួតប្រជែង នា​ព្រឹក​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៩ បាន​បញ្ជាក់ថា ច្បាប់​ប្រកួតប្រជែង​សរុប​មាន​៧​ជំពូក ៨៨​មាត្រា មាន​គោលបំណង​លើកទឹកចិត្ត​ឲ្យ​មាន​ទំនាក់ទំនង​ធុរកិច្ច ដោយ​ស្មើភាព​និង​ស្មោះត្រង់​, បង្កើត​ប្រសិទ្ធភាព​សេដ្ឋកិច្ច ព្រមទាំង​ជំរុញ​ឲ្យ​មានការ​បង្កើត​ធុរកិច្ច​ថ្មីៗ​, ការពារ​សេដ្ឋកិច្ចជាតិ​ពី​ផលប៉ះពាល់ ដែល​បណ្តាលមកពី​សក​ម្ម​ភាព​ប្រកួតប្រជែង​បំពាន​ច្បាប់ និង​ជួយ​អ្នកប្រើប្រាស់​ឲ្យ​ទទួលបាន​ទំនិញ​និង​សេវា​មាន​គុណភាព​ខ្ពស់ ថ្លៃ​ទាប សម្បូរបែប និង​មាន​ជម្រើស​ច្រើន​។ លោក​ឲ្យ​ដឹង​ទៀតថា ប្រទេស​កម្ពុជា​បានរៀបចំ​ច្បាប់​នេះ ប្រកបដោយ​ការយកចិត្តទុកដាក់​និង​ប្រុងប្រយ័ត្ន​ខ្ពស់​ព្រោះថា ក្នុង​ដំណើរការ​តាក់តែង​នេះ ក្រសួងពាណិជ្ជកម្ម​បាន​ធ្វើ​កិច្ច​ពិគ្រោះ​យោបល់​ជាច្រើនលើក​ច្រើនសារ ជាមួយ​ភាគី​ពាក់ព័ន្ធ និង​ដោយមាន​ការចូលរួម​ពី​ជំនាញការ​អន្តរជាតិ​ផងដែរ​។​

​ទាក់ទិន​ច្បាប់​ខាងលើ​នេះដែរ លោក Frank Tibitanzl នាយក​គម្រោង​កម្មវិធី COMPETE នៃ​អង្គការ​សង្គមកិច្ច​សម្រាប់​កិច្ចសហប្រតិបត្តិការ​អា​ល្លឺ​ម៉​ង់ (GIZ) បាន​លើកឡើងថា ដើម្បី​បង្កើន​នូវ​ការយល់ដឹង​ផ្នែក​ប្រកួតប្រជែង ក៏ដូចជា​ពង្រឹង​នូវ​ចំណេះដឹង​ផ្នែក​វិភាគ​សេដ្ឋកិច្ច​ជូន​ដល់​មន្ត្រី​កាំកុងត្រូល ដែល​នៅពេល​អនាគត​នឹងត្រូវ​អនុវត្ត​ច្បាប់​ប្រកួតប្រជែង​នេះ​។
​វគ្គ​បណ្តុះបណ្តាល​នាពេលនេះ​នឹង​ផ្តល់​ចំណេះដឹង​បន្ថែម​ដល់​អ្នកចូលរួម​ទាំងអស់​អំពី​សារៈសំខាន់​នៃ​ច្បាប់​ប្រកួតប្រជែង និង​ការសិក្សា​ទីផ្សារ​ដោយយោង​លើ​ការវិភាគ​សេដ្ឋកិច្ច ដែលជា​មូលដ្ឋានគ្រឹះ​យ៉ាងសំខាន់​ក្នុងការ​បំពេញ​នូវ​កាតព្វកិច្ច​របស់ខ្លួន​។

​វគ្គ​បណ្តុះបណ្តាល​កម្រិត​មូលដ្ឋាន ស្តីពី​សេដ្ឋកិច្ច​និង​ការប្រកួតប្រជែង រៀបចំឡើង​ក្នុង​គោលបំណង​ការកំណត់​អំពី​អំណាច​ទីផ្សារ ក៏ដូចជា​ការកំណត់​អត្តសញ្ញាណ​នៃ​បទល្មើស​កាតែល និង​ការព្រមព្រៀង​ខ្សែរ​ដេក​មិន​ស្របច្បាប់​ដទៃទៀត​ដែល​អាច​បង្ក​ជា​បទល្មើស​ប្រកួតប្រជែង ដោយ​ប្រព្រឹត្តទៅ​រយៈពេល​០៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​១០ ដល់​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៩៕ ល​