កម្ពុជា​បញ្ជូន​ពល​ការិនី​១៤​នាក់ ទៅ​បម្រើការ​ជា​ជំនួយការ​មេផ្ទះ​នៅ​ហុងកុង​លើកដំបូង

388

(​ភ្នំពេញ​) ៖ បន្ទាប់ពី​ចុះ​អនុស្សរណៈ​បញ្ជូន និង​ទទួល​ពលករ​កម្ពុជា​ទៅ​បម្រើ​ការងារ​ជា​ជំនួយការ​មេផ្ទះ នៅ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង ឲ្យ​បាន​១​ពាន់​នាក់ នៅ​ឆ្នាំ​២០១៨ កាលពីពេល​កន្លងទៅ​រួច​មក ភាគី​កម្ពុជា​បាន​បញ្ជូន​ពល​ការិនី​ចំនួន​១៤​នាក់ ជា​ជំហាន​ដំបូង​សិន​។ នេះ​បើតាម​លោក ងុ​យ រិ​ទ្ធ អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​ការងារ នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។​
​ ​
​មុនពេល​បញ្ជូន​ពលកា​រិ​នី​ឡើង​យន្តហោះ​ចាក​ចេញពី​កម្ពុជា​ឆ្ពោះទៅ​ហុងកុង​នោះ លោក ងុ​យ រិ​ទ្ធ​បាន​ឲ្យ​ដឹងថា​ពល​ការិនី​ទាំង​១៤​នាក់​​ខាងលើ ត្រូវ​ចេញដំណើរ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នា​រសៀល​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៧ ជាមួយ​ការ​អមដំណើរ​ពី​មន្ត្រីរាជការ នៃ​ក្រសួង​ការងារ​ផងដែរ​។​
​ ​
​លោក​បន្តថា មុន​ការចេញដំណើរ​នេះ ពល​ការិនី​កម្ពុជា​ខាងលើ បានទទួល​ការបណ្ដុះបណ្ដាល​ពី​ជំនាញ​ការងារ ផ្នែក​ជំនួយការ​មេផ្ទះ ភាសា និង​របៀបរបប​មួយចំនួន រយៈពេល​៣​ខែ ដើម្បី​តម្រង់ទិស​បណ្ដើរៗ​ពី​ជីវភាព​រស់នៅ នៅ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​នោះ​។​
​ ​
​លោក​បន្ថែមថា អាណត្តិ​ការងារ​ជំនួយការ​មេផ្ទះ​នៅ​ហុងកុង មាន​រយៈពេល​២​ឆ្នាំ ប៉ុន្តែ​ដល់ពេល​បញ្ចប់​អាណត្តិ​ការងារ​បើសិន​មាន​​ការព្រមព្រៀង​ពី​និយោជក​ទៀត ពល​ការិនី​អាច​បន្ត​អាណត្តិ​ការងារ​ទៀត​បាន​។ ប្រាក់​ឈ្នួល​អប្បបរមា​ដែល​ទទួលបាន​ចាប់ពី​៥៧០​ដុល្លារ​ឡើងទៅ រួមទាំង​អត្ថប្រយោជន៍​មួយចំនួនទៀត ដូចជា លក្ខខណ្ឌ​ការងារ និង​ការធានារ៉ាប់រង​ផ្សេងៗ​ល្អប្រសើរ ទាំង​ផ្នែក​សុខភាព ការឈប់​សម្រាក និង​ការការពារ​សិទ្ធិ​ប្រយោជន៍ ពោល​ដូច​ទៅនឹង​កម្មករ​-​កម្មការិនី​ហុងកុង និង​ពលករ​-​ពល​ការិនី​ជនជាតិ​ដទៃ​ផងដែរ​។​
​ ​
​សម្រាប់​ការបញ្ជូន​ពល​ការិនី​បន្ត ត្រូវបាន​លោក ងុ​យ រិ​ទ្ធ បញ្ជាក់ថា នឹងធ្វើ​ឡើងជា​បន្តបន្ទាប់​ទៀត ដោយ​អាស្រ័យ​លើ​ការជ្រើសរើស ការបណ្ដុះបណ្ដាល និង​តម្រូវការ​ជាក់ស្ដែង​រប​ស់​និយោជក​នៅ​ហុងកុង​។​
​ ​
​លោក​បាន​គូសបញ្ជាក់ថា បើតាម​ការគ្រោងទុក​នៅ​ឆ្នាំ​២០១៨ កម្ពុជា​បាន​ព្រមព្រៀង​ជាមួយ​ហុងកុង បញ្ជូន​ពល​ការិនី​កម្ពុជា​ទៅ​ហុងកុង ឲ្យ​បាន​១​ពាន់​នាក់ ខណៈ​តម្រូវការ​ទីផ្សារការងារ​នៅ​ហុងកុង​មាន​ច្រើនជាង​នេះ​ប៉ុន្តែ​កម្ពុជា​មិនអាច​ផ្ដល់​កម្លាំង​ពលកម្ម​ទៅបាន​ច្រើន​​ជាង​នេះ​ទេ ព្រោះ​ត្រូវ​ការចំណាយ​ពេលវេលា ក្នុងការ​ជ្រើសរើស បណ្ដុះបណ្ដាល​ទៅតាម​ស្ដង់ដារ និង​ការងារ​ពាក់ព័ន្ធ​នានា​៕​ដោយ​៖​វិបុល​/sn