កម្ពុជា​បាន​ឆ្លងកាត់​ប្រវត្តិសាស្ត្រ​ដ៏​ក្រៀមក្រំ​តែ​បច្ចុប្បន្ន​មាន​សន្តិភាព​និង​មានការ​អភិវឌ្ឍន៍​រឹងមាំ​

1166
ចែករម្លែក

មូល​សម្បត្តិ​/​ភ្នំពេញ​:​មហោស្រព​កម្ពុជា​ឆ្នាំ​២០១៩ (Cambodia Festival 2019) នៅ​ទីក្រុង​តូ​ក្យូ ជប៉ុន បាន​នឹង​កំពុង​ចាប់ផ្តើម​ពីថ្ងៃ​ទី​៣-៤ ខែឧសភា ឆ្នាំ​២០១៩ នៅ​សួន Yoyogi នៅ​ទីក្រុង​តូ​ក្យូ ក្រោម​កិច្ចសហការ​រៀបចំ​ដោយ​ក្រសួងទេសចរណ៍​កម្ពុជា ក្រសួង​វប្បធម៌ វិចិត្រសិល្បៈ ក្រសួងពាណិជ្ជកម្ម​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ជប៉ុន​ហើយ​ដែល​ពិធី​បើក​មានការ​ចូលរួម​ពី​សំណាក់ លោក Kenji YAMADA អនុរដ្ឋមន្ត្រី​នៃ​ក្រសួងការបរទេស​ជប៉ុន​។

​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​។ លោក Masahiro Imamura ប្រធាន​សម្ព័ន្ធ​មិត្តភាព​សភា​ជប៉ុន​-​កម្ពុជា​។ លោក អ៊ុង រចនា ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​ប្រទេស​ជប៉ុន​,​។ លោក Fumiaki TAKAHASHI អតីត​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ។​លោក Yuji Kumamaru អតីត​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​,​លោក​លោកស្រី​តំណាង​អង្គទូត​នៃ​បណ្តា​ប្រទេស​សមាជិក​អាស៊ាន បងប្អូន​ប្រជាពលរដ្ឋ សិស្ស និស្សិត​ខ្មែរ និង​ភ្ញៀវ​មិត្ត​ជប៉ុន​យ៉ាងច្រើន​កុះករ​។​

​ថ្លែង​ក្នុង​មហោស្រព​លោក​MasahiroImmamura​បាន​គូសបញ្ជាក់ថា​៖«​ខ្ញុំ​សូម​អបអរសាទរ​ការរៀប​ចំ​ពិព័រណ៍​កម្ពុជា​ក្រោម​អាកាសធាតុ​ល្អ​។ កម្មវិធី​នេះ​បានរៀបចំ​ឡើង​នៅ​ដើម​រជ្ជកាល​រ៉េ​វ៉ា​ក់ ដែល​គួរឱ្យ​ចងចាំ​។ ខ្ញុំ​សូម​អរគុណ​ចំពោះ​ក្រុមការងារ​រៀបចំ​ពិព័រណ៍​នេះ​។

​ឆ្នាំមុន​ជា​ខួប​លើក​ទី​៦៥​នៃ​បង្កើត​ទំនាក់ទំនង​ការទូត​ជប៉ុន​កម្ពុជា​ដែលមាន​កម្មវិធី​ផ្លាស់ប្តូរ​ទំនាក់ទំនង​រវាង​ជប៉ុន​និង​កម្ពុជា​ជាច្រើន​។​ការិយាល័យ​កុងស៊ុល​ជប៉ុន​ប្រចាំ​ទីក្រុង​សៀមរាប​ដែលជា​ក្រុង​ប្រវត្តិសាស្ត្រ​មាន​អង្គរវត្ត​ត្រូវបាន​ដាក់ឱ្យ​សម្ពោធ​ដំណើរការ​ជា​ផ្លូវការ​នៅ​ឆ្នាំមុន​។

​យន្តហោះ​ត្រង់​រវាង​តូ​ក្យូ ភ្នំពេញ ក៏​ដំណើរ​ការល្អ​ដែរ​។ លោក អឹង រចនា ក៏បាន​ធ្វើ​សកម្មភាព​ជាច្រើន ហើយ​ខែឧសភា​ខាងមុខនេះ​ក៏មាន​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន​មកកាន់​ប្រទេស​ជប៉ុន​ជាថ្មី​ផងដែរ​។​ក្នុងនាម​ជា​តំណាង​ប្រធាន​សម្ព័ន្ធ​ខ្ញុំ​មាន​ក្តីរំភើប​ដែល​នឹង​បានទទួល​ស្វាគមន៍​សម្តេច​តេ​ជោ​ជាថ្មី​»​។​

លោក​បន្ថែមថា​«​ប្រទេស​កម្ពុជា​បាន​ឆ្លងកាត់​ប្រវត្តិសាស្ត្រ​ដ៏​ក្រៀមក្រំ​ហើយ​ទទួល​ការអភិវឌ្ឍន៍​រឹងមាំ​នាពេល​បច្ចុប្បន្ន​។​ប្រទេស​ជប៉ុន​បាននិងកំពុង​ជំរុញ​នូវ​ការបង្កើត​ឱកាស​មួយ​សម្រាប់​ជនជាតិ​បរទេស​ដើម្បី​រៀន សូត្រ​ឬក៏​ធ្វើការ​។​

មាន​សេចក្តី​រីករាយ​ណាស់​ប្រសិនបើ​ជនជាតិខ្មែរ មក​រៀន ឬ​មក​ធ្វើការ បានទទួល​ចំណេះដឹង ក៏ដូចជា​បទពិសោធន៍​ពី​ប្រទេស​ជប៉ុន ត្រឡប់​ទៅ​ស្រុក​ខ្មែរ​វិញ ហើយ​ប្រើប្រាស់​សម្រាប់​ជា​ប្រយោជន៍​ដល់​កម្ពុជា​។​ទាំងអស់គ្នា​សូម​បន្ត​ចូលរួមចំណែក​ក្នុងការ​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​ជប៉ុន កម្ពុជា ហើយ​បាន​ខ្លាំងក្លា​ថែមទៀត​ចាប់ពីពេលនេះ​តទៅ​»​។​

​គួរកត់សម្គាល់​ផងដែរ​ថា ឆ្នាំ​២០១៩ នេះ​ជា​ខួប​លើក​ទី​៦៦ នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ កម្ពុជា និង​ជប៉ុន ហើយ​បច្ចុប្បន្ន​ជប៉ុន​មិនមែន​មាន​ត្រឹមតែ​ស្ថានទូត​នៅ​រាជធានី​ភ្នំពេញ​ប៉ុណ្ណោះ​ទេ តែ​ក៏មាន​ស្ថាន​កុងស៊ុល​នៅ​ខេត្តសៀមរាប​អង្គរ​ផងដែរ​។​

​កាលពី​ឆ្នាំ​២០១៨​កន្លងទៅនេះ កម្ពុជា​ទទួលបាន​ទេស​ចរ​អន្តរជាតិ​ជាង ៦.២​លាន​នាក់ ក្នុង​កំណើន ១០.៧​ភាគរយ​។​ក្នុងនោះ​ទេសចរ​ជប៉ុន​មាន​ចំនួន​ជាង ២១​ម៉ឺន​នាក់ ក្នុង​កំណើន ៣.៥​ភាគរយ​។​២​ខែ​ដើមឆ្នាំ​២០១៩ នេះ កម្ពុជា​ទទួលបាន​ទេស​ចរ​អន្តរជាតិ​ជាង ១,២ លាន​នាក់​។

ក្នុងនោះ​ទេសចរ​ជប៉ុន​ជិត​៤​ម៉ឺន​នាក់​ក្នុង​កំណើន​៣.១​ភាគរយ​។​ទេសចរ​ជប៉ុន​តែង​ស្ថិតក្នុង​ចំណោម​ប្រភព​ទីផ្សារ​ទេសចរណ៍​ធំៗ​ទាំង​១០​របស់​កម្ពុជា​។​ឆ្នាំ​២០១៩​នេះ​កម្ពុជា​រំពឹងថា​នឹង​ទទួលបាន​ទេសចរ​ជប៉ុន​ប្រមាណ​ជាង ២៣ ម៉ឺន​នាក់​៕S/​