កម្ពុជា​បាន​ត្រៀមខ្លួន​ជាស្រេច ក្រោយ​សហភាព​អឺរ៉ុប​ប្រកាស​ផ្អាក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា​

450
ចែករម្លែក
  • 2.6K
    Shares

ដោយ​: ពៅ និមល / ភ្នំពេញ​: ក្រោយ​សហភាព​អឺរ៉ុប​បានប្រកាសថា​ចាប់ផ្តើម​នីតិវិធី​ផ្អាក​ ប្រព័ន្ធអនុគ្រោះពន្ធអ្វីៗទាំងអស់លើកលែងតែអាវុធឬអ៊ីប៊ីអេ (Everything But Arms) ពី​កម្ពុជា​ជា​បណ្តោះអាសន្ន​សម្រាប់​ការ​នាំចូល​ទំនិញ​គ្រប់​ប្រភេទ​ចូលទៅ​កាន់​ទីផ្សារ​អឺរ៉ុប​។ មន្ត្រី​អ្នកនាំពាក្យ ក្រសួងពាណិជ្ជកម្ម​បាន​លើកឡើងថា បញ្ហា​នេះ​រដ្ឋាភិបាល​កម្ពុជា​បានដឹង​ជាមុន ហើយ​ក្រសួងពាណិជ្ជកម្ម ក៏ដូចជា​វិស័យ​នានា​ក៏បាន​រៀបចំ​យុទ្ធសាស្ត្រ ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​ធ្វើ​យ៉ាងម៉េច​ពង្រឹង​ភាព​ប្រកួតប្រជែង និង​ផលិតផល​ដែល​នាំចេញ​ជាដើម​។​

​ប្រាប់​កាសែត​រស្មី​កម្ពុជា​កាលពី​ព្រឹក​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៩ តាម​ទូរស័ព្ទដៃ លោក ឡុង កែម​វិចិត្រ មន្ត្រី​អ្នកនាំពាក្យ​នៃ​ក្រសួងពាណិជ្ជកម្ម បាន​លើកឡើងថា ពេលនេះ​យើង​កំពុងតែ​រៀបចំ​យុទ្ធសាស្ត្រ​ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​ទៅលើ​ការដក អ៊ី​ប៊ី​អេ រួចហើយ ខណៈដែល​កន្លងមក​យើង​ក៏បាន​ធ្វើការ​ជាមួយ​សហគមន៍​អឺរ៉ុប​ស៊ីជម្រៅ និង​ច្រើន​ផងដែរ​លើ​ការងារ​ទាំងនេះ​។ ញ្ចឹ​ង​ហើយ អ្វីដែល​យើង​រំពឹងទុក​និង​រងចាំ គឺ​សេចក្តីសម្រេច​ដែល​ទើប​ទទួលបាន​តាម​សេចក្តីប្រកាស​ព័ត​របស់​ភាគី​សហភាព​អឺរ៉ុប​។ លោក​បាន​បន្តថា បញ្ហា​នេះ មិនមែនជា​រឿង​ដែល​រដ្ឋាភិបាល​មិនបាន​ដឹង​ជាមុន​នោះទេ តាមពិត​គឺ​បាន​រំពឹងទុក​ថា សេចក្តីសម្រេច​នឹង​ចេញ​ជា​យ៉ាងណា​ទើប​យើង​បន្ត​នីតិវិធី​ទៀត​។​

​លោកអ្នក​នាំពាក្យ​បានលើកឡើង​បន្តថា “​ដោយសារ អ៊ី​ប៊ី​អេ មាន​ពាក់ព័ន្ធ​ផលិតផល​ដទៃទៀត ដែល​មិនមែន​តែ​ផលិតផល​តែមួយ​ទេ ញ្ចឹ​ង​ហើយ​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​គឺ​ពង្រឹង​ផលិតភាព​របស់​ខ្លួនឯង​ដដែល គឺ​ផលិតភាព​និង​ភាព​ប្រកួតប្រជែង​របស់​ផលិត​ក្នុងស្រុក​ដើម្បី​អាច​ប្រកួតប្រជែង បើទោះបីជា​មានការ​អនុគ្រោះ​ពន្ធគយ ឬក៏​មិនមាន​អនុគ្រោះ​ពន្ធ​ក៏ដោយ​”​។ លោក​បន្តទៀតថា ផលប៉ះពាល់​គង់តែ​មាន តែ​យើង​ក៏បាន​ត្រៀម​ទុកជាមុន​ហើយ​ដែរ ព្រោះថា​ជា​យុទ្ធសាស្ត្រ​កន្លងមក ក៏ដូចជា​យុទ្ធសាស្ត្រ​ដំណាក់កាល​ទី​៤ យើង​បាន​ប្រមើល​ទុក​ថា គង់​តែមាន​ថ្ងៃមួយ​ការអនុគ្រោះ​ពន្ធគយ​នានា​នឹង​បាត់បង់ ដោយសារ​ការអភិវឌ្ឍ​ន៍​ប្រទេសជាតិ​ទៅមួយ​កម្រិត​ទៀត ដូច្នេះហើយ​នេះ​មិនមែនជា​អ្វីដែល​យើង​មើលមិនឃើញ​នោះទេ ហើយ​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ ក៏​រៀបចំ​ជា​ចំណុច​សំខាន់ៗ​ដែល​យើង​ត្រូវ​ពង្រឹង​ខ្លួនឯង ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់ មិន​ត្រឹមតែ​មកពី​ការដក អ៊ី​ប៊ី​អេ ទេ គឺ​ផលប៉ះពាល់​ទាំងឡាយ​ដែល​នឹង​អាច​នាំមក​នៅពេលដែល​យើង​អភិវឌ្ឍន៍​ប្រទេសជាតិ​ទៅមួយ​កម្រិត​ទៀត​។​

​កាលពី​ល្ងាច​ថ្ងៃទី​១១ ខែកុម្ភៈ​ម្សិលមិញ​នេះ គណៈកម្មការ​អឺរ៉ុប​បានចេញ​សេចក្តីជូនដំណឹង​ថា សហភាព​អឺរ៉ុប​បានចាប់ផ្តើម​នីតិវិធី​ផ្អាក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ អ៊ី​ប៊ី​អេ ពី​កម្ពុជា​ជា​បណ្តោះអាសន្ន​សម្រាប់​ការ​នាំចូល​ទំនិញ​គ្រប់​ប្រភេទ​ចូលទៅ​កាន់​ទីផ្សារ​អឺរ៉ុប​។ គួរ​រម្លឹក​ទៀតថា កាលពី​ឆ្នាំ​២០១៨ កម្ពុជា​បាន​នាំ​ទំនិញ​ចេញទៅ​កាន់​ទីផ្សារ​សហគម​ន៍​អឺរ៉ុប​មាន​ចំនួន​៤.៩​ពាន់​លាន​ដុល្លារ​។ ផលិតផល​កាត់ដេរ បន្លែ​និង​ម្ហូបអាហារ និង​ចក្រយាន​មាន​ទំហំ​រហូតដល់​៩៩​ភាគរយ នៃ​ទំនិញ​សរុប​ដែល​កម្ពុជា​នាំចេញ​ទៅកាន់​ទីផ្សារ​អឺរ៉ុប ក្នុងនោះ​តម្លៃ​នៃ​ទំនិញ​គិត​ជា​ទឹកប្រាក់ សរុប​មាន​ចំនួន​ប្រមាណ​៤.៨​ពាន់​លាន​ដុល្លារ​អាម៉េរិក ស្ថិតនៅក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ អ៊ី​ប៊ី​អេ​៕ ល​