កម្ពុជា​បើក​កិច្ចប្រជុំ​បូកសរុប ការស៊ើបអង្កេត​លើ​ប្រភពដើម​ឧបករណ៍ លើកដាក់​ទំនិញ ប្រើ​ដោយ​ដៃ​

173

(​ភ្នំពេញ​) : នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម កាលពីពេល​កន្លងទៅនេះ បានរៀបចំ​កិច្ច ប្រជុំ​មួយ​ស្តីពី​ការស៊ើបអង្កេត​លើ​ប្រភពដើម​​ឧបករណ៍​លើកដាក់​ទំនិញ​ប្រើ​ដោយ​ដៃ (Hand Pallet Trucks) ដែល​បាន​នាំ​ចេញពី​កម្ពុជា ទៅកាន់​ទីផ្សារ​សហភាព​អឺរ៉ុប ជាមួយ​ក្រុមការងារ​បេស​កក​ម្ម មកពី​ការិយាល័យ​ប្រឆាំង​ការ​ក្លែងបន្លំ​របស់​សហភាព​អឺរ៉ុប (European Anti-Fraud Office) ហៅ​កាត់​ថា (OLAF))​។​

​នៅក្នុង​កិច្ចប្រជុំ​នោះ លោក ឱក ប៊ុង រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម បាន​លើក ឡើង​ថា កិច្ចប្រជុំ​នេះ រៀបចំឡើង​បន្ទាប់ពី​ក្រុម​​ការងារ OLAF និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​កម្ពុជា បាន​ចុះ​ស៊ើបអង្កេត​លើ​ការនាំចេញ​ផលិតផល​លើកដាក់​ទំនិញ​ដោយ​ដៃ​របស់​​កម្ពុជា​ទៅកាន់​ទីផ្សារ​សហភាព​អឺរ៉ុប ហើយ​ត្រូវ​ជាប់​សង្ស័យថា មាន​ប្រភពដើម​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ដោយ​គ្រាន់តែ​ដឹក​​ជញ្ជូន​ឆ្លងកាត់​កម្ពុជា ដោយ​ប្រើប្រាស់​វិញ្ញាបនបត្រ​អនុគ្រោះ​ពន្ធ បញ្ជាក់​ប្រភពដើម​ទំនិញ ។​

​ឆ្លៀត​ក្នុងឱកាស​នោះ លោក​រដ្ឋលេខាធិការ បាន​ស្វាគមន៍​ចំពោះ​ការស៊ើបអង្កេត​ប្រឆាំង​បទល្មើស​គេចពន្ធ​គយ​និង​ពន្ធ​ប្រឆាំង​ការ​បង្ខូច​​ថ្លៃ ដែល​នឹងមិន​គាំទ្រ​ដាច់ខាត​នូវ​ការធ្វើ​ពាណិជ្ជ​ទុច្ចរិត​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ជាពិសេស​នាំ​ឲ្យ​សហ​គ​​មន៍​អន្តរជាតិ សម្លឹង​ឃើញ​កម្ពុជា ក្នុង​ផ្លូវ​អវិជ្ជមាន ដោយសារ​អ្នកប្រព្រឹត្ត​បទល្មើស​ពាណិជ្ជកម្ម​មួយក្រុម​តូច​ហើយ​ប៉ះពាល់​ដល់​អត្ថ​ប្រ​​យោជន៍ សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងមូល​នោះទេ​។​

​លោក​បាន​គូសបញ្ជាក់ថា កម្ពុជា​បាន​ខិតខំ​តម្រង់ទិស​អ្នក​នាំចេញ​ទាំងអស់ ឲ្យ​ប្រកាន់ខ្ជាប់​នូវ ល័ក្ខខ័ណ្ឌ​តម្រូវ នៃ​វិធាន​ប្រភពដើម ក្នុងន័យ​ធានា​ភាពត្រឹមត្រូវ​តាមច្បាប់​ពាណិជ្ជកម្ម​ជាតិ និង​អន្តរជាតិ សំដៅ​រក្សា​ឲ្យ​បាន​នូវ​ការទាក់ទាញ​វិនិយោគ ពី​បរទេស សម្រាប់​បង្កើត​ការងារ​រាប់សែន​កន្លែង​ដល់​ពលរដ្ឋ​កម្ពុជា​។​

​ក្រោយពី​ចុះ​ស៊ើបអង្កេត អស់​រយៈពេល​៨​ថ្ងៃ​កន្លងមក ស្ថិតនៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ក្រុង​ព្រះ​សី​-​ហ​នុ លោកស្រី អេ​ណា ម៉ា​រី សូ​ឡា​ណូ ( Ana Maria S. Solano) ប្រធាន​ប្រតិភូ​ដឹកនាំ​ក្រុម​ស៊ើបអង្កេត បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​មន្ត្រី​ក្រសួងពាណិជ្ជកម្ម និង​អាជ្ញាធរ​កម្ពុជា ពាក់​ពាក់ព័ន្ធ​ទាំងអស់ ដែល​បានផ្តល់​កិច្ចសហការ រដ្ឋបាល និង​ឯកសារ​ដែល​ចាំបាច់​ប្រកបដោយ​តម្លាភាព ដើម្បី​ក្រុមការងារ​មាន​មូលដ្ឋាន​ធ្វើការ​វិភាគ និង​វាយ តម្លៃ​មុន​ធ្វើ​សេចក្តីសន្និដ្ឋាន​៕​ដោយ : ពៅ និមល​/sn

ថតរូប​អនុស្សាវរីយ៍​ក្រោយ​ចប់​កិច្ចប្រជុំ ស្តីពី​ការស៊ើបអង្កេត​លើ​ប្រភពដើម​ឧបករណ៍​លើកដាក់​ទំនិញ ប្រើ​ដោយ​ដៃ​