កម្ពុជា​ប្រកាន់​ជំហ​រឹងមាំ​ចំពោះ​គោលការណ៍​ការពារ​អធិបតេយ្យ និង​ឯករាជ្យ​ជាតិ​

821
ចែករម្លែក

ក្នុង​រយៈពេល​ពេញ​មួយ​សប្តាហ៍ បេសកកម្ម​ស្វែងរក​ការពិត​របស់​គណៈកម្មកា​រ​អឺរ៉ុប និង​តំណាង​សហភាព​អឺរ៉ុប ទទួលបន្ទុក​គោលនយោបាយ​ការបរទេស និង​សន្តិសុខ បាន​ស្ថិតនៅ​ក្នុងប្រទេស​កម្ពុជា ដើម្បី​ធ្វើ​ការងារ​ជាមួយ​ភាគី​កម្ពុជា​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធអនុគ្រោះ​ពន្ធ «​មុខទំនិញ​គ្រប់យ៉ាង លើកលែងតែអាវុធ​» ហៅ​កាត់​ថា អ៊ី​ប៊ី​អេ​(EBA) ។ មន្ត្រីជាន់ខ្ពស់​កម្ពុ​ជាមួយ​ចំនួន​ត្រូវ​ជួបពិភាក្សា​ការងារ​ជាមួយ​ក្រុម​បេសកកម្មនេះ ដើម្បី​ធ្វើការ​ពន្យល់​បកស្រាយ​អំពី​អ្វី ដែល​គេ​ហៅថា ជា​ក្តី​ព្រួយបារម្ភ​យ៉ាង​ក្រៃលែង​អំពី លំហ​ប្រជា​ធិ​បតេ​យ្យ និង​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា ។ នេះ​ជា​លើក​ទី​២​ហើយ ដែល​ក្រុម​បេសកកម្ម​ស្វែងរក​ការពិត​របស់ សហភាព​អឺរ៉ុប​បានមក​កម្ពុជា ដើម្បី​ពិភាក្សា អំពី​រឿង​ដដែល​ជា​ដដែល​នេះ ។
​ ​
​ប៉ុន្តែ​អ្វីដែល​គួរកត់សម្គាល់​គឺ មុនពេល និង​ក្នុងពេលដែល​ក្រុម​បេសកកម្ម​ស្វែងរក​ការពិត បំពេញការងារ​នៅ​កម្ពុជា គេ​ឃើញ​មានការ​លេចចេញ​នូវ​ការឃោសនា​ជាច្រើន ដើម្បីមួលបង្កាច់​អំពី​សភាពការណ៍​ពិត​នៅ​កម្ពុជា ។ អ្នកស្រី មួរ សុខ​ហួរ មនុស្ស​ម្នាក់​ក្នុងចំណោម​មនុស្ស​មួយ​ក្តាប់​តូច ដែល​ធ្លាប់​ដឹកនាំ​អតីតខ្មោច​អសុរកាយ​គណបក្ស​សង្គ្រោះជាតិ ដែល​តែងតែរ​ត់ទៅ​ជ្រក​ក្នុង​ជើងខោ​ពួក​បរទេស បាន​សរសេរ​លិខិត​ដល់​ទៅ​ពីរ ផ្ញើ​ទៅ​អ្នកស្រី Cecilla Malm Strom ស្នងការ​សហភាព​អឺរ៉ុប​ផ្នែក​ពាណិជ្ជកម្ម ដោយ​ទាមទារ​ឲ្យ​សហគមន៍​អឺរ៉ុប​ត្រូវតែ​ដាក់​សម្ពាធ​លើ​រាជរដ្ឋាភិបាល​កម្ពុជា ។ ជារឿយៗ​ពពួក​ជនក្បត់ជាតិ នៃ​អតីត CNRP តែងតែ​ជំរុញ​ពួក​បរទេស​ឲ្យ​ធ្វើបែបនេះ ហើយក៏​ជា​ញយដង​ដែរ ដែល​ពួកគេ​តែងតែ​ទៅ​លន់តួ​សុំ​យោបល់ ហើយ​ពេលខ្លះ​ទទួលយក​ដំបូន្មាន ពី​ពួក​បរទេស ដើម្បី​បំផ្លាញ​កម្ពុជា​ដោយ​អត់​អៀនខ្មាស ។ ជាថ្មី​ម្តងទៀត​នេះ សួរថា តើ​មនុស្ស​ម្នាក់ ដែល​និយាយ​ក្នុងនាម​ថា ខ្លួន​ជា​តំណាង​សហភាព​អឺរ៉ុប​ឆ្លើយតប​ទៅនឹង សំណូមពរ​របស់ មួរ សុខ​ហួរ យ៉ាងដូចម្តេច​? លោក Peter Berz ប្រធាន​ផ្នែក​នៃ អគ្គនាយកដ្ឋាន​ពាណិជ្ជកម្ម របស់​គណៈកម្មការ​អឺរ៉ុប បាន​ប្រាប់​ទៅ មួរ សុខ​ហួរ វិញ​ថា​៖ «​សូម​លោកស្រី ជឿជាក់​ចុះ​ថា សហភាព​អឺរ៉ុប​នៅតែ​ប្តេជ្ញាចិត្ត ធ្វើការ​ឃ្លាំមើល​យ៉ាងដិតដល់ លើ​ស្ថានការណ៍​នៅក្នុង​ប្រទេស​កម្ពុជា​» ។
​ ​
​ឃ្លាំមើល​ឬ​? យើង​សូម​ស្វាគមន៍​រាល់​ការឃ្លាំមើល​ដោយ​យកចិត្តទុកដាក់ ពី​សំណាក់សហភាព​អឺរ៉ុប ​ប៉ុន្តែ​សូម​ធ្វើការ​ឃ្លាំមើល​ដោយ​ប្រកាន់យក​នូវ​ភាព​សុចរិត​ខាងនយោបាយ និង​ភាពយុត្តិធម៌ ហើយ​ធ្វើការ​វាយតម្លៃ​ដោយ​ភាពត្រឹមត្រូវ ។ ប៉ុន្តែ​យើង​អត់ជឿ​ទេ ។ ប្រទេស​មួយចំនួន​នៅក្នុង​សហគមន៍​អឺរ៉ុប​បាន​ប្រកាន់យក​នូវ​ជំហ​នយោបាយ ត្រឹមត្រូវ​ចំពោះ​កម្ពុជា ប៉ុន្តែ​មួយចំនួនទៀត​មាន​ភាព​ពាក់ព័ន្ធ​ជាមួយ​ពួកក្បត់​ជាតិនៅ​កម្ពុជា ហើយ​ពួកនេះ​មិនដែល​ផ្តល់​យុត្តិធម៌​ដល់​យើង​ទេ ។ លំហ​ប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស តាម​កតិកា​សញ្ញា​រប​ស់​អង្គការសហ បរជាជាតិ និង​អង្គការពលកម្ម​ពិភពលោក​ត្រូវបានកម្ពុជា​អនុវត្ត​ន៍យ៉ាង​ហ្មត់ចត់ ។ ការបោះឆ្នោត​ទាំង​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ដោយមាន​គណបក្ស​ជាច្រើនចូលរួម ប្រជាជនមាន​សិទ្ធិ​ស្មើគ្នា ចំពោះមុខ​ច្បាប់ មាន​សិទ្ធិ​ចូលរួម​ដោយ​សេរី ជាមួយ​គណបក្សនយោបាយ​មាន​សិទ្ធិ បង្កើត​អង្គការ និង​សមាគម ដែល​បច្ចុប្បន្ន​មាន​ទៅដល់​រាប់ពាន់​ហើយ ការពង្រឹង​នីតិរដ្ឋ ក៏​កំពុងតែ​ត្រូវបាន​អនុវត្ត​ន៍យ៉ាង​ពេញលេញ​ស្របតាម​និយាម​អន្តរជាតិ ។ តើ​វា​នៅ​ខ្វះ​អី ទៀត​? វា​នៅ​ខ្វះ​តែ​គណបក្សសង្គ្រោះ​ជាតិ​ដែលជា​កម្លាំងចលករ​នៃ​បដិវត្តន៍​ពណ៌ ហើយ​ដែល​ត្រូវបាន​តុលាការ​កំពូល​ចេញ​សាលក្រម​រំលាយចោល​នោះ​ឬ​? តើ​វា​នៅ​ខ្វះតែ​ជន​ក្បត់ជាតិ ដែល​មួយចំនួន​កំពុង​ជាប់គុក មួយចំនួន​កំពុង​រត់​ប្រាស​ស្រុក​សម្រាប់យកមកប្រើ​ឲ្យ​ធ្វើ​សកម្មភាព​បង្កើត​ចលនា​បដិវត្តន៍​ពណ៌​ជាថ្មី​នោះ​ឬ​?​ចម្លើយ​ចំពោះសំណួរ​នេះ​មាន​គ្រប់គ្រាន់ ហើយ​លើសពី​គ្រប់គ្រាន់​ទៀតផង ។

​ពេលណា​ក៏ដូចជា​ពេលណា ពួកគេ​ទាមទារ​ឲ្យ​មានការ​ដោះលែង កឹម សុខា និង​សកម្មជន​អតីត CNRP ។ ពួកគេ​នៅតែ​ចោទថា​រាជរដ្ឋាភិបាល​កម្ពុជា​ប្រើប្រាស់​ប្រព័ន្ធតុលាការ ធ្វើបាប​មន្ត្រី​បក្សប្រឆាំង ហើយ​ធ្វើជា​សម្តែង​ការភ័យព្រួយ​យ៉ាង​អនេកចំពោះ​មន្ត្រី​អតីត CNRP ១៤០​នាក់ ដែល​ត្រូវបាន​តុលាការកោះហៅ ។ ពួកគេ​នៅតែ​និយាយថា លំហប្រជាធិបតេយ្យ​នៅ​កម្ពុជា​កាន់តែ​រួម​តូច​, កម្ពុជា​ជា​រដ្ឋ​ផ្តាច់ការ ។ ប៉ុន្តែ​ពួកគេ​សម្ងំ​ស្ងាត់ឈឹង នៅពេលដែល សម រង្ស៊ី បំផុស​កងកម្លាំងប្រដាប់អាវុធ និង​ប្រជាជន​ឲ្យ​ងើប​បះបោរ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ។ ពួកគេ​កាន់តែ​ស្ងាត់ស្ងៀម​ណាស់​ទៅទៀត នៅពេលដែល​គេ​ដឹងថា ពួក​ប្រឆាំង​ផ្កាប់មុខ​នៃ​អតីត​ខ្មោច CNRP ដោយមាន​ការ​គូសវាស​រៀបចំ​ផែនការ​ពី​ខាងក្រៅ សាកល្បងប្រមូល​កម្លាំង​ឡើងវិញ​នៅតាម​មូលដ្ឋាន ដើម្បី​ធ្វើ​សកម្មភាព បំផ្លាញ​ស្ថិរភាព​ក្នុងសង្គម ។​

​ក្រោយពី​បញ្ចប់​បេសកកម្ម​របស់​គណៈកម្មកា​រ​អឺរ៉ុប និង​តំណាង​សហភាព​អឺរ៉ុប​ទទួលបន្ទុក​គោលនយោបាយ​ការបរទេស និង​សន្តិសុខ​នៅ​កម្ពុជា យើង​មិន​សង្ឃឹមថា កម្ពុជានឹង​ទទួលបាន​នូវ​ការវាយតម្លៃ​មួយ ប្រកបដោយ​ភាពយុត្តិធម៌​ទេ ពីព្រោះថា ពួកនេះ​ធ្វើសកម្មភាពដោយ​មិន​ស្មោះត្រង់ ហើយ​មាន​ច​រិតនយោបាយ​យ៉ាងពិត​ប្រាកដ ។ យើង​អាច​សិក្សា​ទៅលើ​ការទាមទារ​របស់គេ ក៏បាន​ឃើញច្បាស់​ថា គណៈកម្មការ​អឺរ៉ុប ធ្លាប់បាន និង​បានធ្វើ​ការសម្រេច​ដោយ​បំពាន​ជា​ចំហ​ទៅលើ​អធិបតេយ្យ នៃ​រដ្ឋ​មួយ ជាការ​លូក ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​នៃ​ប្រទេសមួយ ដែលមាន​ឯករាជ្យ អធិបតេយ្យ និង​បូរណភាព​ទឹកដី​ពេញលេញ ។​

​យើង​ដឹង​ច្បាស់​យ៉ាង​ប្រាកដថា ក្រោយ​ពេលដែល​ក្រុម​បេសកកម្ម​ស្វែងរក​ការពិត​នេះ ត្រឡប់​ទៅវិញ យុទ្ធនា​ការឃោសនា​ខាង​នយោបាយ​មួយ​នឹងត្រូវ​បាន​ពួក​ប្រឆាំង ទាំង​ខាងក្នុង និង​ខាងក្រៅ​ធ្វើឡើង ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​រូបភាព​មិនល្អ​របស់​ក​ម្ពុ​ជា និង​ថា​ការដក EBA គឺជា​រឿង​ដែល​សម​ហេតុ​សម​ផល ​រួច​ទម្លាក់​បញ្ហា​មក​ឲ្យ​រាជ​រដ្ឋាភិ​បាលកម្ពុជា​ជា​អ្នកទទួល ។​

​សូម​ចងចាំ​ឲ្យ​ច្បាស់​ថា កម្ពុជា​មិនដែល​ចុះ​ញ៉ម​ចំពោះ​ការ​គំរាម​ណាមួយ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅដល់​អធិបតេយ្យភាព និង​ឯករាជ្យ​ជាតិ​របស់ខ្លួន​នោះទេ ។ ចំពោះ​គោលការណ៍នេះ កម្ពុជា​ប្រកាន់​ជំហ​ររឹងមាំ​ដាច់ខាត និង​ម៉ឺងម៉ាត់​បំផុត ៕ ដោយៈ​លី​ទួង/Ha