កម្ពុជា​ប្រកាស​គាំទ្រ​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​កាណាដា

359
ចែករម្លែក

ដោយ:ពៅ និមល​​ភ្នំពេញ ៖ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​សម្តែង​ការគាំទ្រ និង​ប្រកាស​ស្វាគមន៍​ចំពោះ​គំនិត​ផ្តួចផ្តើម​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (FTA) អាស៊ាន​-​កាណាដា ដើម្បី​ជំរុញ​សេរី​ភា​វូប​ពាណិជ្ជកម្ម និង​ទាញយក​អត្ថប្រយោជន៍​ពី​ភាពជា​ដៃគូ​កម្រិត​តំបន់​នេះ សំដៅ​បម្រើការ​អភិវឌ្ឍ​វិស័យសេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​នៅ​កម្ពុជា ស្របតាម​ចក្ខុវិស័យ​របស់​ប្រមុខ​រដ្ឋាភិបាល​។​

​ជំនួប​ការងារ​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី រវាង​លោក​អៀន ប៊ឺ​ចិត (Ian Burchett) អគ្គនាយក​ទទួលបន្ទុក​កិច្ចការ​ពិភពលោក​នៃ​ប្រទេស​កាណាដា ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​និង​អាស៊ី​ប៉ាស៊ីហ្វិក កាលពី​រសៀល​ថ្ងៃទី​០៥ ខែមេសា ឆ្នាំ​២០១៩​កន្លងទៅ​នវ លោក​ប៉ាន សូរ​ស័ក្តិ បាន​គូសបញ្ជាក់ថា កម្ពុជា​ជឿជាក់​លើ​របប​សេរី​ភា​វូប​ពាណិជ្ជកម្ម និង​តែង​គាំទ្រ​គោលនយោបាយ​ពាណិជ្ជកម្ម​ពហុភាគី នៅ​គ្រប់​វេទិកា​អន្តរជាតិ ដើម្បី​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច ជាមួយ​ប្រទេស​ទាំងអស់​ក្នុង​ពិភពលោក​។

នៅ​ថ្ងៃ​អនាគត កម្ពុជា​ក៏​ចង់​មាន FTA ដោយឡែក​ជាមួយ​កាណាដា ដើម្បី​បង្កើន​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម ជាពិសេស​ការបណ្តុះបណ្តាល​ធនធានមនុស្ស និង​ការអភិវឌ្ឍ​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា សំដៅ​កាត់បន្ថយ​គម្លាត​ជំនាញ និង​លើកស្ទួយ​សហគ្រិនភាព​យុវជន​កម្ពុជា​។ ការលើកឡើង​របស់លោក​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​។​

លោក​រដ្ឋមន្ត្រី​បាន​ជម្រាបជូន​ភាគី​ជំនួប​អំពី​កំណែទម្រង់​សំខាន់ៗ​របស់​រដ្ឋាភិបាល ដើម្បី​លើកស្ទួយ​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា សក្តានុពល​នៃ​វិស័យ​កសិកម្ម សមិទ្ធផល​វិស័យ​លើ​គមនាគមន៍ គោលដៅ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ និង​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម ឆ្នាំ​២០១៥-២០២៥​។ លើសពីនេះ លោក​រដ្ឋមន្ត្រី​ក៏បាន​ជំរុញ​ឲ្យ​កាណាដា ជួយ​កៀងគរ​ធុរជន​កាណាដា ឲ្យ ចូលមក​បណ្តាក់ទុន​កាន់តែច្រើន​ថែមទៀត​នៅ​កម្ពុជា ដើម្បី​បង្កើន​ទំហំ​ពាណិជ្ជកម្ម​និង​វិនិយោគ​ប្រទេស​ទាំងពីរ​។​

​ជាការ​ឆ្លើយតប​លោក អៀន ប៊ឺ​ចិត បាន​ថ្លែងអំណរគុណ​លោក​រដ្ឋមន្ត្រី និង​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​គាំទ្រ​គំនិត​ផ្តួចផ្តើម​របស់​ប្រទេស​កាណាដា និង​តែង​ជួយ​សម្របសម្រួល​ការវិនិយោគ​របស់​ធុរជន​កាណាដា នៅ​កម្ពុជា​។ លោក​ក៏បាន​ជម្រាបជូន​បន្ថែម​អំពី​អត្ថប្រយោជន៍​នៃ FTA អាស៊ាន​-​កាណាដា និង​កម្មវិធី​អាហារូបករណ៍​របស់រ​ដ្ឋា​ភិ​បាល​កាណាដា សម្រាប់​មន្ត្រី​ក្រសួងពាណិជ្ជកម្ម​។​

ស្របគ្នា​ខាងលើនេះ ភាគី​កាណាដា បញ្ជាក់​ឲ្យ​អំពី​គម្រោង​វិនិយោគិន​របស់​កាណាដា លើ​វិស័យ​សេវា​ហិរញ្ញវត្ថុ​នៅក្នុង​ប្រទេស​កម្ពុជា និង​បានកត់សម្គាល់​អំពី​វឌ្ឍនភាព​នៃ​វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ​របស់​កម្ពុជា ព្រមទាំង​ភាពជោគជ័យ​នៃ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ប្រទេស​ទាំងពីរ​៕B/