កម្ពុជា​ប្រកាស​ពី​ការបញ្ជូន​កីឡា​៦​ប្រភេទ ទៅ​ចូលរួម​ប្រកួត​កីឡា​សាកលវិទ្យាល័យ​អាស៊ាន​

920
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា / ភ្នំពេញ​៖ ក្រសួង​អប់រំ​យុវជន​និង​កីឡា បាន​ឯកភាព​ជាគោលការណ៍​ហើយ​ក្នុងការ​បញ្ជូន​កីឡា​ចំនួន​៦​ប្រភេទ ដើម្បី​ចូលរួម​ប្រកួត​កីឡា​និស្សិត​សាកលវិទ្យាល័យ​អាស៊ាន​លើក​ទី​១៩ ដែល​នឹងធ្វើ​នៅ​ទីក្រុង Nay Piy Taw ប្រទេស​មី​យ៉ាន់​ម៉ា នា​ចុង​ឆ្នាំនេះ​។​

​លោក ព្រំ ប៊ុណ្ណ​យី ទីប្រឹក្សា​កីឡា​ក្រសួង​អប់រំ យុវជន និង​កីឡា និង​លោក ចាប រតនា ដែល​ពេលនេះ​កំពុងតែ​ស្ថិតនៅ​ទីក្រុង Nay Piy Taw នោះបាន​ប្រាប់​ឲ្យ​ដឹងថា ពេលនេះ​លោក​កំពុងតែ​ចូលរួម​ប្រជុំ​ក្រុមប្រឹក្សា​កីឡា​សាកលវិទ្យាល័យ​អាស៊ាន អំពី​ការត្រៀមខ្លួន​ប្រកួត​ដែល​នឹងធ្វើ​ពីថ្ងៃ​ទី​៩​ដល់​២០​ធ្នូ​ឆ្នាំ​២០១៨ នៅ​ទីក្រុង Nay Piy Taw ដែលជា​កន្លែង​សម្រាប់​រៀបចំ​ការប្រកួត​តែម្ដង​។​

​កម្ពុជា​បានកំណត់​រួចរាល់​អស់ហើយ​នូវ​កីឡា​ចំនួន​៦​ប្រភេទ សម្រាប់​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ ដែល​កីឡា​ទាំង​៦​ប្រភេទ​នោះ​មាន ប៉េតង់ វាយ​កូនឃ្លី​លើ​តុ អត្តពលកម្ម ហែល​ទឹក កា​រ៉ា​តេ​ដូ និង​វ៉ូ​វី​ណា​ម​។ កីឡា​ទាំង​៦​ប្រភេទ​នេះ កម្ពុជា​កំពុង​តែមាន​សក្ដានុពល​ខ្លាំងណាស់​៕L