កម្ពុជា​ប្រឹង​ផ្សព្វផ្សាយ​ពី​ភាព​រីកចម្រើន​ដើម្បី​ទាញ​វិនិយោគិន​ថ្មីៗ​បន្ថែម​ឲ្យ​មក​វិនិយោគ​នៅក្នុង​ស្រុក​

948
ចែករម្លែក

ដោយ​: ពៅ និមល / ភ្នំពេញ​: មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ បាន​ខិតខំ​ប្រឹងប្រែង​ពន្យល់​ដល់​វិនិយោគិន​ចិន អំពី​កំណែទម្រង់​របស់​រាជរ​ដ្ឋា​ភិ​បាល​ក្នុងការ​លើកកម្ពស់​ឧត្តមភាព​ប្រកួតប្រជែង​កម្ពុជា ដើម្បី​រក្សា​វិនិយោគិន​បច្ចុប្បន្ន និង​ទាក់ទាញ​ការវិនិយោគ​ថ្មីៗ បន្ថែមទៀត ពី​ប្រទេស​ចិន​។​

​តាម​ការបង្ហាញ​នៅលើ​ផេ​ក​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួងពាណិជ្ជកម្ម​បាន​ឲ្យ​ដឹងថា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ កន្លងមកនេះ​មន្ត្រីជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​កម្ពុជា ពិសេស​ក្រសួងពាណិជ្ជកម្ម ធ្វើការ​ផ្សព្វផ្សាយ​ពី​ភាព​រីកចម្រើន​និង​អភិវឌ្ឍន៍​របស់​ប្រទេស​កម្ពុជា ដើម្បី​គៀងគរ​អ្នកវិនិយោគ​ពី​ខេត្ត​មួយ ទៅ​ខេត្ត​មួយ​ក្នុងប្រទេស​ចិន​ឲ្យ​មក​វិនិយោគ និង​បណ្តាក់ទុន​នៅ​កម្ពុជា ខណៈដែល​កម្ពុជា​ជា​ប្រទេស​មាន​ទីផ្សារសេរី និង​ទទួល​អនុគ្រោះ​ពន្ធ​ច្រើន​ទាំង​ក្នុង​និង​ក្រៅ​ស្រុក​។​

​ជាក់ស្តែង កាលពីពេល​កន្លងទៅនេះ​លោក ឈួន ដា​រ៉ា រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម បាន​អ​ញ្ញើញ​ជា​អធិបតី​ក្នុង​វេទិកា​ជំរុញ​ធុរកិច្ច វិនិយោគ និង​ទេសចរណ៍​កម្ពុជា​-​ចិន ឆ្នាំ​២០១៩ ដែល​ស្ថិតនៅ​ទីក្រុង​ស៊ី​អាន ខេត្ត​សាន​ស៊ី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន លោក​បានលើកឡើង​អំពី​ចំណាត់ការ​ថ្មីៗ ដែល​បាន​ដាក់ចេញ​ដោយ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ក្នុង​គោលបំណង​លុបបំបាត់​នីតិវិធី​ស្មុ​គ្រ​ស្មាញ និង​សកម្មភាព​ការិយាធិបតេយ្យ​ទាំងឡាយ ដើម្បី​លើកស្ទួយ​បរិយាកាស​ធុរកិច្ច និង​វិនិយោគ ព្រមទាំង​ជំរុញ​កិច្ច​សម្រួល​ពាណិជ្ជកម្ម ជាពិសេស​កាត់បន្ថយ​បន្ទុក​ចំណាយ​របស់​វិស័យ​ឯកជន​ឲ្យ​បាន​អតិបរិមា ដើម្បី​ធានា​ការលូតលាស់​ប្រកបដោយ​និរន្តរភាព​។ លោក​រដ្ឋលេខាធិការ​បា​ន​បញ្ជាក់ជូន​វិនិយោគិន និង​ធុរកិច្ច​ចិន​បន្ថែមទៀត អំពី​រដ្ឋាភិបាល​កម្ពុជា​បានធ្វើការ​កែសម្រួល​នីតិវិធី​រដ្ឋបាល​ជាច្រើន ដើម្បី​ជួយ​ដល់​វិស័យ​ឯកជន មានដូចជា​លុបបំបាត់​កម្រៃ​គ្រប់គ្រង​ការនាំចេញ​, ធ្វើ​ប្រតិភូកម្ម​សេវា​ចេញ (CO) ដល់​មន្ទីរ​នៅ​ថ្នាក់ក្រោម​ជាតិ​, រំកិល​ទីតាំង​ឈរជើង​របស់​កាំកុងត្រូល​, ដាក់ឱ្យ​ដំណើរការ​ច្រកចេញ​-​ចូល​តែមួយ និង​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​សំខាន់ៗ​ជាដើម​។​

​វេទិកា​ជំរុញ​ធុរកិច្ច វិនិយោគ និង​ទេសចរណ៍​កម្ពុជា​-​ចិន (​ខេត្ត​សាន​ស៊ី​) ត្រូវបាន​រៀបចំឡើង ដើម្បី​ផ្លាស់ប្តូរ​ទស្សនៈ និង​បណ្តុះ​ផ្នត់គំនិត​ថ្មីៗ ទាក់ទង​ការពង្រឹង​សហគ្រិនភាព និង​ការគ្រប់គ្រង​ធុរកិច្ច​ប្រកបដោយ​ភាព​ច្នៃប្រឌិត​។ វេទិកា​នេះ ក៏​ជា​ឱកាស​សម្រាប់​វិនិយោគិន​ចិន ធ្វើការ​ស្វែងយល់​អំពី​សក្តានុពល​វិនិយោគ នៅតាម​ប្រទេស​ផ្សេងៗ​ក្នុង​ពិភពលោក ហើយ​ឆ្នាំនេះ​កម្ពុជា គឺជា​ប្រទេស​កិត្តិយស ដែល​ត្រូវបាន​អញ្ជើញ​ឲ្យ​ចែករំលែក​បទពិសោធន៍​, កាលានុវត្តភាព​ធុរកិច្ច និង​សក្តានុពល​វិនិយោគ​នៅក្នុង​ព្រឹត្តិការណ៍​ដ៏​សំខាន់​នេះដែរ​៕ ល​