កម្ពុជា​ផ្អាក​មួយរយៈ​លើ​ការ​នាំចូល​សត្វ​ជ្រូក​ពី​ប្រទេស​វៀតណាម​

689
ចែករម្លែក
  • 829
    Shares

ដោយ : ពៅ​និមល​/​ភ្នំពេញ : ខណៈដែល​កម្ពុ​ជាមាន​តម្រូវការ​នាំចូល​សត្វ​ជ្រូក​ពី​ក្រៅ​ស្រុក ត្រូវបាន​មន្ត្រី​អ្នកនាំពាក្យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ បញ្ជាក់ថា ទាំង​ការចិញ្ចឹម ទិញ លក់ និង​ដឹកជញ្ជូន​សត្វ​ជ្រូក​សាច់ជ្រូក​និង​ផលិតផល​មាន​ដើមកំណើត​ពីស​ត្វ​ជ្រូក​គ្រប់​ប្រភេទ​នៅក្នុង​តំបន់​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​អា​ហ្វិ​ក ក្រសួង​សូម​ផ្អាក​មួយរយៈ​ពេល​សិន​លើ​ការ​នាំចូល​ដើម្បី​ផ្គត់ផ្គង់ ពិសេស​ផ្អាក​នាំចូល​ពី​ប្រទេស​វៀតណាម​ដាច់ខាត​។​

​មានប្រសាសន៍ប្រាប់​កាសែត​រស្មី​កម្ពុជា​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០១៩​នេះ លោក ចាន់ ហេង មន្ត្រី​អ្នកនាំពាក្យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ បាន​បញ្ជាក់ថា ការផ្អាក​ខាងលើនេះ​ក៏​មិនអាច​កំណត់ពេល​វេលា​យូរ ឬ​ឆាប់​ប៉ុណ្ណា​នោះទេ​។ ការអនុញ្ញាត​ឲ្យ​ចិញ្ចឹម ទិញ លក់ និង​ដឹកជញ្ជូន​សត្វ​ជ្រូក សាច់ជ្រូក និង​ផលិតផល​មាន​ដើមកំណើត​ពី​សត្វ​ជ្រូក​ឡើងវិញ និង​ការរំសាយ​តំបន់​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក ត្រូវ​កំណត់ដោយ​ប្រកាស​ជាថ្មី​។

តាម​ការ​បញ្ជាក់បន្ថែម​របស់​មន្ត្រី​អ្នកនាំពាក្យ​។​ជុំវិញ​បញ្ហា​នេះ កាលពីពេល​ថ្មីៗ​កន្លងទៅនេះ ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​បានស្នើ​ដល់​អភិបាល​ខេត្តរតនគិរី​ចាត់វិធានការ​ទប់ស្កាត់​ចលនា​ជ្រូក​សាច់ជ្រូក​និង​ផលិតផល​មាន​ដើមកំណើត​ពី​សត្វ​ជ្រូក។ដែល​ចេញពី​ភូមិ​សោម​កា​និ​ញ​ឃុំ​សោម​ធំ​ស្រុក​អូរ​យ៉ា​ដាវ​ខេត្តរតនគិរី​បន្ទាប់ពី​បាន​រកឃើញ​វត្ថុ​មាន​មេរោគ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ពី​វត្ថុ​វិភាគឈាម​ជ្រូក​ចំនួន​០៥ របស់​កសិករ​ចិញ្ចឹម​ជ្រូក​ពូជ​កណ្តុរ​ជា​លក្ខណៈ​ព្រលែង​ពី​ភូមិ​ទីតាំង​ខាងលើ​។

​ករណីនេះ​បញ្ជាក់​ពី​ការផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ជា​លើកដំបូង​នៅ​កម្ពុជា​ដែល​ជំងឺ​នេះ​ជា​ជំងឺ​កាច​សាហាវ​និង​ឆ្លង​រាលដាល​ខ្លាំង​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​ដែល​បណ្តាល​ឲ្យ​ជ្រូក​ឈឺ​និង​ងាប់​មាន​អត្រា​ខ្ពស់​រហូតដល់​១០០​ភាគរយ​ដែល​អាច​បណ្តាល​ឲ្យ​មានការ​ខាតបង់​ខ្ពស់​ដល់​អ្នក​ចិញ្ចឹម​ជ្រូក​។​

​ក្នុងន័យនេះ​ក្រសួងកសិកម្ម​បានស្នើ​ដល់​ខេត្តរតនគិរី​និង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់​ផ្តល់​កិច្ចសហការ​ក្នុងការ​អនុវត្ត​វិធាន​បច្ចេកទេស​របស់​ម​ន្ត្រី​ជំនាញ​ក្នុងការ​ពង្រឹង​ការទប់ស្កាត់​ចលនា​សត្វ​ជ្រូក​សាច់ជ្រូក​និង​ផលិតផល​មាន​ដើមកំណើត​ពី​សត្វ​ជ្រូក​ចេញពី​តំបន់​ផ្ទុះ​ជំងឺឆ្លង​ខាងលើ​ក្នុង​រង្វង់​កាំ​៣​គីឡូម៉ែត្រ ។​ដើម្បី​អនុវត្ត​វិធាន​បច្ចេកទេស​បសុព្យាបាល​ប្រកបដោយ​ប្រសិទ្ធិភាព​ខ្ពស់​តាម​ការគួរ​និង​ចូលរួម​ទប់ស្កាត់​ចលនា​ជ្រូក​សាច់ជ្រូក​និង​ផលិតផល​មាន​ដើមកំណើត​ពីស​ត្វ​ជ្រូក​ចេញពី​ទីតាំង​ខាងលើ​ផងដែរ​៕S/សរន


#