កម្ពុជា​យកចិត្តទុកដាក់​ឱ្យ​ស្ត្រី​ក្លាយជា​កម្លាំងចលករ​ចូលរួម​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​

417
ចែករម្លែក
  • 9
    Shares

​ដោយ​៖​ដេប៉ូ​/​ភ្នំពេញ​៖ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​លោក​អ៊ិត​សំហេង បាន​ថ្លែង ថា រាជរដ្ឋាភិបាល​កម្ពុជា បានផ្តល់​ការយកចិត្តទុកដាក់​យ៉ាងខ្លាំង ក្នុងការ​លើកកម្ពស់​ស​ម​ភាព​យេនឌ័រ និង​ពង្រឹង​ភាព​អង់អាច​ដល់​ស្ត្រី​និង​ក្មេងស្រី​។

​ដើម្បីឱ្យ​ពួកគេ​ក្លាយជា​កម្លាំងចលករ​ចូលរួម​ក្នុង​កិច្ច​អភិវឌ្ឍ​សង្គម​និង​សេដ្ឋកិច្ច​។​ការបញ្ជាក់​របស់លោក​រដ្ឋមន្ត្រីក្រសួង​ការងារ​ក្នុង​ពិធី​អបអរសាទរ​ខួប​លើក​ទី​១០៨ នៃ​ទិវា​អន្តរជាតិ​នារី ៨​មីនា​កាលពី​ថ្ងៃទី​២៨​ខែកុម្ភៈ​ឆ្នាំ​២០១៩​កន្លងមក​។​

​គួរបញ្ជាក់​ថា​នៅ​កម្ពុជា ទិវា​អន្តរជាតិ​នារី ៨​មីនា ក្នុង​ឆ្នាំ​២០១៩​នេះ ត្រូវបាន​ធ្វើឡើង​ក្រោម​ប្រធានបទ «​លើកកម្ពស់​សមភាព​យេនឌ័រ​និង​ការ​គាំពារ​សង្គម​ដើម្បី​អភិវឌ្ឍ​ធនធានមនុស្ស​»​។​លើកឡើង​ក្នុង​ពិធី​នេះដែរ​លោក​អ៊ិត​សំហេង​រដ្ឋមន្ត្រីក្រសួង​ការងារ​បានឱ្យដឹងថា​រាជរដ្ឋាភិបាល​កម្ពុជា​បានផ្តល់​ការយកចិត្តទុកដាក់​យ៉ាងខ្លាំង​ក្នុងការ​លើកកម្ពស់​សម​ភាព​យេនឌ័រ​និង​ពង្រឹង​ភាព​អង់អាច​ដល់​ស្ត្រី​និង​ក្មេងស្រី​ដើម្បីឱ្យ​ពួកគេ​ក្លាយជា​កម្លាំងចលករ​មួយ ចូលរួម​ក្នុង​កិច្ច​អភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច​។​

​លោក​បានបញ្ជាក់​បន្ថែម​ថា​”​គោលដៅ​ជា​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល គឺ​ការពង្រឹង​សមភាព​យេនឌ័រ និង​ការ​គាំពារ​សង្គម​ដើម្បី​លើកស្ទួយ​ស្ថានភាព​សង្គម​-​សេដ្ឋកិច្ច​និង​ពង្រឹង​តួនាទី​ស្ត្រី​ដែលជា​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ច​និង​សង្គមជាតិ​”​។​

រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ​ក្របខណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម ឆ្នាំ​២០១៦-២០២៥​ដែលមាន​លក្ខណៈ​ទូលំទូលាយ​ដោយ​ផ្តោតលើ​សសរស្តម្ភ​ពីរ​គឺ​ប្រព័ន្ធ​ជំនួយ​សង្គម និង​ប្រព័ន្ធ​សន្តិសុខ​សង្គម​។​ក្របខណ្ឌ​គោលនយោបាយ​នេះ​នឹង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​បង្កើន​លទ្ធភាព​ទទួលបាន​សេវា​ជំនួយ​សង្គម និង​សន្តិសុខ​សង្គម ដែលជា​ការគិតគូរ​ចំពោះ​ស្ត្រី​។​

​លោក​បានលើកឡើង​ដោយបាន​ធ្វើការ​ផ្តាំផ្ញើរ​ដល់​បុរសៗ​ទាំងអស់ សូម​បន្ត​យកចិត្តទុកដាក់​ចំពោះ​ស្ត្រី ស្របតាម​ពាក្យស្លោក​ខ្មែរ​យើង​ដែល​បាន​លើកឡើងថា​“​សំណាប​យោង​ដី​-​ស្រី​យោង​ប្រុស​”​ជាពិសេស​សូមកុំ​មានការ​រើសអើង​ការងារ​រវាង​ស្ត្រី​និង​បុរស​ទាំង​ការងារ​ក្នុងផ្ទះ​និង​ក្រៅ​ផ្ទះ​គឺ​សុទ្ធសឹងតែ​មានតម្លៃ​ស្មើគ្នា​៕S/

​រូបភាព​៖​លោក​អ៊ិត​សំហេង​រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅក្នុង​ពិធី​ពិធី​អបអរសាទរ​ខួប​លើក​ទី​១០៨ នៃ​ទិវា​អន្តរជាតិ​នារី ៨​មីនា​កាលពី​ថ្ងៃទី​២៨​ខែកុម្ភៈ​ឆ្នាំ​២០១៩(​រូប​៖​ដេប៉ូ​)​

#