កម្ពុជា​រកឃើញ​ជនជាតិ​ចិន​ម្នាក់​មកពី​អ៊ូ​ហាន មាន​ផ្ទុក​វីរុស​កូ​រ៉ូ​ណា​ថ្មី និង​កំពុង​ដាក់​ព្យាបាល​ដាច់ដោយឡែក​នៅ​មន្ទីរពេទ្យ​ខេត្ត​ព្រះសីហនុ​

168
ចែករម្លែក

ដោយៈ​សុផល / ភ្នំពេញៈ​គិត​មក​ត្រឹម​រសៀល​នៃ​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២០ ក្រសួងសុខាភិបាល​បាន​ស្រាវជ្រាវ​រកឃើញ​និង​មានការ​បញ្ជាក់​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​នូវ​ករណី​វិជ្ជមាន​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (2019-nCoV) នៅលើ​បុគ្គល​ជនជាតិ​ចិន​ម្នាក់ ឈ្មោះ ចា ជិន​ហួរ (Jia Jianhua) ភេទប្រុស អាយុ ៦០​ឆ្នាំ ធ្វើដំណើរ​មកពី​ទីក្រុង​អ៊ូ​ហាន ជាមួយ​ក្រុមគ្រួសារ ៤​នាក់ ដែល​សំណាក​បាន​យកមក​ធ្វើ​វិភាគ​ទាំង​បួន​នាក់​នេះ មាន​វិជ្ជមាន​វីរុស​កូ​រ៉ូ​ណា​តែ​ម្នាក់​គាត់​គឺ​លោក ចា ជិន​ហួរ​។​បច្ចុប្បន្ន​អ្នកជំងឺកំពុង​ដាក់​ព្យាបាល​ដាច់ដោយឡែក​នៅ​មន្ទីរពេទ្យ​ខេត្ត​ព្រះសីហនុ ។​នេះ​បើតាម​ការឱ្យ​ដឹង​របស់​លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​នៅក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ព្រលប់​ថ្ងៃទី​២៧​ខែមករា ឆ្នាំ​២០២០ នៅ​ទីស្តីការក្រសួង​។​

​តាម​ការអង្កេត​តាមដាន​របស់​ក្រុមគ្រូពេទ្យស្ថានភាព​អ្នកជំងឺ​មាន​សភាព​នឹងនរ មានតែ​រោគសញ្ញា​ផ្តាសាយ​ធម្មតា​ប៉ុណ្ណោះ រីឯ​ក្រុមគ្រួសារ​គាត់​ក៏​មិនទាន់​រកឃើញថាមាន​សញ្ញា​ពាក់ព័ន្ធ​នឹង​បញ្ហា​សុខភាព​ពួកគាត់​ណាមួយ​នៅឡើយ​ដែរ​។ ក្រុម​គ្រួ​ពេទ្យ​កំពុងតែ​តាមដាន​សុខភាព​ពួកគាត់​ដោយ​យកចិត្តទុកដាក់​បំផុត​។​

​អ្នក​ទាំង​បួន​នាក់​មានឈ្មោះ​៖១. លោក ចា ជិន​ហួរ (Jia Jianhua) ភេទ​ប្រុស អាយុ ៦០​ឆ្នាំ កាន់​ប៉ាស្ព័រ​លេខ E54319891​។​២. លោកស្រី វ៉ាង លីង​ជេន (Wang Lingzhen) ភេទ​ស្រី​អាយុ ៥៧​ឆ្នាំ កាន់​ប៉ាស្ព័រ​លេខ E06137433​។​៣. លោក សៅ យ៉ាន់ (Xiao Yan) ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ កាន់​ប៉ាស្ព័រ​លេខ ED0134348៤. និង​លោកស្រី ចា រ៉ុយ​ស៊ន់ (Jia Ruixuan) ភេទ​ស្រី អាយុ ៣៣​ឆ្នាំ កាន់​ប៉ាស្ព័រ​លេខ E24490509​។​

​យោងតាម​ប្រវត្តិ​អ្នកជំងឺ​បានបង្ហាញ​ថា ​គាត់​និង​ក្រុមគ្រួសារ​បានចេញ​ដំណើរ​ពី​ទីក្រុង​អ៊ូ​ហាន មកកាន់​ទីក្រុង​ព្រះសីហនុ នៅ​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០២០ ហើយ​មាន​ចេញ​រោគសញ្ញា​នៅ​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២០ ដោយមាន​អាកា​រ គ្រុនក្តៅ និង​ហៀរ​សំបោរ​។ អ្នក​ទាំង៤​ខាងលើ មកពី​ទីក្រុង អ៊ូ​ហាន នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ​ហើយ​បាន​ចូលមក​ប្រទេស​កម្ពុជា​តាម​ជើងយន្តហោះ​ត្រង់​ពី​ទីក្រុង​អ៊ូ​ហាន មកដល់​ព្រលានយន្តហោះ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០២០ វេលា​ម៉ោង​ប្រហែល ៧​ព្រឹក​។ ក្រោយពី​បានមក​ដល់​ក្រុងព្រះសីហនុ ពួកគាត់​បាន​ជិះ​តាក់ស៊ី មក​ស្នាក់នៅ​សណ្ឋាគារ​ឯករាជ្យ​ចំនួន​២​យប់​។ បន្ទាប់មក​បាន​ចូលមក​ស្នាក់នៅ​សណ្ឋាគារ​គ្វី​ន​កូ (Queenco Hotel) នៅ​រសៀល​ថ្ងៃទី​២៥ ខែមករា​ឆ្នាំ​២០២០​។​នៅ​រសៀល​នោះដែរ​ លោក ចា ជិន​ហួរ បាន​លេង​ទឹក​អាង​រយៈពេល​២​ម៉ោង រួច​ក៏មាន​អាកា​រ ក្តៅខ្លួន​។​ល្ងាច​ថ្ងៃ​ដដែល​នោះ​ភរិយា​គាត់​ឈ្មោះ វ៉ាង លីង​ជេន បាន​ទូរស័ព្ទ​ទៅលេង​ក្រុមគ្រួសារ​នៅ​ប្រទេស​ចិន និង​បាន​ប្រាប់ថា ប្តី​គាត់​មាន​អាកា​រ​ក្តៅខ្លួន​។

​លោក​រដ្ឋមន្ត្រី​បានឱ្យដឹង​ទៀតថា​៖ ​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ពី​លោក គួច ចំរើន​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ នៅ​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២០ អាជ្ញាធរខេត្ត​រួមជាមួយ​នឹង​លោកស្រី​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត ព្រមទាំង​មន្ត្រី​ឆ្លើយតប​បន្ទាន់​របស់​មន្ទី​រ​សុខាភិបាល​ខេត្ត​ព្រះសីហនុ បាន​សកម្ម​ក្នុងការ​ស្រាវជ្រាវ​រកក​រ​ណី​ខាងលើ​នេះ ហើយ​បាន​រកឃើញថា​គាត់​កំពុងស្នាក់នៅ​សណ្ឋាគារ​ឃ្វី​ន​កូ ក្រុងព្រះសីហនុ​។​បន្ទាប់មក​ក្រុមការងារ​សុខាភិបាល​ខេត្ត​ព្រះសីហនុ​បាន​យក​វត្ថុ​វិភាគ​ស្របតាម​លក្ខណៈបច្ចេកទេស​ដែល​បាន​ណែនាំ​ដោយ​ក្រសួងសុខាភិបាល​នៅ​ថ្ងៃ​ដដែល​និង​បាន​បញ្ជូន​វត្ថុ​សំណាក​ពី​ច្រមុះ និង​បំពង់ក​របស់​បុគ្គល​ទាំង​បួន​នាក់ខាងលើ​នោះ មក​ធ្វើ​វិភាគ​នៅ​មន្ទីរពិសោធន៍​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​។ នៅ​រសៀល​ម៉ោង​៣ នៃ​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២០ លទ្ធផល​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា បាន​បញ្ជាក់ថា ​សំណាក​វិភាគ​មន្ទីរពិសោធន៍​រប​ស់ លោក ចា ជិន​ហួរ មាន​វិជ្ជមាន​វីរុស​កូ​រ៉ូ​ណា​ថ្មី (2019-nCoV)​។ បច្ចុប្បន្ននេះ តាម​ការអង្កេត​តាមដាន​របស់​ក្រុមគ្រូពេទ្យ ស្ថានភាព​អ្នកជំងឺ​មាន​សភាព​នឹងនរ មានតែ​រោគសញ្ញា​ផ្តាសាយ​ធម្មតា​ប៉ុណ្ណោះ រីឯ​ក្រុមគ្រួសារ​គាត់​ក៏​មិនទាន់​រកឃើញថាមាន​សញ្ញា​ពាក់ព័ន្ធ​នឹង​បញ្ហា​សុខភាព​ពួកគាត់​ណាមួយ​នៅឡើយ​ដែរ​។ ក្រុម​គ្រួ​ពេទ្យ​កំពុងតែ​តាមដាន​សុខភាព​ពួកគាត់​ដោយ​យកចិត្តទុកដាក់​បំផុត​។​

​លោក​រដ្ឋមន្ត្រីក្រសួង​សុខា​ភិ​បា បាន​បញ្ជាក់ថា​៖​វិធានការ​សំខាន់ៗ​ដែល​ក្រសួងសុខាភិបាល និង​មន្ទីរ​សុខាភិបាល​ខេត្ត រួមជាមួយ​អាជ្ញាធរខេត្ត​ព្រះសីហនុ បាន​ដាក់ចេញ​អនុវត្ត មាន​ដូចតទៅ​៖

  • ដាក់​អ្នកជំងឺ​នៅ​បន្ទប់​ដាច់ដោយឡែក​នៃ​មន្ទីរពេទ្យ​ខេត្ត​ព្រះសីហនុ ដើម្បី​តាមដាន ក៏ដូចជា ផ្តល់​ការព្យាបាល​ដោយ​ចិត្ត​ទុកដាក់​ជាទីបំផុត
  • ដាក់​ក្រុមគ្រួសារ​គាត់​ឲ្យ​ស្ថិតនៅក្រោម​ការតាមដាន​សុខភាព និង​ស្វែងរក​អ្នក​ប៉ះពាល់​ផ្សេងទៀត ដើម្បី​ធ្វើការ​អប់រំ​សុខភាព ព្រមទាំង​តាមដាន​សុខភាព​ពួកគាត់
  • និង​បាញ់សម្លាប់​មេរោគ​កន្លែង​គាត់​ស្នាក់នៅ​
  • រាយការណ៍​ជូន​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា អំពី​ករណី​វិជ្ជមាន​ខាងលើនេះ​។​

​ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កំពុង​តាមដាន និង​ស្រាវជ្រាវ​ដោយ​យកចិត្តទុកដាក់​ជាទីបំផុត​នូវ​ស្ថានភាព​កើតមាន​ករណី​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​នេះ និង​សូម​អំពាវនាវ​ថា បើ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​វិលត្រឡប់​មក​ពី​ទីក្រុង​អ៊ូ​ហាន ខេត្ត​ហឺ​ប៉ី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ត្រូវ​តាមដាន​សុខភាព​របស់ខ្លួន​ជាប់​ជាប្រចាំ ហើយ​ប្រសិនបើ​មាន​រោគសញ្ញា ក្តៅខ្លួន ក្អក ហៀរ​សំបោរ ឬ​មាន​រោគសញ្ញា​ហត់ ឬ​ថប់ដង្ហើម សូម​ប្រញាប់​ស្វែងរក​ការពិនិត្យ​ពិគ្រោះ និង​ព្យាបាល​ជំងឺ​នៅតាម​មូលដ្ឋាន​សុខាភិបាល​សាធារណៈ​ឲ្យ​បាន​ទាន់ពេលវេលា ហើយ​បើ​លោកអ្នក​មាន​សំណួរ ឬ ចម្ងល់​អ្វី​ពី​បញ្ហា​សុខភាព​លោកអ្នក សូម​ទាក់ទង​ទៅ​ទូរស័ព្ទ​ទាន់​ហេតុការណ៍​លេខ ១១៥ របស់​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​ក្រសួងសុខាភិបាល​។​

​ក្រសួងសុខាភិបាល សូម​ធ្វើ​បច្ចុប្បន្នភាព​ករណី​ជំងឺ​រលាក​សួត​ដោយ​វីរុស​កូ​រ៉ូ​ណា ប្រភេទ​ថ្មី​នេះ ដោយ​គិត​ត្រឹម​ម៉ោង ៨​ព្រឹក នា​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២០ យោងតាម​របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក​បានបង្ហាញ​ថា មាន​អ្នកជំងឺ​សរុប​ចំនួន ២៧៤៤​នាក់ ដែលមាន​វិជ្ជមាន​ជំងឺ​រលាក​សួត​ដោយសារ​វីរុស​កូ​រូ​ណា ដែល​បាន​រាយការណ៍​ពី​ខេត្ត​ចំនួន​៣០ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក្នុងនោះ​មាន ៤៦១​នាក់ ជា​ករណី​ធ្ងន់ ចំនួន​៨០​នាក់ បាន​ស្លាប់បាត់​បង់ជីវិត​។ សរុប​ចំនួន​អ្នក​សង្ស័យ​មាន ៥,៧៩៤​នាក់ ក្នុងនោះ​មាន ៧២៩​ករណី ជា​ករណី​ថ្មី ដែលមាន ១៣៧​ករណី​ធ្ងន់ និង ២៤​ករណី​ថ្មី​ដែល​បាន​បាត់បង់​ជីវិត (​មកពី Hubei)​។ ចិន​ហុងកុង មាន​៨​ករណី ម៉ា​កាវ ៥​ករណី និង​ចិនតៃវ៉ាន់ ៤​ករណី​។ ដោយឡែក​ប្រទេស​ថៃ​បាន​រាយការណ៍​ថា​បាន​រកឃើញ​ចំនួន ៧​ករណី ជប៉ុន ៣​ករណី សាធារណរដ្ឋ​កូរ៉េ ៣​ករណី សហរដ្ឋអាម៉េរិក ៣​ករណី វៀតណាម ២​ករណី ប្រទេស​សាំង​ហ្គា​ពួរ​៥​ករណី​(​ទើប​រកឃើញ​១​ករណី​ទៀត​) ប្រទេស​ម៉ាឡេស៊ី ៣​ករណី ប្រទេស​ណេ​ប៉ាល់ ១​ករណី ប្រទេស​បារាំង ៣​ករណី និង​ប្រទេស​អូស្ត្រាលី ៤​ករណី​។ អ្នក​ប៉ះពាល់ ឬ​អ្នក​ជិតដិត​ជាមួយ​អ្នកជំងឺ​សរុប​មាន ៣២៧៩៩ នាក់ ដែល​កំពុង​តាមដាន​សម្រាប់​ការសង្កេត​ផ្នែក​វេជ្ជសាស្ត្រ​បន្ត ក្នុងនោះ​មាន ៥៨៣​នាក់ បាន​រួច​ផុតពី​ការតាមដាន​សុខភាព និង​ចំនួន ៣០៤៥៣​នាក់ កំពុងតែ​ស្ថិតនៅក្នុង​ការឃ្លាំមើល​ផ្នែក​សុខភាព​នៅឡើយ​។ គួរ​កត់សម្គាល់ថា ពុំទាន់​មានការ​បញ្ជាក់​ច្បាស់លាស់​ណាមួយ​ពី​អង្គការ​សុខភាព​ពិភពលោក​ស្តីពី​ប្រភព និង​របៀប​នៃ​ការចម្លង​ជំងឺ​រលាក​សួត​ដោយ​វីរុស​កូ​រ៉ូ​ណា​ថ្មី​នេះ​នៅឡើយ​ទេ​។ ប៉ុន្តែ មានការ​បង្ហាញថា មានការ​ចម្លង​ពី​មនុស្ស​ទៅ​មនុស្ស​ដោយមាន​កម្រិត ហើយ​បច្ចុប្បន្ននេះ គេ​បាន​សង្កេតឃើញថា មានការ​ចម្លង​ពី​អ្នក​ដែលមាន​វីរុស​នេះ​ពី​អ្នក​ដែល​ស្ថិតនៅក្នុង​ដំណាក់កាល​វីរុស​សម្ងំ​ក្នុង​ខ្លួន (incubation period) តែ​មិនទាន់មាន​ចេញ​រោគសញ្ញា​នៅឡើយ​ទៅ​មនុស្ស​ដទៃទៀត​។​

ក្នុង​គោលបំណង​ការពារ​ការ​រាតត្បាត​នៃ​ជំងឺ​ដែល​បាន​រកឃើញ​ខាងលើ​ជនជាតិ​ចិន​ម្នាក់​ខាងលើនេះ លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល សូម​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ជាពិសេស​អ្នកធ្វើដំណើរ​ដែល​វិលត្រឡប់​មកពី​ទីក្រុង​អ៊ូ​ហាន ខេត្ត​ហឺ​ប៉ី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់បំផុត ដោយ​ត្រូវ​ចេះ​ថែរក្សា​សុខភាព​ផ្ទាល់ខ្លួន ។​ប្រសិនបើ​លោកអ្នក មាន​រោគសញ្ញា​ដូចជា គ្រុនក្តៅ ក្អក និង​ពិបាក​ដកដង្ហើម ទាំង​ក្នុងអំឡុងពេល​ធ្វើដំណើរ ឬ​បន្ទាប់ពី​ការវិលត្រឡប់​មកពី​កន្លែង​ដែល​បាន​ជម្រាប​ខាងលើ សូម​ទៅ​ជួប​វេជ្ជបណ្ឌិត (​នៅ​គ្រឹះស្ថាន​សុខាភិបាល​សាធារណៈ​ដែល​នៅ​ជិត​បំផុត​ភ្លាម​) និង​ប្រាប់​ព័ត៌មាន​ដល់​គ្រូពេទ្យ​អំពី​ប្រវត្តិ​នៃ​ការធ្វើដំណើរ និង​រោគសញ្ញា​របស់លោក​អ្នក​។​

​លោក​រដ្ឋមន្ត្រី​ក៏បាន​ប្រកាស​ធ្វើការ​ក្រើនរំលឹក​ជូន​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​លើ​ការបង្ការ​ការចម្លង​ជំងឺ​រលាក​សួត​ដោយ​វីរុស​កូ​រ៉ូ​ណា​ថ្មី​ខាងលើ ដែល​បាន​រកឃើញ​មាន​មួយ​ករណី​នៅ​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២០​នេះ ដោយ​អនុវត្ត​នូវ​វិធានការ​ដូចតទៅ ៖
១. ជៀសវាង​ប៉ះពាល់​ជិតស្និទ្ធ​ជាមួយ​អ្នកមាន​ជំងឺ​ផ្លូវដង្ហើម​ស្រួច ឬ​អ្នកជំងឺ​ដែល​សង្ស័យ​។​
២. លាងដៃ​ឲ្យ​បាន​ញឹកញាប់ (​ជាមួយ​សាប៊ូ និង​ទឹកស្អាត​) ជាពិសេស​បន្ទាប់ពី​ប៉ះពាល់​ដោយផ្ទាល់​ជាមួយ​អ្នកជំងឺ ឬ​បរិស្ថាន​ជុំវិញ​គាត់​។​
៣. ជៀសវាង​ប៉ះពាល់​ជិតស្និទ្ធ ឬ​ទៅ​ទីផ្សារ ឬ​កសិដ្ឋាន​ដែលមាន​សត្វ​រស់ ឬ​សត្វព្រៃ ឬ​កន្លែង​ដែល​គេ​ដឹងថា​មាន​វីរុស​កំពុង​ចរាចរណ៍​។ ចាំបាច់ ត្រូវ​លាងដៃ​ឲ្យ​បាន​ទៀងទាត់​មុនពេល និង​បន្ទាប់ពី​ការប៉ះពាល់​សត្វ ឬ​វត្ថុ​ផ្សេងៗ ដែល​អាចជា​ប្រភព​ចម្លងរោគ​។​
៤. ប្រកាន់ខ្ជាប់​នូវ​ការអនុវត្តន៍​អនាម័យ​ស្អាត និង​សុវត្ថិភាព​ម្ហូបអាហារ​ល្អ ដូចជា ពិសា​អាហារ​ដែល​ចំអិន​ឆ្អិន​ល្អ ជាពិសេស សាច់ និង​ស៊ុត​។​
៥. អ្នកមាន​រោគសញ្ញា​ជំងឺ​ផ្លូវដង្ហើម​ស្រួច ត្រូវ​ខ្ទប់មាត់​និង​ច្រមុះ​នៅពេល​ក្អក​ឬ​កណ្តាស់ ដោយ​កន្សែង ក្រ​មា ឬ​ក្រដាស​ជូត​មាត់​។​
៧. ត្រូវប្រកាន់យក​នូវ​អនាម័យ​ដៃ​ស្អាត និង​អនាម័យ​ផ្លូវដង្ហើម (​ខ្ទប់មាត់​និង​ច្រមុះ​នៅពេល​ក្អក​ឬ​កណ្តាស់​, លាងដៃ​បន្ទាប់ពី​មាន​ប៉ះ​ជាមួយ​ទឹករំអិល​ពី​ផ្លូវ​ដកដង្ហើម និង​រក្សា​ចម្ងាយ​ច្រើនជាង​១​ម៉ែត្រ​ពី​បុគ្គល​ដែលមាន​រោគសញ្ញា​ផ្លូវដង្ហើម​ស្រួចស្រាវ ជាដើម​)​។​
៨. បុគ្គលិក​សុខាភិបាល​ដែល​ផ្តល់​ការថែទាំ​អ្នកជំងឺ​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​វិធានការ​បង្ការ​ការចម្លង​រោគ​ក្នុង​គ្រឹះស្ថាន​សុខាភិបាល​ឲ្យ​បាន​ហ្មត់ចត់​និង​ត្រឹមត្រូវ​តាម​បច្ចេកទេស​សុខាភិបាល ដើម្បី​ជៀសវាង​ការឆ្លង​ជំងឺ​នេះ​មក​បុគ្គល​ខ្លួនឯង​។​

៩. ប្រសិនបើ​មាន​សង្ស័យថា​ឆ្លង​ជំងឺ​រលាក​សួត​ដោយ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​នេះ ដោយមាន​រោគសញ្ញា​ដូចជា គ្រុនក្តៅ​លើសពី ៣៨ អង្សា​សេ និង​មាន​រោគសញ្ញា​មួយ​យ៉ាងតិច​ក្នុងចំណោម ក្អក ហូរ​សំបោរ ឈឺបំពង់ក ដង្ហើម​ខ្លី និង​ពិបាក​ដកដង្ហើម និង​មាន​ប្រវត្តិ​ធ្វើដំណើរ​មកពី​ប្រទេស​ចិន ដោយបាន​ប៉ះពាល់​ជាមួយ​អ្នកជំងឺ​ផ្លូវដង្ហើម ប៉ះពាល់​ជាមួយ​សត្វ​ឈឺ ក្នុងអំឡុង​១៤​ថ្ងៃមុន​ចេញ​រោគសញ្ញា ឬ​ដោយបាន​ប៉ះពាល់​ជាមួយ​អ្នកស្លាប់​ដោយសារ​ជំងឺ​ផ្លូវដង្ហើម​ស្រួចស្រាវ​មិនដឹង​អំពី​អត្តសញ្ញាណ​(​ប្រភេទ​មេរោគ​)​ច្បាស់លាស់ ត្រូវ​ប្រញាប់​រាយការណ៍​ទៅ​លេខ​ទូរស័ព្ទ​ទាន់​ហេតុការណ៍ ១១៥ ។​

​ក្រសួងសុខាភិបាល បន្ត​ការស្រាវជ្រាវ​ករណី​ជំងឺ​លើ​នេះ ជា​បន្តទៀត និង​បន្ដធ្វើ​ការជូនដំណឹង​ដល់​សាធារណជន អំពី​ការវិវត្តន៍​នៃ​បញ្ហា​សុខភាព​តាម​គេហទំព័រ និង​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួងសុខាភិបាល ទំព័រ​ហ្វេ​ស​ប៊ុ​ក​និង​គេហទំព័រ​របស់​នាយក​ដ្ឋា​ន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង www.cdcmoh.gov.kh ដែល​គេហទំព័រ​នេះ​មាន​សម្ភារ​អប់រំ​សុខភាព​អំពី​ការបង្ការ​ការឆ្លង​ជំងឺ​តាមផ្លូវ​ដង្ហើម ដែល​អាច​ទាញ​យកមក​មើល​បាន ។​សម្រាប់​ព័ត៌មាន​បន្ថែម​៖ សូម​ទាក់ទង​លេខ​ទូរស័ព្ទ​ទាន់​ហេតុការណ៍​ដោយ​ឥតគិតថ្លៃ​១១៥ ទោះ​គ្មាន​ថវិកា​ក្នុង​ទូរស័ព្ទ​របស់​អ្នក​ក៏​អាច​ទូរស័ព្ទ​ចូល​បានដែរ ឬ​ទំនាក់ទំនង​៖​លោក​វេជ្ជបណ្ឌិត លី សូ​វ៉ាន់ ៖ ០១២ ៨២៥ ៤២៤,​លោក​វេជ្ជបណ្ឌិត យី សេង​ឌឿ​ន ៖០១២ ៤៨៨ ៩៨១​និង​លោកស្រី វេជ្ជបណ្ឌិត តេង ស្រី ៖ ០១២ ៨៣៦ ៨៦៨៕ ល​/Ha