កម្ពុជា​រៀបចំ​ពិព័រណ៍​ស្តីពី​កសិកម្ម និង​វារីវប្បកម្ម​លើក​ទី​២​​នៅ​កោះ​ពេជ្រ​

1109
ចែករម្លែក

​ភ្នំពេញ​៖​កម្ពុជា​បានរៀបចំ​ពិព័រណ៍​ស្តីពី​កសិកម្ម បសុសត្វ ជលផល និង​វារីវប្បកម្ម​លើក​ទី​២​នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​សន្និបាត​កោះ​ពេជ្រ​ដើម្បី​បង្កើន​ផលិតភាព​ទៅលើ​វិស័យ​ទាំងនេះ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​សំដៅ​ចូលរួម​ប្រកួតប្រជែង​ផលិតផល​ដែល​នាំចូល​ពី​ប្រទេសជិតខាង​។​

កម្ពុជា​រៀបចំ​ពិ​ព័​ណ៍​កសិកម្ម បសុសត្វ​នៅ​កោះ​ពេជ្រ​

​លោក​បណ្ឌិត ស ចិ​ត្រា​អគ្គលេខាធិការរង​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​បាន​ថ្លែងថា​ពិ​ព័រ​ណ៍​ស្តីពី​កសិកម្ម និង​វារីវប្បកម្ម​នៅ​កម្ពុជា​នេះ​មានការ​បង្ហាញ​នូវ ​ម៉ាស៊ីន​, បរិក្ខារ និង​ផលិតផល​ផ្សេងៗ នៅក្នុង​វិស័យ កសិកម្មដូចជា​គ្រាប់​ធញ្ញជាតិ​, បន្លែ​, រុក្ខជាតិ​, ផ្កា​, ផលិតផល​ការពារ​រុក្ខជាតិ និង​ជីគីមី​កសិកម្ម​, , ចំណី​សត្វ និង​ការកែច្នៃ​សាច់​ជាដើម​។​​លោក​បន្តថា​ពិព័រណ៍​នេះ​មាន​សារសំខាន់​ណាស់​សម្រាប់​ផ្សារភ្ជាប់​រវាង​អាជីវករ​ក្នុងស្រុក​និង​ក្រៅ​ស្រុក​បានស្គាល់គ្នា​និង​រៀនសូត្រ​ពីគ្នា​ទៅវិញទៅមក​នូវ​បច្ចេកទេស​ថ្មីៗ ក៏ដូចជា​ផលិតផល​បសុសត្វ​និង ជលផល និង​វារីវប្បកម្ម​ថ្មីៗ​ទាក់ទិន​នឹង​វិស័យ​ទាំងនេះ​ក្នុងការ​សម្រេចបាន​នូវ​ទិន្នផល​ខ្ពស់​និង​មានគុណ​ភាពល្អអាចធ្វើ​ការប្រកួតប្រជែង​ជាមួយ​ផលិតផល​ដែល​នាំចូល​ពី​ក្រៅប្រទេស​។​

លោក​បាន​មានប្រសាសន៍​បន្តថា​ការរៀបចំ​ពិព័រណ៍​នេះ​ពិត​ជាមាន​សារសំខាន់​ណាស់​សម្រាប់​កសិករ​ក្នុងការ​នាំយកនូវ​កសិផល​ដែល​ផលិត​បានមក​បង្ហាញ​ដល់​ភ្ញៀវ​ជាតិ​អន្តរជាតិ ដើម្បី​ចាប់ដៃ​គូ​រវាង​អ្នក​ផលិត​និង​អ្នកទទួល​ទិញ​។​
លោក​ង្វៀន បា​វិញ អគ្គនាយក​ក្រុមហ៊ុន Minh Vi Exhibition & Advertising Service Co., Ltd​ដែលជា​អ្នករៀបចំ​ពិព័រណ៍​នេះ​បាន​មានប្រសាសន៍ថា​ពិ​ព័រ​ណ៌ និង ស​ន្និសិទ​អន្តរជាតិ​លើក​ទី​២ ស្តីពី​កសិកម្ម បសុសត្វ ជលផល និង​វារីវប្បកម្ម​នៅក្នុង​ប្រទេស​កម្ពុជា បាន​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​២​ដល់​ថ្ងៃទី​៤ សីហា ឆ្នាំ​២០១៧ នេះ​នៅ​ម​ជ្ឈ មណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ​ដោយមាន​ក្រុមហ៊ុន​ជាង ៤០ មកពី​សហរដ្ឋអាមេរិក​, តៃវ៉ាន់​, ម៉ាឡេស៊ី​, ចិន​, ថៃ​, កូរ៉េខាងត្បូង និង​វៀតណាម​និង​កម្ពុជា​ចូលរួម​ផងដែរ ៕ដោយៈសុផល