ដោយ: ពៅ និមល / ភ្នំពេញ: ស្របពេលដែលព្រឹត្តិការណ៍សប្ដាហ៍ស្ដីពីពាណិជ្ជកម្មតាមអេឡិចត្រូនិច (E-Commerce Week) បានរៀបចំឡើង នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។
រដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជាបានសង្ឃឹមទុកថា ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល នឹងអាចបង្ខិតនិងបង្កើតភាពងាយស្រួលដល់សហគ្រាសធុនតូចនិងមធ្យម (SME) ក្នុងការជួបជាមួយអតិថិជន និងធ្វើការផ្សព្វផ្សាយលក់ទំនិញ។
នៅក្នុងព្រឹត្តិការណ៍ខាងលើដែលរៀបចំដោយសន្និសីទសហប្រជាជាតិស្ដីពីពាណិជ្ជកម្ម និងអភិវឌ្ឍន៍ (UNCTAD) កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨កន្លងទៅនេះ។ វគ្គពិភាក្សាដំបូងគឺកិច្ចប្រជុំ តុមូលថ្នាក់រដ្ឋមន្ត្រី ស្ដីពីផលប៉ះពាល់របស់ប្រព័ន្ធឌីជីថលទៅលើការអភិវឌ្ឍដោយចេរភាព (Ministerial Roundtable: Digital Impacts on Sustainable Development) ដោយមានការចូលរួមពីរដ្ឋមន្ត្រីពាណិជ្ជកម្មមកពីប្រទេសលីបេរីយ៉ា អូហ្គង់ដា និងសេណេហ្គាល់។
នៅក្នុងបទអន្តរាគមន៍ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម បានសង្កត់ធ្ងន់លើការប្រើប្រាស់ប្រព័ន្ធឌីជីថលដើម្បីកាត់បន្ថយរបាំងសម្រាប់ការនាំចេញ ដើម្បីឲ្យសហគ្រាសធុនតូច និងមធ្យម អាចមានឱកាសចូលរួមធ្វើពាណិជ្ជកម្មនៅក្នុងទីផ្សារសកលលោកបាន។លើសពីនេះទៀត ការប្រើប្រាស់ប្រព័ន្ធឌីជីថលដែលមានភាពទូលំទូលាយ នឹងជំរុញឲ្យមានគំនិតច្នៃប្រឌិត និងនវានុវត្តថ្មីៗសម្រាប់ធ្វើពាណិជ្ជកម្ម បង្កើនសហគ្រិនភាព និងបង្កើតការងារសម្រាប់ស្ត្រី យុវជន និងអ្នកជំនួញដទៃទៀតដូចជាប្រជាពលរដ្ឋនៅតាមជនបទជាដើម។
លោករដ្ឋមន្ត្រីបានបញ្ចប់បទអន្តរាគមន៍ដោយគូសបញ្ជាក់ថា ទោះបីជាប្រព័ន្ធឌីជីថលមានផលប្រយោជន៍ច្រើនក៏ពិតមែន បញ្ហាប្រឈមទាំងឡាយ ដូចជាកង្វះខាតចំណេះដឹងលើប្រព័ន្ធព័ត៌មានវិទ្យា ហេដ្ឋារចនាសម្ព័ន្ធទាំងផ្នែករឹង និងទន់លិខិតបទដ្ឋានគតិយុត្តិត្រូវតែដោះស្រាយឲ្យបានរួចរាល់ មុននឹងអាចទាញយកផលប្រយោជន៍នេះបាន ហើយលោកក៏បានអំពាវនាវបន្ថែមទៀតទៅកាន់សហគមន៍ដៃគូអភិវឌ្ឍ ដើម្បីជួយកម្ពុជាក្នុងការងារនេះផងដែរ៕ ល