កម្ពុជា​ស្នើសុំ​អង្គការUNESCAP​ផ្តល់ជំនួយ​ផ្នែក​បច្ចេកទេស​ចរាចរណ៍​

328

(​ភ្នំពេញ​)៖​ដើម្បី​ពង្រឹងសមត្ថភាព​ក៏ដូចជា​ផ្តល់នូវ​ភាព​ជំនាញ​ដល់ មន្ត្រី​ប៉ូលីស​ចរាចរណ៍​និង​ពិសេស​ជួយ​លើកកម្ពស់​សុ​វត្ត​ភាព​ចរាចរណ៍​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​នោះ សម្ដេច​ក្រឡាហោម ស ខេង​ឧបនាយក​​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានស្នើ​ឲ្យ​គណៈកម្មការសេដ្ឋកិច្ច និង​សង្គមនៃ​អង្គការសហប្រជាជាតិ សម្រាប់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក (UNESCAP) ផ្ដល់ជំនួយ​ផ្នែក​បច្ចេកទេស និង​ថវិកា​នា​ថ្ងៃ​ខាងមុខ​។​

​ថ្លែង​នៅក្នុង​ពិធី​បិទ​សិក្ខាសាលា ស្ដីពី​បច្ចុប្បន្នភាព​គោលបំណង និង​គោលដៅ​ទសវត្សសុវត្ថិភាព​ចរាចរណ៍ ២០១១-២០២០ សម្រាប់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក នា​សណ្ឋាន​គារ កាំបូឌីយ៉ាណា​សម្ដេច ស ខេង​បាន​ថ្លែងឱ្យដឹងថា កម្ពុជា​បាន​កសាង​រួចរាល់ និងកំពុង​ខិតខំ​អនុវត្តគោលនយោបាយ​ជាតិស្ដីពី​សុវត្ថិភាព​ចរាចរណ៍ ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក តាមដាន​ត្រួតពិនិត្យ ធ្វើ​វិសោធនកម្ម​ច្បាប់និង​កសាង​ផែនការ​សកម្មភាពប្រចាំឆ្នាំដើម្បីឱ្យ​ស្របទៅតាម​ការ​អភិវឌ្ឍ​ន៍សេដ្ឋកិច្ច សង្គមកម្ពុជានិង​សាកលលោក​។​

​សម្ដេច ក្រឡាហោម សខេង​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុ​វត្តិភាព​ចរាចរណ៍​ផ្លូវគោក​បាន​បន្ត​ឱ្យដឹងថា “ ដោយ​កម្ពុជា​នៅមាន​កង្វះខាត លើ​ធនធាន​បច្ចេកទេស មនុស្ស និង​ថវិកា ខ្ញុំ​សូម​ឆ្លៀតឱកាស នេះ​សូម គណៈកម្មការ​សេដ្ឋកិច្ច និង​សង្គម នៃ​អង្គការសហប្រជាជាតិ សម្រាប់​តំបន់ អាស៊ី​ប៉ាស៊ីហ្វិក ជួយ​ដល់​កម្ពុជានិង​ប្រទេស ក្នុង​តំបន់អាស៊ី​ប៉ាស៊ីហ្វិកតាមរយៈ​ការបង្កើន​ការផ្ដល់​ជំនួយ ផ្នែក​បច្ចេកទេសថវិកា សម្រាប់​កសរ​ព​ង្រឹ​កនិង​ពង្រឹងសមត្ថភាព មន្ត្រី​ជំនាញ​ពាក់ព័ន្ធនិង​ការ​ទ្រទ្រង់​លើ​សកម្មភាព លើកកម្ពស់​សុវត្ថិភាព​ចរាចរណ៍ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់អាច​សម្រេចគោលដៅ​ទសវត្សរ៍ ដែល​ដាក់ចេញ​ដោយ​យូ​អិន នៅ​ឆ្នាំ​២០២០” ។​

​សម្តេច​សខេង​បានលើកឡើង​ផង​ថា បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ ជា​បញ្ហា​ប្រឈម​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ ពិការព្រមជាមួយ​នឹង​ការ បាត់បង់​ទ្រព្យសម្បត្តិ សាធារណៈនិង​ឯកជន​ជាច្រើន បណ្ដា​ឲ្យ​មាន​បញ្ហា និង​ការលំបាក​គួរ​ឲ្យ​ព្រួយបារម្ភ​ដល់​សង្គមជាតិ ។​

​សម្តេច​ស​ក្រឡាហោម​សខេង​បាន​មាន​ប្រសា​ស​ន៍ផង​ថា ក្នុងការ​អនុវត្តន៍​គោលដៅ​សហ​វត្សរ៍​រួម​និង​គោលដៅ​ទស​ត្ស​រ៍ សុ​វត្តិភាព​ចរាចរណ៍​របស់​អង្គការសហប្រជាជាតិ​ចាប់ពី​ឆ្នាំ​២០១៥​រហូតមកដល់​ឆ្នាំ​២០១៦​កន្លងមកនេះ​ឃើញថា​នៅ​កម្ពុ​ជាមាន​ចំនួន​អ្នក​គ្រោះថ្នាក់​ចរាចរណ៍​បាន​ថយចុះ​ច្រើន​ក្នុងនេះ​ដូចជា​ឆ្នាំ​២០១៦​ចំនួន​អ្នកស្លាប់​បាន​កាត់បន្ថយ​៣៧៩​នាក់​ដែល​កាលពី​ឆ្នាំ​២០១៥​អ្នកស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​មាន​២២៣១​ហើយ​នៅ​ឆ្នាំ​២០១៦​អ្នកស្លាប់​មាន​ចំនួន​តែ ១៨៥២​នាក់​។​ព្រោះតែ​ហេតុនេះហើយ​ទើប​កម្ពុជា​ត្រូវ​បានឈ្នះ​ក្នុង​កម្មវិធី​ពានរង្វាន់​របស់​ព្រះអង្គម្ចាស់ ម៉ៃ​ឃើ​ល​នៃ​ចក្រភព​អង់គ្លេស​តាមរយៈ​អង្គការ​មូលនិធិ​បង្ការ​បួស​អាស៊ី បានផ្តល់​នូវ​ពានរង្វាន់​កាលពី​ចុងឆ្នាំ​២០១៦​កន្លងមក​។​

គួរបញ្ជាក់​ថាបើ​តាម​នៅក្នុង​អង្គសិក្ខាសាលា​ស្តីពី​បច្ចុប្បន្នភាព​គោលបំណង​និង​គោលដៅ​ទស្សវត្ស​សុ​វត្តិភាព​ចរាចរណ៍​២០១១-២០២០ គឺ​បានដាក់​ទិសដៅ​ក្នុង​ឆ្នាំ​២០២០​ខាងមុខ​នឹង​ប្តេជ្ញាចិត្ត​ធ្វើការ​កាត់បន្ថយ​ចំនួន​អ្នកស្លាប់​និង​អ្នករបួស​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​អោយបាន​៥០​ភាគរយ​ផងដែរ​៕ដោយ​៖​ដេប៉ូ​/sn

សម្ដេច​ក្រឡាហោម ស ខេង​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ក្នុង​ពិធី​បិទ​សិក្ខាសាលា ស្ដីពី​បច្ចុប្បន្នភាព​គោលបំណង និង​គោលដៅ​ទស្សវត្ស សុវត្ថិភាព​ចរាចរណ៍ ២០១១-២០២០ សម្រាប់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក នា​សណ្ឋាន​គារ កាំបូឌីយ៉ាណា​កាលពី​ល្ងាច​ថ្ងៃទី​២៨​ខែកញ្ញា​ឆ្នាំ​២០១៧(​រូប​៖​ដេប៉ូ​)