កម្ពុជា​ស្វាគមន៍​ជានិច្ច​រាល់​វិនិយោគិន​ជប៉ុន​ដែលមាន​បំណង​ចង់​បង្កើត​ធុរកិច្ច​

841
ចែករម្លែក
​ជំនួប​រវាង​កម្ពុជា​និង​ជប៉ុន នៅ​ទីស្តីការ​ក្រ​សួ​ពាណិជ្ជកម្ម (​រូបថត ក្រសួង​)

ដោយ​: ពៅ និមល / ភ្នំពេញ​: ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម សេដ្ឋកិច្ច និង​វិនិយោគ រវាង​ប្រទេស​កម្ពុជា និង​ជប៉ុន​។ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​សន្យា​បន្ត​ផ្តល់​ការគាំទ្រ​គ្រប់បែបយ៉ាង​ជូន​វិនិយោគិន​ជប៉ុន ដែល​មានបំណង​បណ្តាក់ទុន​លើ​វិស័យ​ធុរកិច្ច​ផ្សេងៗ​នៅ​កម្ពុជា​។​

​ជំនួប​រវាង​លោក ម៉ាសា​ស្ហិ កូ​ណូ (Masashi Kono) ប្រធាន​អង្គការ​ពាណិជ្ជកម្ម​ក្រៅ​ស្រុក​ជប៉ុន (JETRO) ដែល​ត្រូវ​បញ្ចប់​អាណត្តិ​ការងារ​ក្នុង​សប្តាហ៍​នេះ និង​លោក មី​យ៉ា​អុ ម៉ាសា​ហ៊ិ​រ៉ុ (Miyao Masahiro) ដែល​នឹង​ក្លាយជា​ប្រធាន​អង្គការ JETRO ថ្មី នា​ព្រឹក​ថ្ងៃទី​០៤ ខែកក្កដា ឆ្នាំ​២០១៨​កន្លងទៅ នៅ​ទីស្តីការក្រសួង លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័​ក្ត បានលើកឡើង​ពី​ទំនាក់ទំនង​ល្អ​រវាង​ប្រទេស​ទាំងពីរ ដែល​បច្ចុប្បន្ន​បានក្លាយ​ជា​ដៃគូ​យុទ្ធសាស្ត្រ​លើ​ផ្នែក​ការទូត សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​។

​ជាមួយនេះ លោក​រដ្ឋមន្ត្រី​បាន​ជម្រាប​ភាគី​ជប៉ុន​ទៀតថា ក្រសួងពាណិជ្ជកម្ម​នៅតែ​បន្ត​ជួយ​សម្រួល​វិនិយោគិន​ជប៉ុន ក្នុងការ​បណ្តាក់ទុន ការចុះបញ្ជី​ក្រុមហ៊ុន និង​ការពង្រីក​ធុរកិច្ច​នៅក្នុង​ប្រទេស​កម្ពុជា​។ លើសពីនេះ លោក​ក៏បាន​ស្នើ​លោក​ប្រធាន​អង្គការ​ថ្មី ជំរុញ​វិនិយោគិន​ជប៉ុន ពង្រឹង​កិច្ចសហការ​ជាមួយ​សហគ្រាស​ធុន​តូច​និង​ធ​ម្យ​ម​កម្ពុជា (SME) ដើម្បី​អភិវឌ្ឍន៍​ផលិតផល​ខ្មែរ​ឲ្យ​មាន​គុណភាព​និង​ស្តង់ដារ​ខ្ពស់ សំដៅ​ឆ្លើយតប​តម្រូវការ​ទីផ្សារ​ក្នុងស្រុក​និង​នាំចេញ​ទៅកាន់​ទីផ្សារ​ជប៉ុន​។​

​លោក ប៉ាន សូរ​ស័ក្តិ បាន​បន្ថែមថា កម្ពុជា​កំពុង​ត្រូវការ​វិនិយោគិន​ជប៉ុន មក​សហការ​ជាមួយ SME ក្នុងការ​អភិវឌ្ឍ​ខ្សែសង្វាក់​តម្លៃ​ផលិតផល​មួយចំនួន ឲ្យ​មាន​គុណភាព​ខ្ពស់ និង​ស្តង់ដារ​បែប​ជប៉ុន ដើម្បី​ដាក់លក់​នៅ​ផ្សារ​ទំនើប អ៊ី​អន (AEON) និង​នាំចេញ​ជាដើម​។​

​ជាការ​ឆ្លើយតប​ភាគី​ជំនួប បាន​ថ្លែងអំណរគុណ​ដល់​កម្ពុជា ដែល​ចែករំលែក​នូវ​ព័ត៌មាន​ល្អៗ​ស្តីពី​ទំនាក់ទំនង​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា​និង​ជប៉ុន ព្រមទាំង​ផ្តល់​ការគាំទ្រ​ជានិច្ច​ចំពោះ​វិនិយោគិន​និង​ធុ​រ​ជប៉ុន ក្នុង​ការប្រកប​ធុរកិច្ច​នៅក្នុង​ប្រទេស​កម្ពុជា​។​

​ទន្ទឹមគ្នា​នោះ ភាគី​ជប៉ុន​បាន​សន្យា​ខិតខំ​ផ្សព្វផ្សាយ​អំពី​ឱកាស និង​សក្តានុពល​វិនិយោគ​របស់​កម្ពុជា ដល់​សហគមន៍​ធុរកិច្ច​នៅក្នុង​ប្រទេស​ជប៉ុន ដើម្បី​កៀងគរ​វិនិយោគិន​ជប៉ុន​ឲ្យ​ចូលមក​បណ្តាក់ទុន​កាន់តែច្រើន​លើ​វិស័យ SME និង​វិស័យ​អទិភាព​ផ្សេងៗ​របស់​កម្ពុជា សំដៅ​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ និង​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​៕ ល​