កម្ពុជា​អាចនឹងទទួល​បាន​ប្រេង​៣​ម៉ឺន​បារ៉ែល​ក្នុង​មួយថ្ងៃ​នៅ​ឆ្នាំ​២០១៩

1543
ចែករម្លែក

​ដោយៈ មុនី​រ័ត្ន​/​ច្រាយ ចំណាន​/ភ្នំពេញៈ ក្រុមហ៊ុន​មួយ​បានប្រកាសថា ខ្លួន​អាច​នឹង​ទាញយក​ដំណក់​ប្រេង​បាន​៣ ម៉ឺន បារ៉ែល​ក្នុង​មួយថ្ងៃ ពី​ប្លក A នៃ​ឆ្នេ​សមុទ្រ​កម្ពុជា​នៅ​ចុងឆ្នាំ​២០១៩​ខាងមុខនេះ​។​

ទីតាំង​បូម​ប្រេង​មួយកន្លែង​របស់​ក្រុមហ៊ុន KrisEnergy

​ក្រុមហ៊ុនគ្រី​ស​អេ​នើ​ជី អិ​ល​ធី​ឌី ដែលជា​ក្រុមហ៊ុន​រុករក​ប្រេង និង​ឧស្ម័ន​ឯករាជ្យបានប្រកាសនៅថ្ងៃទី១២​ខែ​វិច្ឆិកាថា ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ខ្លួន​គឺ SJ Production Barge Ltd បានផ្ដល់​កិច្ចសន្យា​ដល់​ក្រុមហ៊ុន Keppel Shipyard Ltd សម្រាប់​ការកែលម្អ និង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​នាវា​ផលិតកម្ម​របស់ខ្លួន សម្រាប់​ការប្រើ​ប្រាស់​ក្នុងការ​អភិវឌ្ឍន៍​អណ្ដូង​ប្រេងកាត​អប្សរា​នៅក្នុង​ប្លុក A ស្ថិតក្នុង​ដែនសមុទ្រ​កម្ពុជា​។

​​ក្រុមហ៊ុន​នេះ​បានប្រកាសថា “​អណ្ដូងប្រេង​អប្សរា គឺជា​ការអភិវឌ្ឍ អ៊ី​ដ្រូ​កាបូន​ដំបូង​គេ​បំផុត​ក្នុងប្រទេស​កម្ពុជា​”​។​
​ទំហំ ​ការងារ​ទទួលខុសត្រូវ​របស់​ក្រុមហ៊ុន Keppel Shipyard សម្រាប់​នាវា​ផលិតកម្ម​រួមមាន ការដំឡើង ម៉ូឌុល​​បង្កើត​ថាមពល ឈ្មោះ Electrical House ទីកន្លែង​ស្នាក់នៅ​ថ្មី និង​ការងារ​ជួសជុល​ដំឡើង​ផ្សេងៗ​ទៀត​។ នៅពេល​បញ្ចប់​ការងារ​សព្វគ្រប់ ក្នុងអំឡុង​ត្រីមាស​ទី​៣ ឆ្នាំ​២០១៩ នាវា​ផលិតកម្ម​នឹងមាន​សមត្ថភាព​ក្នុង ការ​ធ្វើ​ប្រព្រឹត្ត​កម្ម​សន្ទនីយ៍​រហូតដល់​ទៅ ៣០.០០០ បារ៉ែល​ក្នុង​មួយថ្ងៃ និង​មាន​បំពាក់​នូវ​ឋា​បនៈ​ភ័​ណ្ឌ ដែល​អាច​ញែក​ឧស្ម័ន ប្រេង និង​ទឹក​។

​ប្រភព​ដដែល​បាន​បន្តថា ទំហំ​ទឹកប្រាក់​នៃ​កិច្ចសន្យា​នេះ​គឺ​ប្រមាណ​ជា ២១,៧ លាន​ដុល្លារ​អាម៉េរិក ដែល​ក្នុង​នោះ ការទូទាត់​មួយ​ភាគ​នឹងត្រូវ​ធ្វើឡើង​ទៅតាម​លក្ខ​ខណ្ឌ​ពន្យារ​។ កិច្ចសន្យា​នេះ​ត្រូវបាន​ផ្ដល់ ស្របទៅ​តាម​កិច្ចព្រមព្រៀង សហប្រតិបត្តិការ ដែល​ធ្លាប់បាន​យល់ព្រម​ពីមុន​ជាមួយនឹង​ក្រុមហ៊ុន Keppel FELS Limited និង Keppel Shipyard ហើយ​គឺជា​ផ្នែក​មួយ​នៃ​ប្រតិបត្តិការ​បុគ្គល​ភាគី ដែល​នឹង​អនុវត្ត​ក្រោម​អាណត្តិ​ប្រតិបត្តិការ​បុគ្គល​ភាគី ដែល​យល់ព្រម និង​អនុម័ត​ដោយ​ភាគ​ហ៊ុ​និករ​បស់​ក្រុមហ៊ុន​នៅក្នុង​អង្គប្រជុំ​វិសាមញ្ញ​កាលពី​ថ្ងៃទី ២៦ ខែមេសា ឆ្នាំ​២០១៨ ។

​លោក ប្រេន ហែល​យ័ ( Brian Helyer) នាយករង​ផ្នែក​ប្រតិបត្តិ​របស់​ក្រុម​ហុន​គ្រី​ស​អេ​នើ​ជី បាន​ថ្លែងថា “​យើង​មាន​សេចក្តី​រីករាយ​ក្នុងការ​រួមដៃគ្នា​ធ្វើការ​ជាមួយនឹង​ក្រុមហ៊ុន Keppel Shipyard សម្រាប់​គម្រោង​អភិវឌ្ឍន៍​ប្រេង​ដ៏​ធំ​សម្រាប់​កម្ពុជា​នេះ​។ តាមរយៈ​ការជួយ​គាំទ្រ​ពី​ដៃគូ​ដែលមាន​បទពិសោធន៍ និង​មាន​សមត្ថភាព​បែបនេះ យើង​ជឿថា យើង​នឹង​អាច​អភិវឌ្ឍ​ប្រកបដោយ​ប្រសិទ្ធភាព​នូវ​ធនធាន​ប្រេង​ក្នុង​ប្លុក A ដើម្បី​ជា​ប្រយោជន៍​ដល់ ព្រះរាជាណាចក្រ​កម្ពុជា ក៏ដូចជា​ភាគី​ពាក់ព័ន្ធ​របស់​យើង​”​។

ទីតាំង​បូម​ប្រេង​មួយកន្លែង​របស់​ក្រុមហ៊ុន KrisEnergy

Keppel Shipyard គឺជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​មួយ​របស់​ក្រុមហ៊ុន Keppel Offshore & Marine Ltd (“Keppel O&M”)​។
​លោក ឆរ ហាវ ហ្សា​ត ( Chor How Jat) នាយក​គ្រប់គ្រង ផ្នែក​កែច្នៃ និង​ជួសជុល របស់ Keppel O&M និង​ជានា​យក​គ្រប់គ្រង​របស់ Keppel Shipyard បាន​ថ្លែងថា “​ជាមួយនឹង​បទពិសោធន៍​ជាច្រើន​លើ​ការងារ​គម្រោង​ជួសជុល កែច្នៃ និង​កែលម្អ Keppel Shipyard ពិត​ជាមាន​សមត្ថភាព​ក្នុងការ​រៀបចំ​ផ្នែក​វិស្វកម្ម និង​ផ្ដល់នូវ​ដំណោះស្រាយ​យ៉ាង​ទូលំទូលាយ​សម្រាប់​នាវា​ផ្សេងៗ​។ កិច្ចសន្យា​ថ្មី​ពី​ក្រុមហ៊ុន​គ្រី​ស​អេ​នើ​ជី​នេះ គឺជា​គម្រោង​ដំបូង​របស់​យើង​ដែល​ធ្វើ​រួមគ្នា ចាប់តាំងពី​មានការ​តែងតាំង​ក្រុមហ៊ុន Keppel O&M កាលពីដើម​ឆ្នាំនេះ ឲ្យ​ធ្វើជា​​ដៃគូ​សម្រាប់​កញ្ចប់​ការងារ​ផ្នែក​ដំណោះស្រាយ​ប្រេង និង​ឧស្ម័ន​ក្នុង​ដែនសមុទ្រ​”​។

​ក្រុមហ៊ុន​គ្រី​ស​អេ​នី​ជី​គឺជា​ប្រតិបត្តិ​ករ​នៃ​ប្លុក A របស់​កម្ពុជា ដែល​គ្របដណ្ដប់​លើ​ផ្ទៃដី​ទំហំ ៣.០៨៣ គីឡូម៉ែត្រ​ការ៉េ នៃ​អាង​សមុទ្រ​ខ្មែរ ក្នុង​ឈូង​សមុទ្រ​ថៃ ដែល​នៅ​ទីនោះ ជម្រៅ​ទឹក​គឺមាន​ចន្លោះ​ពី ៥០ ទៅ ៨០ ម៉ែត្រ​។ ដំណាក់កាល 1A នៃ​ការអភិវឌ្ឍន៍​អណ្ដូងប្រេង​អប្សរា រួមមាន​ផ្លាត​ហ្វ​ម​ក្បាល​អណ្តូង​ផលិតកម្ម ដែល​បញ្ជា​ពី​ចម្ងាយ​មួយ ទ្រទ្រង់​ដល់​អណ្តូង​បូម​ប្រេង​ចំនួន ២៤ ដែល​បញ្ជូន​សន្ទនីយ៍ ទៅកាន់​នាវា​ផលិតកម្ម មួយ ។ ប្រេង​ឆៅ​ដែល​ផលិត​បាន នឹងត្រូវ​បញ្ជូន​តាម​បំពង់​បង្ហូរ​ប្រេង​ប្រវែង ១,៥ គីឡូម៉ែត្រ ទៅកាន់​នាវាបណ្តែត ផ្ទុក និង​ផ្ទេរ​ប្រេង​អចិន្ត្រៃយ៍​មួយ​៕សរន