កម្ពុជា​ឯកភាព​ទ​លើ​លិខិត​របស់​សភាពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​កម្ពុជា​ផ្ញើ​ទៅកាន់​ស្នងការ​ទទួលបន្ទុក​ពាណិជ្ជកម្ម​

286

​ដោយ : មុនី​រ័ត្ន​/​ភ្នំពេញ ៖ ការិយាល័យ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា បាន​សម្ដែង​នូវ​អំណរ​សាទរ វាយ​តម្លៃ​ខ្ពស់ និង​ឯកភាព​ទាំងស្រុង​ចំពោះ​ស្មារតី នៃ​លិខិត​របស់​សភាពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​កម្ពុជា ផ្ញើ​ទៅកាន់​លោកស្រី Celilia Malmstrom ស្នងការ​ទទួលបន្ទុក​ពាណិជ្ជកម្ម នៃ​គណៈកម្មការ​អឺរ៉ុប ដោយបាន​សម្ដែង​នូវ​ក្ដីកង្វល់ អំពី​ដំណើរការ​ពាក់ព័ន្ធ នឹង​ការព្យួរ​កម្មវិធី​អនុគ្រោះ​ពន្ធ​សព្វសារពើ​លើកលែងតែ​គ្រឿង​សព្វាវុធ (EBAs) ។ នេះ​ជា​សក្ខីភាព​ដែល​បញ្ជាក់ ជា​សាកល​យ៉ាងច្បាស់​ថា ការដកហូត កម្មវិធី​អនុគ្រោះ​ពន្ធ​សព្វ​សារ​ពើ​លើកលែងតែ​គ្រឿង​សព្វាវុធ (EBAs) ជាការ​បង្ក​ឲ្យ​មាន​ផលវិបាក ដែល​ប៉ះពាល់​ដល់​ប្រយោជន៍​ផ្នែក​ពាណិជ្ជកម្ម​យូរអង្វែង របស់​សហភាព​អឺរ៉ុប​នៅ​កម្ពុជា​។​

លោកផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា

​នៅក្នុង​សេចក្តីប្រកាស​ព័​ត៌មាន​របស់​ការិយាល័យ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា កាលពី​ថ្ងៃទី​១៧ ខែតុលា បាន​ឲ្យ​ដឹងថា សភាពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា ក្នុងនាម​ជា​តំណាង​របស់​ផ្នែក​ឯកជន និង​ជា​ផ្នែក​មួយ​នៃ​សង្គម​ស៊ីវិល​នៅក្នុង​ប្រទេស​កម្ពុជា បាន​ឲ្យ​តម្លៃ​ក្នុង​កិច្ច​ប្រតិបត្តិ​យ៉ាងខ្ពស់ និង​ជឿជាក់​យ៉ាងខ្លាំង ចំពោះ​ស្មារតី​នៃ​កិច្ចសហប្រតិបត្តិការ ដែល​អាចធ្វើ​ឲ្យ​ការអភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា កាន់តែ​ទទួលបាន​ភាពប្រសើរឡើង​ខ្លាំង​ថែមទៀត​។​

​ជាមួយនឹង​កិច្ចសន្ទនា​យ៉ាង​ខ្ជាប់ខ្ជួន ប្រកបដោយ​ជោគជ័យ និង​បែប​ស្ថាបនា រវាង​ផ្នែក​ឯកជន និង រាជ​រដ្ឋា​ភិ​- បាល​កម្ពុជា ក្នុង​កិច្ចខិតខំ ដែល​ផ្ចង់​ទៅលើ​ការធ្វើ​ឲ្យ​កំណើនសេដ្ឋកិច្ច​ឋិត​ឋេ​រ​យូរអង្វែង និង​ការចូលរួម​គ្រប់​ភាគី​ពាក់ព័ន្ធ តាមបែប​ស្ថាបនា ដែល​អាច​នាំ​ប្រទេស​កម្ពុជា ឆ្ពោះទៅរក​ប្រជាធិបតេយ្យ​ភាវូបនីយកម្ម ។ ការព្យួរ​ភាពអនុគ្រោះ​ពន្ធ​(EBAs) គឺជា​ការប្រថុយប្រថាន​មួយ នាំមក​នូវ​ផលប៉ះពាល់​អវិជ្ជមាន​យូរអង្វែង គឺ​ពិតជា​នឹង​គំរាម​ដោយផ្ទាល់ ដល់​សមត្ថភាព​ប្រកួតប្រជែង​ផ្នែក​ធុរកិច្ច របស់​អឺរ៉ុប​នៅក្នុង​ប្រទេស​កម្ពុជា និង​ប៉ះពាល់​ដល់ ជំហរ​របស់​សហភាព​អឺរ៉ុប នៅក្នុង​ការលើកកម្ពស់​របៀបវារៈ ពាណិជ្ជកម្ម និង​ឧ​ត្ត​មា​នុ​វត្ត​ភាព​របស់ខ្លួន ដែល​វា​ធ្វើ​ឲ្យ​ភាព​មានប្រៀប​ប្រកួតប្រជែង នៃ​ធុរកិច្ច​អឺរ៉ុប​ធ្លាក់ចុះ ។ ការព្យួរ ឬ​ការដាក់ទណ្ឌកម្ម​លើ​កម្ពុជា នៅក្នុង​យថាហេតុ​ណាមួយ គឺ​មិនមែនជា​ឧ​ត្ត​ម​គតិ ដូច​កិច្ច​សហ​-​ប្រតិបត្តិការ​នោះទេ​។​

​រាជរដ្ឋាភិបាល​កម្ពុជា នៅតែ​ប្រកាន់​ជំហរ​ដ៏​រឹងមាំ ក្នុង​កិច្ចសហការ​គ្រប់​ជ្រុងជ្រោយ និង​លើកតម្កើង​ផលប្រយោជន៍​រួមគ្នា​ទៅវិញទៅមក​។​

​រាជរដ្ឋាភិបាល​កម្ពុជា សូម​ប្រសិទ្ធពរ​បវរ​ជោគជ័យ ជូន​ដល់​សភាពាណិជ្ជកម្ម​អឺរ៉ុប ដែល​តំណាង​ឲ្យ​ប្រយោជន៍​ផ្នែក​ឯកជន​របស់​អឺរ៉ុប ដែលមាន សហគមន៍​ធុរកិច្ច​មកពី​ប្រទេស​បារាំង អាល្លឺម៉ង់ ចក្រភព​អង់គ្លេស អ៊ីតាលី ស៊ុយអែដ ន័​រ​វ៉េ​ស ហ្វាំ​ង​ឡង់ អ៊ី​ស្លង់ ហើយ​បន្តិចទៀត​នឹងមាន​ការចូលរួម​រប​ស់​សាខា​ធុរកិច្ច នៃ​ប្រទេស​ប៊ែ​ល​ហ្ស៊ិ​ក ហូ​ឡង់ និង លុច​សំបួរ ទៀតផង​។​

​សភាពាណិជ្ជកម្ម​អឺរ៉ុប ប្រចាំ​កម្ពុជា EuroCham បាន​សម្តែង​ក្តីកង្វល់​ធ្ងន់ធ្ងរ​អំពី​ដំណើរការ​ឆ្ពោះទៅ​ដកហូត​ភាពអនុគ្រោះ​ផ្នែក​ពាណិជ្ជកម្ម នៅក្រោម​របប “​អ្វីៗ​ទាំងអស់​លើកលែងតែ​គ្រឿង​សព្វាវុធ​( EBA,Everything But Arms ) ចេញពី​កម្ពុជា​។ ជាមួយនឹង​ក្តីបារម្ភ​នេះ សភាព​ពាណិជ្ជកម្ម​អឺរ៉ុប ប្រចាំ​កម្ពុជា EuroCham ក៏បាន​បង្ហាញ​ក្តីបារម្ភ​ពី​ផលវិបាក ដែល​ការដកហូត​នេះ អាច​បង្ក​ឲ្យ​មាន​ដល់​ប្រយោជន៍​ផ្នែក​ពាណិជ្ជកម្ម​យូរអង្វែងរ​បស់​សហភាព​អឺរ៉ុប នៅក្នុង​ប្រទេស​កម្ពុជា​។​

​ក្នុង​លិខិត​ជូន​ចំពោះ​លោកស្រី Cecilia Malmstrom ស្នងការ​ទទួលបន្ទុក​ពាណិជ្ជកម្ម របស់​សហភាព​អឺរ៉ុប ចុះ​ថ្ងៃទី​១៥ ខែតុលា សភាពាណិជ្ជកម្ម​អឺរ៉ុប ប្រចាំ​កម្ពុជា ក៏បាន​គូសបញ្ជាក់ថា “​យើងខ្ញុំ ទទួលស្គាល់ថា ពេលនេះ មិនទាន់មាន​ការសម្រេច​ណាមួយ ត្រូវបាន​ធ្វើឡើង ដើម្បី​ព្យួរ ឬ​ដកហូត​ឋានៈ​អនុគ្រោះ EBA ពី​ប្រទេស​កម្ពុជា នៅឡើយ​ទេ ហើយ​យើង​នៅតែ​សង្ឃឹមថា នឹងមាន​ការចរចា​ប​ន្ត​ទៅទៀត ដើម្បី​ស្វែងរក​ឲ្យ​ឃើញ​នូវ​វិធី​កាន់តែ​ប្រសើរ​សម្រាប់​ឆ្លើយតប​ទៅនឹង​ក្តីកង្វល់​នានា​របស់​សហភាព​អឺរ៉ុប​”​។​

ក្នុង​លិខិត​ដដែល ដែល​បាន​ចម្លងជូន​ប្រធានសភា​អឺរ៉ុប ប្រធាន​គណៈកម្មការ​អឺរ៉ុប តំណាង​ជាន់ខ្ពស់​របស់​សហ​ភា​អឺរ៉ុប ទទួលបន្ទុក​កិច្ចការបរទេស ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប ប្រចាំ​កម្ពុជា ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប ប្រចាំ​នៅ​អាស៊ាន បណ្តា​ស្ថានទូត​នៃ​ប្រទេស​រដ្ឋ​សមាជិក​នៃ​សហភាព​អឺរ៉ុប ប្រចាំ​នៅ​កម្ពុជា និង​ក្រុមប្រឹក្សានាយក​នៃ​សភាពាណិជ្ជកម្ម​អឺរ៉ុប ប្រចាំ​នៅ​កម្ពុជា ដែល​ត្រូវបាន​គេ​ផ្សព្វផ្សាយ​នៅ​រសៀល​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៨ សភាពាណិជ្ជកម្ម​អឺរ៉ុប ប្រចាំ​នៅ​កម្ពុជា EuroCham បាន​ទទូច​ឲ្យ​សហភាព​អឺរ៉ុប ធ្វើការ​វាយតម្លៃ​ឲ្យ​បាន​ស៊ីជម្រៅ​ជាមុនសិន អំពី​ផលវិបាក ដែល​អាច​បង្កឡើង​ដោយ​ការព្យួរ​ឋានៈ​ភាពអនុគ្រោះ​ក្រោម​របប EBA នេះ​។

សភាពាណិជ្ជកម្ម​អឺរ៉ុប ប្រចាំ​នៅ​កម្ពុជា EuroCham ក៏បាន​ស្នើ​សូម​ឲ្យ​សហភាព​អឺរ៉ុប រក​ផ្លូវ​ធ្វើ​ចំណាត់ការ​ផ្សេង​វិញ ដើម្បី​លើកស្ទួយ​គុណ​តម្លៃ​របស់​សហភាព​អឺរ៉ុប គឺ​តាមរយៈ​សកម្មភាព​សហ​ប្រតិបត្តិការ ជាជាង​ការអនុវត្ត​វិធានការ​ព្យួរ ឬ​វិធានការ​ដាក់ទណ្ឌកម្ម ពាក់ព័ន្ធ​នឹង​របប​អនុគ្រោះ EBA​។​
​សភាពាណិជ្ជកម្ម​អឺរ៉ុប ប្រចាំ​នៅ​កម្ពុជា EuroCham ក៏បាន​លើកឡើងថា “​ការអនុម័ត​យល់ព្រម​ដល់​ការបើក​នីតិវិធី​ព្យួរ​ភាពអនុគ្រោះ​នេះ ( EBA ) នឹង​បំផ្លាញចោល​អស់​ទៅវិញ​នូវ​កិច្ចការ​តស៊ូ​មតិ​ដ៏​មាន​ប្រសិទ្ធ​ភាពខ្លាំង ដែល​ត្រូវបានធ្វើ​រួចមកហើយ​អស់​ជាច្រើន​ឆ្នាំ ដែល​ក​​ន្ល​ង​មកនេះ បានធ្វើ​ឲ្យ​បរិស្ថាន​ធុរកិច្ច ទទួលបាន​ភាពល្អប្រសើ​រ​ប្រកបដោយ​អត្ថន័យ​ច្រើន​”​។​

សភាពាណិជ្ជកម្ម​អឺរ៉ុប ប្រចាំ​នៅ​កម្ពុជា EuroCham ក៏បាន​លើកឡើងថា នីតិវិធី ឈានដល់​ការព្យួរ​ភាព​​អនុគ្រោះ​ពន្ធ EBA ចេញពី​កម្ពុជា ក៏​ដើរ​ផ្ទុយទៅនឹង​កម្មវិធី ICI+ Programme របស់​សហភាព​អឺរ៉ុប​ដែរ ដែល​ស្វែងរក​ធ្វើការ​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​ជាមួយ​ដៃគូ​ពាណិជ្ជកម្ម ពីព្រោះថា វា​នឹងធ្វើ​ឲ្យ​យើង​ជួប​ការលំបាក​កាន់តែខ្លាំង​ឡើងដល់​ការតស៊ូ​មតិ​ឲ្យ​មនា​ការពាក់ព័ន្ធ​កាន់តែ​ធំធេង​ថែមទៀត ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ប្រសិនបើ​សហភាព​អឺរ៉ុប ត្រូវបាន​គេ​មើលឃើញថា កំពុងតែ​ងាក​ចេញពី​កិច្ចសន្ទនា​ដោយ​ចំហ ដែល​កំពុងតែ​ត្រូវបានធ្វើ​។​

​ជាមួយនឹង​លើកឡើង​ខាងលើ សភាពាណិជ្ជកម្ម​អឺរ៉ុប ប្រចាំ​នៅ​កម្ពុជា EuroCham ក៏បាន​សង្កត់ធ្ងន់​ជាមួយ​ភាពប្រាកដប្រជា​ថា ការព្យួរ​ភាពអនុគ្រោះ EBA គឺជា​ការប្រថុយប្រថាន​មួយ នាំមក​នូវ​ផលប៉ះពាល់​អវិជ្ជមាន​យូរអង្វែង​។ ការព្យួរ ឬ​ការដាក់ទណ្ឌកម្ម​បន្ថែម ពិតជា​នឹង​គំរាម​ដោយផ្ទាល់​ដល់​សមត្ថភាព​ប្រកួតប្រជែង​ផ្នែក​ធុរកិច្ច​របស់​អឺរ៉ុប នៅក្នុង​ប្រទេស​កម្ពុជា និង​ដល់​ជំហរ​របស់​សហភាព​អឺរ៉ុប នៅក្នុង​ការលើកកម្ពស់​របៀបវារៈ​ពាណិជ្ជកម្ម និង​ឧ​ត្ត​មា​នុ​វត្ត​ភាព​របស់ខ្លួន ដោយ​វា​ធ្វើ​ឲ្យ​ភាព​មានប្រៀប​ផ្នែក​ប្រកួតប្រជែង​នៃ​ធុរកិច្ច​អឺរ៉ុប​ធ្លាក់ចុះ​នៅក្នុង​បរិបទ​មួយ ដែល​ប្រទេស​ចិន កំពុងតែ​បង្កើន​វត្តមាន​របស់ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា និង​នៅក្នុង​តំបន់​។

​បន្ថែម​លើ​នេះ សភាពាណិជ្ជកម្ម​អឺរ៉ុប ប្រចាំ​នៅ​កម្ពុជា EuroCham បាន​បញ្ជាក់ថា ការព្យួរ​ភាពអនុគ្រោះ ក៏​នឹង​បន្ថយ​ផងដែរ នូវ​សមត្ថភាព​ប្រកួតប្រជែង​របស់​កម្ពុជា​នៅក្នុង​តំបន់ និង​បន្ទាប​ឋានៈ​របស់​ប្រទេស​កម្ពុជា ក្នុងនាម​ជា​ប្រទេស​មានការ​អភិវឌ្ឍ​តិចតួច​។​

​ជាថ្មី​ម្តងទៀត សភាពាណិជ្ជកម្ម​អឺរ៉ុប ប្រចាំ​នៅ​កម្ពុជា EuroCham បាន​លើកឡើងថា “​ការចាប់ផ្តើម​ដំណើរការ​ព្យួរ​ភាពអនុគ្រោះ EBA ឬក៏​ការដាក់ទណ្ឌកម្ម​ជា​ឯកតោភាគី​រយៈពេល​ខ្លី​ណាមួយ អាច​នាំមក​នូវ​ផលប៉ះពាល់​អវិជ្ជមាន​យូរអង្វែង ដែល​វា​មិនមែនជា​ឧបករណ៍​មួយ មាន​ប្រសិទ្ធភាព​សម្រាប់​កែលម្អ​ដំណើរការ​ប្រជាធិបតេយ្យ ឲ្យ​ប្រសើរឡើង ដូច​កិច្ចសហប្រតិបត្តិការ​ទេ​។ នៅក្នុង​ករណី​ប្រទេស​កម្ពុជា ការព្យួរ​ភាព​អនុ​គ្រោះ EBA នឹង​ដើរ​ផ្ទុយ​ពី​របៀបវារៈ​ពាណិជ្ជកម្ម​របស់​សហភាព​អឺរ៉ុប និង​ការប្តេជ្ញាចិត្ត​របស់ខ្លួន ចំពោះ​ការបញ្ចូល​ប្រទេស​កំពុងអភិវឌ្ឍន៍​ទៅក្នុង​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​ពិភពលោក និង​ផ្ទុយ​ពី​គោលការណ៍​អឺរ៉ុប ក្នុងការ​ប្រើប្រាស់​ពាណិជ្ជកម្ម​ជា​វ៉ិ​ច​ទ័​រ​សំខាន់ សម្រាប់​សាយភាយ​គុណ​តម្លៃ​ប្រជាធិបតេយ្យ​”​ ៕B