កម្ពុជា​-​កូរ៉េ ប្ដេជ្ញា​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ឲ្យ​កើន​ដល់​៥​ពាន់​លាន​ដុល្លារ នៅ​ឆ្នាំ​២០២០

376

(​ភ្នំពេញ​) ៖ នៅ​ឆ្នាំ​២០២០​ខាងមុខ កម្ពុជា​-​កូរ៉េខាងត្បូង បាន​សន្យា​រួមគ្នា​ថា នឹងធ្វើ​ឲ្យ​កំណើន​ពាណិជ្ជកម្ម រវាង​ប្រទេស​ទាំងពីរ​កើន​​ឡើង​រហូតដល់ ៥.០០០​លាន​ដុល្លារ ។​

ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ​ទទួលជួប​លោក ហោ ណាំហុង និង​លោក គីម វុន​ជិន ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ ចប់​អាណត្តិ​នៅថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៧

​លោក សុខ សុ​រ័ត្ន​វឌ្ឍនៈ ជំនួយការ​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បាន​ថ្លែង​ក្រោយ​បញ្ចប់​ជំនួប រវាង​លោក ហោ ណាំហុង និង​លោក គីម វុន​ជិន (Kim Weon-Jin) ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ ចប់​អាណត្តិ​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៧​ថា “​អំពី​បញ្ហា​វិនិយោគ​និង​បញ្ហា​​ពាណិជ្ជកម្ម រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​កូរ៉េ​ឆ្នាំ​២០១៥ មាន​ទឹកប្រាក់​ចំនួន ៦០២​លាន​ដុល្លារ​។ លោក​ឧបនាយករដ្ឋមន្ត្រី​​សង្ឃឹមថា នៅ​ឆ្នាំ​២០២០ នឹង​កើន​ដល់​៥០០០​លាន​ដុល្លារ​” ។

​លោក​បន្តថា ចំពោះ​ការវិនិយោគ​៣​ខែ​ឆ្នាំ​២០១៧ មាន​ទឹកប្រាក់​ជាង​១៥​លាន​ដុល្លារ​។
​ ​
​ពាក់ព័ន្ធ​ការផ្តល់​ទិដ្ឋាការ​វិញ លោក​គូសបញ្ជាក់ថា សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានប្រកាស​នៅ​ថ្ងៃទី​១ ខែធ្នូ ថា​នឹង​ផ្ដល់​ទិដ្ឋាកា ដល់​អ្នកវិនិយោគ​កូរ៉េ ក្នុង​រយៈពេល​៣​ឆ្នាំ ដែល​បានមក​វិនិយោគ នៅ​កម្ពុជា​កន្លងមក​។​
​ ​
​សម្រាប់​ភ្ញៀវ​ទេសចរណ៍​កូរ៉េ ដែល​បានមក​ទស្សនា​នៅ​កម្ពុជា ឆ្នាំ​២០១៦ មាន​ជិត​៣៦​ម៉ឺន​នាក់ និង​រយៈពេល​៥​ខែ ដើមឆ្នាំ​២០១៧ មាន​ជិត​១៧​ម៉ឺន​នាក់​។ សម្រាប់​ពលករ​ខែ្មរ ដែល​បានធ្វើការ​នៅ​កូរ៉េ មាន​ជិត​៦​ម៉ឺន​នាក់ (​សម្រាប់​ខែកក្កដា​ឆ្នាំ​២០១៧)​។​
​ ​
​ក្នុងឱកាស​នោះដែរ លោក គីម វុន​ជិន បាន​ថ្លែងថា លោក​នឹង​ខិតខំ​ឲ្យ​មានការ​បន្ថែម ចំនួន​ពលករ​ទៅធ្វើ​ការ​នៅ​កូរ៉េ​បន្តទៀត និង​បន្ថែម​វគ្គ​បណ្ដុះបណ្ដាល សម្រាប់​និស្សិត មន្ត្រីរាជការ និង​បញ្ហាសំខាន់ៗ​មួយចំនួនទៀត​៕​ដោយ​៖​វិបុល​/sn