កម្ពុជា​-​ចិន​ឯកភាពគ្នា​រៀបចំ​ព្រឹត្តិការណ៍​ទេសចរណ៍ និង​វប្បធម៌​រួមគ្នា​ឱ្យបាន​ច្រើន​

128
ចែករម្លែក

ដោយ​: មូល​សម្បត្តិ / ភ្នំពេញ​: លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ពាំនាំ​ព័ត៌មាន​គួរ​ជាទី​មោទនៈ​បន្ថែមទៀត​ពី​ដំណើរ​ទស្សនកិច្ច​របស់​ក្រសួងទេសចរណ៍ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក្រសួងការបរទេស និង​សហ​ប្រ​ត្តិ​ប​ត្តិ​ការ​អន្តរជាតិ​របស់​កម្ពុជា​នៅ​ខេត្ត​ហឺ​ណាន ប្រទេស​ចិន ដោយ​ភាគី​កម្ពុជា​-​ចិន​បាន​ឯកភាពគ្នា​ប្ដេជ្ញា​បង្កើត​ព្រឹត្តិការណ៍​ទេសចរណ៍ វប្បធម៌ និង​កីឡា​ជាមួយគ្នា​ឱ្យបាន​កាន់តែច្រើន​។​

​ដំណើរ​ទស្សនកិច្ច​នេះ​បាន​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​២០-២១ ខែមករា ឆ្នាំ​២០២០ ក្នុងនោះ​ភាគី​កម្ពុជា​ដែល​ដឹកនាំ​ដោយ​រដ្ឋមន្ត្រី ថោង ខុន បាន​ជួប​សវនាការ​ជាមួយ​លោក ស៊ី លី​អ៊ី (Xu Liyi) សមាជិក​គណៈកម្មការ​អចិន្ត្រៃយ៍​បក្ស​កុម្មុយនីស្ដ​ចិន​ខេត្ត​ហឺ​ណាន និង​ជា​លេខាធិការ​គណៈកម្មការ​ប​ក្ស​ក្រុង​ស៊ិន​ចូ​វ (Zhengzhou) និង​ជួប​ជាមួយ​លោក តា​យ ប៉ាយ​ហ័​រ (DAI Baihua) អភិបាលរង​ខេត្ត​ហឺ​ណាន ដើម្បី​សុំ​ការគាំទ្រ​ត្រៀម​រៀបចំ​ពិធី​បិទ «​ឆ្នាំ​ទេសចរណ៍ និង​វប្បធម៌​កម្ពុជា​-​ចិន​» និង​ពិភាក្សា​ការងារ​លើ​កិច្ចការ​មួយចំនួនទៀត ដើម្បី​ជំរុញ​ការផ្សព្វផ្សាយ​ទេសចរណ៍ ការទាក់ទាញ​វិនិយោគ​ប្រកបដោយ​គុណភាព​មកកាន់​កម្ពុជា​។​

​លោក បាន​លើកឡើងថា ដោយមាន​ការឯកភាព​ពី​រាជរដ្ឋាភិបាល​កម្ពុជា និង​ការគាំទ្រ​ពី​ក្រសួង​វប្បធម៌ និង​ទេសចរណ៍​ចិន ភាគី​កម្ពុជា​-​ចិន​បានជ្រើសរើស​ឆ្នាំ​២០១៩ ជា​ឆ្នាំ​ទេសចរណ៍ និង​វប្បធម៌​រួមគ្នា ដែល​បាន​ប្រារព្ធ​ពិធី​បើក​កាលពី​ខែមករា ឆ្នាំ​២០១៩ នៅ​រាជធានី​ភ្នំពេញ ហើយនឹង​រៀបចំ​ពិធី​បិទ​វិញ​នា​ខែមេសា ឆ្នាំ​២០២០ នៅ​ទីក្រុង​ស៊ិន​ចូ​វ ខេត្ត​ហឺ​ណាន ដែលជា​ខេត្ត​មួយ​ដ៏​ធំ​មាន​ប្រជាជន​ប្រមាណ​ជាង ១០០​លាន​នាក់ និង​មាន​កម្រិតជីវភាព​រស់​នៅ​ខ្ពស់​។​

​ក្នុង​គោលដៅ​ទាក់ទាញ​ទេសចរ​ចិន​ប្រកបដោយ​គុណភាព លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា ឆ្លើយតប​នឹង​សំណើ​របស់​កម្ពុជា ភាគី​ចិន​បាន​គាំទ្រ​កម្ពុជា​លើ​ការជំរុញ និង​ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា ក៏​ដូច​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់​ប្រសើរឡើង ស្របតាម​ស្មារតី​នៃ​សហគមន៍​វាសនា​រួម​នៃ​ប្រជាជាតិ​កម្ពុជា​-​ចិន​៖

១៖ សហការ​គាំទ្រ​រៀបចំ​កម្មវិធី​បិទ​ឆ្នាំ​ទេសចរណ៍ និង​វប្បធម៌​កម្ពុជា​-​ចិន ដែល​នឹង​អាច​រៀបចំឡើង​នា​ដើមខែ​មេសា ឆ្នាំ​២០២០ ខាងមុខ​។​

២៖ គាំទ្រ​ការប្រកាស​បើក​ឲ្យ​មាន​មហោស្រព​វប្បធម៌ និង​ទេសចរណ៍​កម្ពុជា​ប្រចាំឆ្នាំ​នៅ​ខេត្ត​ហឺ​ណាន​។​

៣៖ សម្របសម្រួល​ឲ្យ​មានការ​ហោះហើរ​ត្រង់ នៃ​ក្រុមហ៊ុន​អាកាសចរណ៍​កម្ពុជា អង្គរ អែរ និង​អាកាសចរណ៍​កម្ពុជា​ផ្សេងទៀត​ឱ្យ​បើក​ការហោះហើរ​ត្រង់​រវាង​កម្ពុជា និង​ក្រុង​ស៊ិន​ចូ​វ​ឲ្យ​បាន​ទាន់​កម្មវិធី​បិទ​ឆ្នាំ​ទេសចរណ៍ និង​វប្បធម៌​ខាងមុខនេះ​។​

៤៖ ចំពោះមុខ ភាគី​ចិន​នឹង​ផ្ដល់​កិច្ចសហការ​ឲ្យ​មាន​ការិយាល័យ​តំណាង​ទេសចរណ៍​កម្ពុជា​នៅ​ក្រុង​ស៊ិន​ចូ​វ ហើយ​ភាគី​ចិន​គាំទ្រ​សហការ​ជំរុញ​គំនិត​ផ្ដួចផ្ដើម​បង្កើត​អគ្គ​កុងស៊ុល​កម្ពុជា​នៅ​ទីក្រុង​ស៊ិន​ចូ​វ​។​

៥៖ ដោយ​ខេត្ត​ហឺ​ណាន់​ជាដើម​កំណើត​នៃ​ទីតាំង​វត្ត​សាវ​លី​ញ ដែលមាន​ការបង្ហាត់បង្រៀន​ក្បាច់គុន​កុង​ហ្វ៊ូ វូ​ស៊ូ (Wushu) លោក​អភិបាលខេត្ត​បាន​សន្យាថា​នឹង​ជួយ​បណ្តុះបណ្តាល​កីឡាករ និង​គ្រូបង្ហាត់​កម្ពុជា​ផងដែរ​។​

​គួររំលឹកថា កាលពី​ឆ្នាំ​២០១៩ កម្ពុជា​ទទួល​ទេសចរ​អន្តរ​ជាតិប្រមាណ ៦.៧​លាន​នាក់ ក្នុង​កំណើន​ជាង ៨% ក្នុងនោះ​ទេសចរ​ចិន​មាន​ប្រមាណ ២.៥​លាន ក្នុង​អត្រាកំណើន ២៥%៕ ល​