កម្ពុជា​-​ចិន ចុះហត្ថលេខា​លើ​អនុស្សរណៈ​ចំនួន​បី​ដើម្បី​ជួយ​បរិស្ថាន ប្រព័ន្ធ​អេកូឡូស៊ី និង​ជីវៈចម្រុះ​នៅ​កម្ពុជា ​

1351
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ ក្រសួងបរិស្ថាន​កម្ពុជា និង​ចិន បាន​សហការគ្នា​ដើម្បី​រួមគ្នា​ដោះស្រាយ​បញ្ហា​បំពុល បរិស្ថាន និង​ជួយ​គាំពារ​បរិស្ថាន តាមរយៈ​ការពង្រីក​វិសាលភាព និង​សមត្ថភាព​វិភាគ ទៅលើ​គុណភាព​ខ្យល់ ទឹក និង​ដី ដែល​នឹង​ជួយ​ធ្វើឱ្យ​បរិស្ថាន​ក្នុងប្រទេស​កម្ពុជា ពិសេស​រាជធានី​ភ្នំពេញ កាន់​តែមាន​ភាពប្រសើរ​។​
​កិច្ចព្រមព្រៀង​ស្តីពី​កិច្ចសហប្រតិបត្តិការ​ផ្នែក​បរិស្ថាន​ចំនួន​៣​រួមមាន​៖ ការបង្កើត​មជ្ឈមណ្ឌល សហប្រតិបត្តិការ​បរិ​ស្ថាន​កម្ពុជា​-​ចិន​, កិច្ចសហប្រតិបត្តិការ​អភិរក្ស​ជីវៈចម្រុះ​កម្ពុជា​-​ចិន និង​គម្រោង​ឧបត្ថម្ភ​ម៉ាស៊ីន​សម្អាត​ទឹក​កខ្វក់ ត្រូវបាន​ចុះហត្ថលេខា ដោយ​មន្ត្រីជាន់ខ្ពស់​រប​ស់​ក្រសួងបរិស្ថាន​កម្ពុជា​និង​ក្រសួងបរិស្ថាន​ចិន នៅ​ព្រឹក​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០១៨​នៅ​ទីស្តីការ​ក្រសួងបរិស្ថាន​។​

កម្ពុជា​-​ចិន ចុះហត្ថលេខា​លើ​អនុស្សរណៈ​ចំនួន​បី​ដើម្បី​ជួយ​បរិស្ថាន ប្រព័ន្ធ​អេកូឡូស៊ី និង​ជីវៈចម្រុះ​នៅ​កម្ពុជា

​សូមបញ្ជាក់ថា នៅក្រោយ​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ ភាគី​ទាំងពីរ ក៏បាន​ដាក់ឱ្យ​ប្រើប្រាស់​នូ​វ «​ការិយាល័យ​រៀបចំ​បង្កើត​មជ្ឈមណ្ឌល សហប្រតិបត្តិការ​បរិ​ស្ថាន​កម្ពុជា​-​ចិន​» ដែលជា​ផ្នែក​មួយ​នៃ​ការបង្កើន​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា លើ​ការលើកកម្ពស់​កិច្ច​គាំពារ​បរិស្ថាន និង​គ្រប់គ្រង​វិស័យ​បរិស្ថាន​នៅ​កម្ពុជា​ឱ្យមាន​ប្រសិទ្ធភាព​ផងដែរ​។​
​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ដែល​អញ្ជើញ​ចូលរួម​ជា​សក្ខីភាព​ក្នុង​ពិធី​ចុះហត្ថលេខា​បាន​ថ្លែង ថា​«​ឯកសារ​ដែល​ចុះ​កិច្ចព្រមព្រៀង​រួមគ្នា​នេះ​នឹង​កំណត់​ទិសដៅ​ច្បាស់លាស់ សម្រាប់​កិច្ច​គាំពារ​បរិស្ថាន​នៅ​កម្ពុជា តាមរយៈ​ការជួយ​បណ្តុះបណ្តាល​ដល់​មន្ត្រី​កម្ពុជា ដើម្បី​ឱ្យមាន​សមត្ថភាព ក្នុង​អនុវត្ត​ការងារ​បរិស្ថាន ប្រកបដោយ​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល ព្រមទាំង​ផ្តល់នូវ​ព័ត៌មាន​ជាក់លាក់​មួយ ដែល​ធ្វើឱ្យ​វិស័យ​បរិស្ថាន​ឱ្យ​កាន់តែ​ប្រសើរឡើង​»​។​

​លោក ចាវ យី​ង​មីន (ZHAO Yingmin) អនុរដ្ឋមន្ត្រី​ក្រសួង​អេកូឡូស៊ី​និង​បរិស្ថាន​ប្រទេស​ចិន បានឱ្យដឹងថា កិច្ចសហការ​នេះ ផ្តោតលើ​ការបំពុល​ខ្យល់អាកាស ការបំពុល​ទឹក និង​ការបំពុល​ដី ដោយ​ក្នុងនោះ​ភាគី​ចិន អាច​ចែករំលែក​បទពិសោធន៍​និង​ផ្តល់ព័ត៌មាន​ដែល​អាចឆ្លើយតប ទៅ​តម្រូវការ​សម្រាប់​ដោះស្រាយ​បញ្ហា ក្នុង​វិស័យ​បរិស្ថាន​របស់​ប្រទេស​កម្ពុជា​បាន​។​
​លោក​បន្តថា នេះ​ជា​កិច្ចសហការ​ដ៏​ល្អ​មួយ​របស់​រាជរដ្ឋាភិបាល កម្ពុជា​-​ចិន ក្នុងការ​រួមគ្នា​ដោះស្រាយ​បញ្ហា​បរិស្ថាន ប្រព័ន្ធ​អេកូឡូស៊ី និង​ជីវៈចម្រុះ ដែល​បាន​នឹង​កំពុង​រង​ការបំពុល​ដោយ​ការអភិវឌ្ឍ និង​ការប្រែប្រួល​អាកាសធាតុ​។​
​គួរ​ជម្រាប​ថា នៅ​រសៀល​ថ្ងៃ​ដដែល​គណៈប្រតិភូ ក៏បាន​អញ្ជើញ​ទស្សនកិច្ច​ស្ថានីយ​ត្រួតពិនិត្យ​គុណភាព​ទឹក​ស្វ័យប្រវត្តិ​នៅ​កោះ​ពេជ្រ ដែ​លេ​ជា​គម្រោង​កិច្ចសហការ​រវាង​ក្រសួងបរិស្ថាន និង​មជ្ឈមណ្ឌល​ស្រាវជ្រាវ​សម្រាប់​វិទ្យាសាស្ត្រ​បរិស្ថាន​អេកូឡូស៊ី នៃ​បណ្ឌិតសភា​វិទ្យាសាស្ត្រ​ចិន និង​ក្រុមហ៊ុន Lihe Technology (Hunan) Co., Ltd ធ្វើឡើង​តាម​កិច្ចព្រមព្រៀង​ផ្តល់​ជំនួយឥតសំណង ដែលមាន​ថវិកា​សរុប​២១៧.១៦៣​ដុល្លារ​អាមេរិក​។​
​ស្ថានីយ​តាមដាន​គុណភាព​ទឹក ដែ​មាន​ទំហំ​៤​ម៉ែត្រ​គុណ​៥,៧០​ម៉ែត្រ លើ​ច្រាំង​ទន្លេចតុមុខ កោះ​ពេជ្រ​នេះ គឺ​ធ្វើ​ពី​បេតុង​អា​មេ គ្រោង​ដែក និង​ដំបូល​ប្រក​ស័ង្កសី ហើយ​ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​កាលពី​ខែមីនា​បន្ទាប់ពី​បាន​សាងសង់ និង​បំពាក់​ឧបករណ៍​តាមដាន​គុណភាព​ទឹកទន្លេ​ស្វ័យប្រវត្តិ​រួចរាល់​៕

កម្ពុជា​-​ចិន ចុះហត្ថលេខា​លើ​អនុស្សរណៈ​ចំនួន​បី​ដើម្បី​ជួយ​បរិស្ថាន ប្រព័ន្ធ​អេកូឡូស៊ី និង​ជីវៈចម្រុះ​នៅ​កម្ពុជា