កម្ពុជា​-​ចិន បាន​បញ្ចាំង​ខ្សែភាពយន្ត​រួមគ្នា ជូន​ដល់​ប្រជាពលរដ្ឋនៅក្នុង​ខេត្តសៀមរាប​ទស្សនា​

1268
ចែករម្លែក

ដោយ​: គូលែន / សៀមរាប​: នា​ល្ងាច​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៨ ដើម្បី​ជំរុញ​ការផ្លាស់ប្ដូរ​លើ​វិស័យ​វប្បធម៌​សិល្បៈ​និង​ភាពយន្ត រវាង​ប្រទេស​ទាំងពីរ​កម្ពុជា​-​ចិន ឱ្យបាន​កាន់តែ​ស៊ីជម្រៅ​ថែម​មួយកម្រិត​ទៀត​នោះ​កម្ពុជា​-​ចិន​បាន​បញ្ចាំង ខ្សែភាពយន្ត​រួមគ្នា​ជូន​ដល់​ប្រជាពលរដ្ឋ នៅក្នុង​ខេត្តសៀមរាប​ទស្សនា និង​ស្វែងយល់​ពី​វប្បធម៌​ទៅវិញទៅមក ក្នុង​គោលដៅ​រឹតចំណង​មិត្តភាពរ​វា​ង​ប្រជាជន នៃ​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​រឹងមាំ​បន្ថែមទៀត​។​

​ដំណើរ​ភាពយន្ត​ចល័ត​ចិន​-​កម្ពុជា​ដ៍​ឆ្នើម​លើក​ទី​៣​កាលពី​រាត្រី​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៨ នេះ​បានធ្វើ​ដំណើរ​ទៅដល់​ក្រុង​សៀមរាប ដោយបាន​នាំយក​នូវ​ខ្សែភាពយន្ត​ល្អៗ​មក​បញ្ចាំង​ជូន​ប្រជាពលរដ្ឋ​ទស្សនា​ដោយ​សេរី​នៅ​សួនច្បា​មុខ​ព្រះរាជដំណាក់​នៃ​ក្រុង​សៀមរាប​។​

​លោក LIU ZHIJIE អគ្គ​កុងស៊ុល​ចិន​ប្រចាំ​ខេត្តសៀមរាប បាន​មានប្រសាសន៍ថា នៅក្នុង​ព្រឹត្តិការណ៍​នេះ គឺ​បាន​នាំមក​នូវ​ខ្សែរ​ភាពយន្ត​ចិន​-​ខ្មែរ​ដ៏​ឆ្នើម​សរុប​ចំនួន​៨​រឿង ចាក់​បញ្ចាំង​ជូន​ប្រជាពលរដ្ឋ​ទស្សនា​ដោយ​សេរី​ចំនួន​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​៩ ដល់​១១ ធ្នូ ២០១៨ ពោលគឺ​បន្ទាប់ពី​បញ្ចប់​ដោយ​ជោគជ័យ​នៅ​ខេត្តបាត់ដំបង​។​

​លោក​បាន​បន្តថា នៅ​រាត្រី​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៨ ដែលជា​ថ្ងៃ​ចុងក្រោយ​សម្រាប់​នៅ​ខេត្តសៀមរាប គឺមាន​បញ្ចាំង​ខ្សែភាពយន្ត​ពីរ​រឿង ក្នុងនោះ​ខ្សែភាពយន្ត​ចិន​មាន​ចំណងជើង​ថា “​ប្រតិបត្តិការ​សមុទ្រ​ក្រហម​” ជា​ប្រភេទ​រឿង​សង្គ្រាម​ដោយមាន​ឆាកប្រយុទ្ធ​គ្នា​ដើម្បី​ជម្លៀស​ជនជាតិ​ចិន ដែលជា​រឿង​ទទួលបាន​នូវ​ភាពល្បីល្បាញ និង​ទទួល​ពានរង្វាន់​ឆ្នើម​នៅក្នុង​ប្រទេស​ចិន និង​ខ្សែភាពយន្ត​ខ្មែរ​មាន​ចំណងជើង​ថា​”​កំបិត​ត្នោត​” ដែលជា​ខ្សែភាពយន្ត​អប់រំ ដ៍​ល្អ​មួយ​នៅ​កម្ពុជា​។

​លោក មឿ​ន វីរៈ ជា​ប្រជាពលរដ្ឋ​ម្នាក់​ដែល​បាន ទៅ​ទស្សនាការ​បញ្ចាំង​ខ្សែភាពយន្ត​កម្ពុជា​-​ចិន នៃ​ព្រឹត្តិការណ៍​ដំណើរ​ភាពយន្ត​ចល័ត​ចិន​-​កម្ពុជា នៅ​សួនច្បា​មុខ​ព្រះរាជដំណាក់​ក្រុង​សៀមរាប បាន​ថ្លែងថា តាមរយៈ​ព្រឹត្តិការណ៍​នេះ​ធ្វើ​ឲ្យ​ជនជាតិ​ចិន​និង​ខ្មែរ​បាន​ស្វែងយល់​ពី​វប្បធម៌​ពីគ្នា​ទៅវិញទៅមក ធ្វើ​ឲ្យ​ចំណងមិត្តភាព​រវាង​ប្រទេស​ទាំងពីរ​កាន់តែ​រឹងមាំ និង​ជិតស្និត​បន្ថែមទៀត​។ លោក​យល់ថា សកម្មភាព​ចាក់​ប​ញ្ជាំ​ង​ភាពយន្ត​រួមគ្នា​នេះ​នឹង​ជំរុញ​ការផ្លាស់ប្ដូរ​លើ​វិស័យ​វប្បធម៌​សិល្បៈ និង​ភាពយន្ត​រវាង​ប្រទេស​ទាំងពីរ​កម្ពុជា​-​ចិន​ឱ្យបាន​កាន់តែ​ស៊ីជម្រៅ​ថែម​មួយកម្រិត​ទៀត​។​
លោក រី អ​ញ្ជា​លី អនុប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ ខេត្តសៀមរាប​បាន​មានប្រសាសន៍ថា ការ​បញ្ចាំង​ខ្សែភាពយន្ត​ចិន​-​កម្ពុជា​នេះ ជា​កិច្ច​សហប្រតិបត្តិ​គ្នា​ល្អ ដើម្បី​ស្វែងយល់​ពី​វប្បធម៌​ពីគ្នា​ទៅវិញទៅមក​រវាង​ប្រទេស​ទាំងពីរ​។

​លោក​បន្តថា កម្ពុជា​-​ចិន គឺមាន​ទំនាក់ទំនង​ការទូត​ជាមួយគ្នា​តាំង​សម័យបុរាណ​មក​ម្លេះ ដូច្នេះ​ការដាក់​បញ្ចាំង​ខ្សែភាពយន្ត​រួមគ្នា​នេះ និង​ជំរុញ​ឱ្យ​ទំនាក់ទំនង​នៃ​ប្រទេស​ទាំង​កាន់តែ​រឹងមាំ និង​មាន​ភាពល្អ​ប្រសើរឡើង ជាពិសេស​ពាក់ព័ន្ធ​ទៅនឹង​វិស័យ​វប្បធម៌ សិល្បៈ និង​ភាពយន្ត​។

​លោក​បាន​បញ្ជាក់ថា ព្រឹត្តិការណ៍​បញ្ចាំង​ខ្សែភាពយន្ត​រួមគ្នា​រវាង​កម្ពុជា​-​ចិន នេះ​ដំណើរការ​ទៅ​ក្រោម​កិច្ចសហប្រតិបត្តិការ​រ​វាង​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក្រសួង​ព័ត៌មាន សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​វិទ្យុ​មិត្តភាព​កម្ពុជា ចិន​។

​គួររម្លឹកថា​ព្រឹត្តិការណ៍ “​ដំណើរ​ភាពយន្ត​ចល័ត​ចិន​-​ខ្មែរ​ដ៏​ឆ្នើម​” នេះ បានចាប់ផ្ដើម​ដំណើរការ​តាំងពី​ឆ្នាំ​២០១៦​មកម្ល៉េះ ដោយ​ក្រុមការងារ​ចាក់​បញ្ចាំងភាពយន្ត​ដែល​មកពី​វិទ្យុ​មិត្តភាព​កម្ពុជា​ចិន បានធ្វើ​ដំណើរ​ទៅកាន់​១៤​ខេត្ត​ក្រុង​រាជធានី​នៃ​ប្រទេស​កម្ពុជា និង​បាន​ចូលទៅ​ដល់ទី​ជនបទ​ដាច់ស្រយាល សហគមន៍ សាលារៀន បន្ទាយ​យោធា និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ជាដើម ព្រមទាំង​បាន​ចាក់​បញ្ចាំង​នូវ​ភាពយន្ត​ចិន​-​ខ្មែរ​ដ៏​ឆ្នើម​ចំនួន​ជាង​១០​រឿង និង​មាន​ចំនួន​២៤​លើក ដែលមាន​ប្រជាជន​ជាង​បួន​ម៉ឺន​នាក់​បាន​ចូលរួម​ទស្សនា​៕