កម្ពុជា​-​ចិន ប្រកាស​យក​ឆ្នាំ​២០១៩ ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​រួម​គ្នា​លើ​វិស័យ​ទេសចរណ៍ និង​វប្បធម៌​

764
ចែករម្លែក

ដោយ:មូល​សម្បត្តិ​/​ភ្នំពេញ​ ៖ រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជា​និ​ត​ចិន បានកំណត់​យក​ឆ្នាំ​២០១៩ ជា​ពេល​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​រួម​គ្នា​លើ​វិស័យ​ទេសចរណ៍ និង​វប្បធម៌ ឬ​ហៅថា «​ឆ្នាំ​វប្បធម៌ និង​ទេសចរណ៍​កម្ពុជា​-​ចិន​»​។​

​ដើម្បី​ចូលរួម​អបអរសាទរ​ឆ្នាំ​វប្បធម៌ និង​ទេសចរណ៍​កម្ពុជា​-​ចិន​នេះ គណៈប្រតិភូ និង​បេសកជន​ចិន​ប្រមាណ​២​ពាន់​នាក់ បានធ្វើ​ដំណើរ​មក​ចូលរួម​ជាមួយ​កម្ពុជា​នៅ​រាជធានី​ភ្នំពេញ​។​

​ពិធី​ប្រកាស​បើក​ជា​ផ្លូវការ​ត្រូវបាន​ធ្វើឡើង​ក្រោម​អធិបតីភាព​លោក ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី និង​លោក ចាង ហ្ស៉ី អនុរដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​ទេសចរណ៍​ចិន រួម​នឹង​វត្តមាន​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក អ៊ុក សុជាតិ រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ឯកឧត្តម វ៉ាង វិ​ន​ធាន ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា នៅ​សាល​មហោស្រព​កោះ​ពេជ្រ នា​រាត្រី​ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០១៩​។​

​លោក ប៊ិន ឈិន បានឱ្យដឹងថា វិស័យ​ទេសចរណ៍ គឺជា​វិស័យ​អាទិភាព​មួយ​នៃ​ផែនការ​សកម្មភាព​ក្នុង​គោលដៅ​ជំរុញ​វិនិយោគ និង​លំហូរ​ទេសចរ​នៃ​ប្រទេស​ទាំងពីរ ដោយ​យក​ឆ្នាំ​វប្បធម៌ និង​ទេសចរណ៍​កម្ពុជា​-​ចិន ២០១៩ ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ច​កិច្ចសហប្រតិបត្តិការ​រួម​គ្នា​លើ​ផ្នែក​ទេសចរណ៍ និង​វប្បធម៌​រវាង​ប្រទេស​ទាំងពីរ​បន្ថែមទៀត មានដូចជា​ការជំរុញ​ការផ្សព្វផ្សាយ​ទេសចរណ៍​រួមគ្នា ការផ្លាស់ប្ដូរ​ទស្សនកិច្ច​សិក្សា ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស ការសម្ដែង​សិល្បៈ​រួមគ្នា​ជាដើម​។​

​លោក​ថា «​ឆ្នាំ​វប្បធម៌ និង​ទេសចរណ៍​កម្ពុជា​-​ចិន​» នឹង​ក្លាយជា​ចលករ​ក្នុង​ការជំរុញ​ថែមទៀត​នៃ​ទំនាក់ទំនង​រវាង​ប្រជាជន​កម្ពុជា និង​ប្រជាជន​ចិន ការផ្លាស់ប្ដូរ​វប្បធម៌​រវាង​គ្នា ក៏ដូចជា​ការជំរុញ​លំហូរ​ទេសចរ​ទៅវិញទៅមក​ក្នុង​បរិបទ​នៃ​កិច្ចសហប្រតិបត្តិការ​ថ្មី មិត្តភាព​កាន់តែ​ស៊ីជម្រៅ ហើយក៏​នឹង​បង្កើតបានជា​ឱកាស​ថ្មីៗ​ថែមទៀត ក្នុងការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍ និង​វប្បធម៌​។​

​លោក បានស្នើ​ឲ្យ​ក្រសួងទេសចរណ៍ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​កម្ពុជា ឆ្លៀតឱកាស​នៃ​ឆ្នាំ​វប្បធម៌ និង​ទេសចរណ៍​កម្ពុជា​-​ចិន រៀបចំ​ដាក់ចុះ​នូវ​ផែនការ​សកម្មភាព​នានា ស្របតាម​ស្មារតី​នៃ​សហគមន៍​វាសនា​រួម​កម្ពុជា​-​ចិន សំដៅ​បង្កើត​កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍ​ជាក់ស្ដែង រវាង​ប្រទេស​ទាំងពីរ ហើយក៏​ស្នើ​ឲ្យ​ភាគី​ចិន​ជួយ​សម្រួល និង​ជំរុញ​ការអនុវត្ត​ផែនការ​សកម្មភាព​ទាំងនោះ​ផងដែរ​៕​B/Ha

#