កម្ពុជា​-​ថៃ​ប្តេជ្ញា​រឹតចំណង​សាមគ្គីភាព​និង​កិច្ចសហប្រតិបត្តិការ​តាម​ខ្សែរ​បន្ទាត់​ព្រំដែន​

111

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​មេទ័ព​កម្ពុជា​និង​មេទ័ព​ថៃ​កាលពី​ថ្ងៃទី​៩​ខែមករា​ឆ្នាំ​២០១៩​បាន​ប្តេជ្ញា​បន្ត​រឹតចំណង​សាមគ្គីភាព​និង​កិច្ចសហប្រតិបត្តិការ​ល្អ​នៅតាម​ខ្សែរ​បន្ទាត់​ព្រំដែន​ដើម្បី​ភាព​រីកចម្រើន​របស់​ប្រទេស និង​ប្រជាពលរដ្ឋ​ទាំងពីរ​ផងដែរ​។

​ការប្តេជ្ញាចិត្ត​របស់​មេ​ទ័ព​នៃ​ប្រទេស​ទាំងពីរ​នេះ​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​នៅ​ច្រក​អានសេះ​ស្ថិត​ក្នុងភូមិ​អានសេះ ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។​កិច្ចប្រជុំ​នេះ​ភាគី​កម្ពុជា​ដឹកនាំ ឧ​ត្ត​ម​សេនីយ៍​ឯក ស្រី ឌឹ​ក មេបញ្ជាការរង​កងទ័ព​ជើងគោក​និង​ជា​មេបញ្ជាការ​កងពលធំ​អន្តរាគមន៍​លេខ​៣​ជា​ប្រធាន​គណៈបញ្ជាការ​សមរភូមិ​ទិស​ទី​១​ប្រាសាទព្រះវិហារ​។​ក្នុងនោះ​មានការ​ចូលរួម​ពី​លោក​ជា​គឹម​សេង​អភិបាលស្រុក​ជាំ​ក្សាន្ត ព្រមទាំង​ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ជាច្រើនរូប​។

​ចំណែក​ភាគី​ថៃ​ដឹកនាំ​ដោយ វរសេនីយ៍ឯក ណាត់ ស៊ី​អ៊ី​ន មេបញ្ជាការរង​កងក​ម្លាំ​ង​សុរះ​នារី និង​លោក​អភិបាល ស្រុក​ណាំ​យឺន ខេត្ត​អ៊ូ​ប៊ុន ព្រមទាំង​កងកម្លាំង​ជាច្រើនរូប​ផងដែរ​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស្រី ឌឹ​ក បានឱ្យដឹងថា បច្ចុប្បន្ននេះ​សភាពការណ៍​នៃ​ការប៉ះទង្គិច​គ្នា គឺ​មិនមាន​ទេ មានតែ​ការ​ណាត់​ជួបគ្នា​សម្រួល​រាល់​បញ្ហា មានការ​ស្និទ្ធស្នាល​គ្នា ហើយ​កម្លាំង​ជួរមុខ មិនមាន​បញ្ហា​ប្រឈម ពិសេស​ប្រជាជន​ទាំងពីរ​មានការ​ទំនាក់ទំនង​ល្អ​។

លោក​បាន​ថ្លែងអំណរគុណ​ចំពោះ មេបញ្ជាការ​កងកម្លាំង​សុរះ​នារី​ថៃ ដែល​បាន​ជួយ​សម្រួល​ឱ្យ ប្រជាពលរដ្ឋ​ទាំងពីរ​បាន​រកស៊ី ទទួលទាន​ជាមួយគ្នា ដោយ​សុខដុមរមនា ដែល​ពីមុន​ច្រក​អានសេះ អាច​ដំណើរ​មួយអាទិត្យ​ម្តង តែ​ពេលនេះ​យើង​អាច​បើក​ដំណើរការ​មួយអាទិត្យ​៣​ថ្ងៃ​។​

​លោក​សង្កត់ធ្ងន់ថា បញ្ហា​ច្រក​មិនមែន​មួយឆ្នាំ​អាច​បើក​បានទេ ព្រោះ​ត្រូវការ​ពេលវេលា​វែង អាច​មួយឆ្នាំ ឫ​លើសពីនេះ​ទៀត ដើម្បី​ដំណើរ​ការបើក ឫក៍​មុននឹង បើសិនជា​ដំណើរការ​បានល្អ​។ ជាមួយគ្នា​នោះ លោក​បាន​ជម្រុញ​ឱ្យ​ភាគី​ថៃ​ត្រូវធ្វើ​អ្វីដែល​ដូច​ពីមុន​ចំពោះ​ការលក់ដូរ​របស់​ប្រជាពលរដ្ឋ​សូមឱ្យ​ធ្វើ​ដូច​ពីមុន​កុំឱ្យ​មានការ​កំណត់​លើ​ការទិញ​លើ​មុខទំនិញ​ផ្សេងៗ​ដើម្បី​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ទាំងសងខាង​។​

ដោយឡែក​លោក​វរសេនីយ៍ឯក ណាត់ ស៊ី អ៊ី​ន ក៏បាន​ឯកភាព​ចំពោះ​ការស្នើរ​ឡើង ដោយ​ភាគី​កម្ពុជា និង​ជម្រុញ​ឱ្យ​កងកម្លាំង​នៅតាម​ព្រំដែន​ត្រូវ​ឧស្សាហ៍​ជួបគ្នា​ញឹកញាប់​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្សេងៗ​។​ចំពោះ​ការស្នើរ​របស់​ភាគី​កម្ពុជា​កុំឱ្យ​មានការ​កំណត់​បញ្ហា​លក់ដូរ​ទំនិញ​រវាង​ប្រជាពលរដ្ឋ​នៅ​ច្រក​អានសេះ​នោះ​លោក​និង​យក​សំណើរ​នេះ​ទៅ​រាយការណ៍​ជូន​លោក​មេបញ្ជាការ​កងកម្លាំង​សុរះ​នារី​ថៃ ដើម្បី​ដោះស្រាយ​នៅពេល​ក្រោយៗ ទៀត​៕S/