កម្ពុជា​-​ថៃ ឯកភាពគ្នា​ដំឡើង​ច្រកព្រំដែន​ចំនួន ៤ ទៀត ឱ្យ​ក្លាយជា​ច្រកព្រំដែន​អន្តរជាតិ ដើម្បី​បង្កើន​ទំនាក់ទំនង​សេដ្ឋកិច្ច​

1117
ចែករម្លែក
  • 10
    Shares

​ភ្នំពេញ៖ ច្រកទ្វារព្រំដែន​កម្ពុជា​-​ថៃ ចំនួន ៤ ទៀត នឹងត្រូវ​ដំឡើង ទៅជា​ច្រកទ្វារព្រំដែន​អន្តរជាតិ​ដើម្បី​បង្កើន​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​តាម​បណ្តោយ​ព្រំដែន​។

​ច្រកព្រំដែន​កម្ពុជា​-​ថៃ ទាំង ៤ ដែល​នឹង​ដំ​ឡើងជា​ច្រកព្រំដែន​អន្តរជាតិ រួមមាន​៖ ទី​១- ច្រកព្រំដែន​ភ្នំ​ដី ឬ​គីឡូ​១៣ ក្នុងស្រុក​សំពៅ​លូន ខេត្តបាត់ដំបង របស់​កម្ពុជា ទល់នឹង​ច្រក​ខោ​ឌី​ន ក្នុង​ខេត្ត​ស្រះកែវ ប្រទេស​ថៃ​។ ទី​២- ច្រកព្រំដែន​អានសេះ ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ព្រះរាជាណាចក្រ​កម្ពុជា ទល់នឹង​ច្រក​អាន​ម៉ា ខេត្ត​កេ​ត​វ័ន​ឡា​សុថា​នី ប្រទេស​ថៃ​។ ទី​៣- ច្រកព្រំដែន​ជប់​គគីរ ក្នុងស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ ព្រះរាជាណាចក្រ​កម្ពុជា ទល់នឹង​ច្រក​សាយ​តា​គូ ខេត្ត​បូរី​រ៉ាំ ប្រទេស​ថៃ​។ ទី​៤- ច្រកទ្វារព្រំដែន​ថ្មដារ ក្នុងស្រុក​វាលវែង ខេត្តពោធិ៍សាត់ ព្រះរាជាណាចក្រ​កម្ពុជា ឈម​នឹង​ច្រក​បាន​ថា​សេន ក្នុង​ខេត្ត​ត្រាត ប្រទេស​ថៃ​។​

​ការសម្រេច​ដំឡើង​ច្រកទ្វារព្រំដែន ៤ ឲ្យ​ទៅជា​ច្រកព្រំដែន​អន្តរជាតិ​នេះ ត្រូវបាន​ភាគី​កម្ពុជា​-​ថៃ ឯកភាពគ្នា ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ ថៃ​-​កម្ពុជា (GBC) លើក​ទី​១៣ នៅ​ទីក្រុង​បាងកក កាលពី​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៨​។

​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ ថៃ​-​កម្ពុជា (GBC) លើក​ទី​១៣ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ កាលពី​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៨ ដឹកនាំ​កិច្ចប្រជុំ​ដោយ​សហប្រធាន គឺ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ប្រា​វីត វង្ស​សុវណ្ណ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ការពារ​ប្រទេស​ថៃ និង​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា​។​

​សូមបញ្ជាក់ថា ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ ថៃ​-​កម្ពុជា (GBC) លើក​ទី​១៣ នៅ​ទីក្រុង​បាងកក ប្រមុខ​ការពារជាតិ​ក​ម្ពុ​ជា និង​ថៃ បាន​ព្រមព្រៀងគ្នា​ថា ច្រកព្រំដែន​អន្តរជាតិ​ភ្នំ​ដី ក្នុងស្រុក​សំពៅ​លូន ខេត្តបាត់ដំបង របស់​កម្ពុជា ទល់នឹង​ច្រក​ខោ​ឌី​ន ក្នុង​ខេត្ត​ស្រះកែវ របស់​ថៃ គឺ​ភាគី​ទាំងពីរ នឹង​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ នៅ​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០១៨ ខាងមុខនេះ​។ រីឯ​ច្រកព្រំដែន​អន្តរជាតិ​ថ្មី ៣​ទៀត នឹង​បើកសម្ពោធ ដាក់​ឲ្យ​ដំណើរការ​ជា​បន្តបន្ទាប់​ទៀត​។​

បច្ចុប្បន្ននេះ កម្ពុជា មាន​ច្រកព្រំដែន​អន្ដរជាតិ សរុប​ចំនួន ២៤ ដែល​ក្នុងនោះ រួមមាន​៖ ច្រកព្រំដែន​អាកាស​យាន្ដ​ដ្ឋា​ន​អន្ដរជាតិ មាន​ចំនួន​៣ ច្រកព្រំដែន​កំពង់ផែ​អន្ដរជាតិ ចំនួន​៤ និង​ច្រកទ្វារព្រំដែន​អន្ដរជាតិ មាន​ចំនួន​១៧​។ ក្នុងនោះ ច្រកព្រំដែន​អន្តរជាតិ កម្ពុជា​-​វៀតណាម មាន​ចំនួន​១០ កម្ពុជា​-​ថៃ មាន​ចំនួន​៦ និង​កម្ពុជា​-​ឡាវ មាន​ចំនួន ១​កន្លែង​៕ ដោយ៖ ម៉េងឆៃ