កម្ពុជា​-​បង់​ក្លា​ដេ​ស​ចង់ឃើញ​កិច្ចសហប្រតិបត្តិកា​រវិ​ស័​យ​ពាណិជ្ជកម្ម​វិនិយោគ​និង​ទេសចរណ៍​កាន់តែ​រីកចម្រើន​

99
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​ប្រទេស​កម្ពុជា​និង​បង់​ក្លា​ដែ​សបាន​សន្យា​នឹង​ពង្រឹងពង្រីក​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​និង​ចង់ឃើញ​វិស័យ​ពាណិជ្ជកម្ម​វិនិយោគ​និង​ទេសចរណ៍​កាន់តែ​រីកចម្រើន​។​ក្នុងឱកាស​ទទួល​ជួប​សវនាការ​ជាមួយ លោក ណា​ហ្ស​មុ​ល កាវ​និ​ន (Md. Nazmul Quaunine)​ឯកអគ្គរដ្ឋទូត​ថ្មី នៃ​សាធារណរដ្ឋ​ប្រជាមានិត​បង់​ក្លា​ដេ​ស​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​កាលពី​ព្រឹក​ថ្ងៃទី​១០​ខែតុលា​ឆ្នាំ​២០១៩​នៅ​វិមាន​រដ្ឋសភា​សម្តេច​អគ្គ​មហា​ពញា​ចក្រីហេងសំរិនប្រធានរដ្ឋសភាបានស្នើដល់លោកឯកអគ្គរដ្ឋទូតធ្វើកិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​បណ្តា​ក្រសួង​ស្ថាប័ន​នានា​របស់​កម្ពុជា​សំដៅ​ពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​នានា​ឱ្យ​កាន់តែ​ស្អិតរ​មួ​ត​ថែមទៀត​។​ចំពោះ​រដ្ឋសភា​បាន​ត្រៀមខ្លួន​ជាស្រេច​ក្នុង​ការធ្វើ​កិច្ចសហប្រតិបត្តិការ​ពេញលេញ​ដើម្បីឱ្យ​បេសកកម្ម​ការទូត​របស់​លោក ណា​ហ្ស​មុ​ល កាវ​និ​ន​នៅ​កម្ពុជា​ទទួលបាន​ជោគជ័យ​។​

​សម្តេច​ប្រធានរដ្ឋសភា​បាន​គូសបញ្ជាក់ថា​សម្តេច​ចង់ឃើញ​ប្រទេស​ទាំងពីរ​កម្ពុជា​-​បង់​ក្លា​ដេ​សប​ន្ត​ពង្រឹងពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ពាណិជ្ជកម្ម​វិនិយោគ​និង​ទេសចរណ៍​ឱ្យ​កាន់តែ​រីកចម្រើន​ឡើង​ថែមទៀត​។​លោក​ណា​ហ្ស​មុ​ល​កាវ​និ​ន​បាន​អបអរសាទរ​ចំពោះ​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ហេង​សំរិន​ដែល​បាន​ដឹកនាំ​រដ្ឋសភា​ជាថ្មីទៀត​នៅក្នុង​អាណត្តិ​ថ្មី​នេះ​។​ឆ្លងតាម​បទពិសោធន៍​ដឹកនាំ​កសាង​ប្រទេស​ជាពិសេស​ការដឹកនាំ​ស្ថាប័ន​នីតិប្បញ្ញត្តិ​ជាច្រើន​ឆ្នាំ​មក​នោះ​លោក​ណា​ហ្ស​មុ​ល​កាវ​និ​ន​មាន​ជំនឿ​មុតមាំ​ថាស​ម្តេច​នឹង​នាំមក​នូវ​ភាពជោគជ័យ​ថ្មីៗ​ជាច្រើន​ទៀត​ជូន​ដល់​ប្រទេស​និង​រដ្ឋសភា​កម្ពុជា​។

លោក​ឯកអគ្គរដ្ឋទូត​បាន​ស្នើសុំ​សម្តេច​ជួយ​ជំរុញ​ការផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច​រវាង​ក្រុម​មិត្តភាព​រដ្ឋសភា​កម្ពុជា​និង​បង់​ក្លា​ដេ​ស​។​ពិសេស​ដំណើរ​ទស្សនកិច្ច​ក្រុម​មិត្តភាព​សភា​កម្ពុជា​-​បង់​ក្លា​ដេ​ស​ទៅកាន់​ប្រទេស​បង់​ក្លា​ដេ​ស​ក្នុងពេល​សមស្រប​ណាមួយ​។​លោក​ណា​ហ្ស​មុ​ល​កាវ​និ​ន​បាន​ពាំនាំ​ការគោរព​អញ្ជើញ​របស់​ប្រធានរដ្ឋសភា​បង់​ក្លា​ដេ​ស​គោរព​អញ្ជើញសម្តេច​ប្រធានរដ្ឋសភា​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​និង​មិត្តភាព​នៅ​បង់​ក្លា​ដេ​ស​ផងដែរ​។​

​លោក​ឯកអគ្គរដ្ឋទូត បានលើកឡើង​ពី​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​រវាង​ប្រទេស​ទាំងពីរ ដែល​កើតមាន​តាំងពី​សម្តេចព្រះ​បរម​រតន​កោដ្ឋ​និង​អតីត​នាយករដ្ឋមន្ត្រី​បង់​ក្លា​ដេ​សមក​ម្លេះ​។ រហូតមកដល់​ពេលបច្ចុប្បន្ន​នេះ​នាយករដ្ឋមន្ត្រី​ប្រទេស​ទាំងពីរ​បាន​បន្ត​វប្បធម៌​ដ៏​ល្អ​នោះ​។​ក្នុងនោះ​ថ្នាក់ដឹកនាំ​បង់​ក្លា​ដេ​សបាន​សម្រេចយក​ព្រះនាម​សម្តេចព្រះ​បរម​រតន​កោដ្ឋ​នរោត្តម​សីហនុ​ដាក់ឈ្មោះ​មហាវិថី​មួយ​នៅ​ប្រទេស​បង់​ក្លា​ដេ​ស​។​

​កម្ពុជា​បានសម្រេច​យកឈ្មោះ​អតីត​នាយករដ្ឋមន្ត្រី​បង់​ក្លា​ដេ​ស​ដាក់ឈ្មោះ​មហាវិថី​មួយ​ដែរ​។​លោក​បាន​គូសបញ្ជាក់ថា​កម្ពុជា​និង​បង់​ក្លា​ដេ​សមាន​អតីតកាល​ប្រហាក់ប្រហែលគ្នា​ឆ្លងកាត់​សង្គ្រាម​និង​ពេលបច្ចុប្បន្ន​បានទទួល​ស្គាល់​នូវ​សន្តិភាព​និង​ការអភិវឌ្ឍ​ដូចគ្នា​។​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ហេង​សំរិន​ប្រធានរដ្ឋសភា​បានទទួល​យក​សំណើ​ខាងលើ​និង​បាន​គូសបញ្ជាក់ថា​សម្តេច​នឹង​ខិតខំ​ជំរុញ​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​រ​វាង​រដ្ឋសភា​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​រឹងមាំ​និង​គ្រប់​ជ្រុងជ្រោយ​។​

​តាមរយៈ​លោក​ឯកអគ្គរដ្ឋទូត​សម្តេច​បាន​គោរព​អញ្ជើញ​លោកជំទាវ​ប្រធាន​រដ្ឋសភា បង់​ក្លា​ដេ​ស មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា និង​ចូលរួម​កិច្ចប្រជុំ​ភាពជា​ដៃគូ​សភា​អាស៊ី​- អ៊ឺរ៉ុប​(ASEP) លើក​ទី​១១ ដែល​សភា​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នៅ​ចុងឆ្នាំ​២០២០​ខាងមុខ​ផងដែរ​។​សម្តេច​ប្រធានរដ្ឋសភា​បានបង្ហាញ​ការពេញចិត្ត​ចំពោះ​កិច្ចសហប្រតិបត្តិការ​រ​វាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​ដែល​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​និង​អនុស្សរណៈ​ជាមួយគ្នា​លើ​វិស័យ​អទិភាព​ជាច្រើន​។​

​ជាពិសេស​ការគាំទ្រ​គ្នា​ទៅវិញទៅមក​នៅលើ​វេទិកា​អន្តរជាតិ​នានា​សំដៅ​នាំមក​នូវ​ឧ​ត្ត​ម​ប្រយោជន៍​ដល់​ប្រជាជាតិ​ទាំងសងខាង និង​រួមចំណែក​យ៉ាង​ធំធេង​ដល់​ការការពារ និង​ថែរក្សា​សុខសន្តិភាព ក្នុង​តំបន់​និង​សកលលោក​នៅក្នុង​បរិបទ​សភាពការណ៍​ស​កល​លោក​ប្រែប្រួល​មិន​ទៀងទាត់​ដូច​សព្វថ្ងៃ​៕S/

​ចំណងជើង​រូបថត​៖​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង​សំរិន​ប្រធានរដ្ឋសភា​ទទួល​ជួប​សវនាការ​ជាមួយ លោក​ណា​ហ្ស​មុ​ល​កាវ​និ​ន​ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​បង់​ក្លា​ដេ​ស​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា