កម្ពុជា​-​អាមេរិក​ពិភាក្សា​ស្តីពី​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​វិនិយោគ​និង​ពាណិជ្ជកម្ម

1188
ចែករម្លែក

(​វ៉ាស៊ីនតោន ឌី​.​ស៊ី​)៖ នា​ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​២០១៧ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ឯកឧត្តម ប៉ាន សូរ​ស័ក្តិ បាន​ជួបពិភាក្សា​ជាមួយ ឧបការី​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក លោកស្រី Barbara Weisel នៅ​សហរដ្ឋអាមេរិក​ដើម្បី​ពិភាក្សា​អំពី​សកម្មភាព​យុទ្ធសាស្ត្រ​​ក្រោម​រដ្ឋបាល​ថ្មី ដើម្បី​ពង្រីក​និង​ធ្វើ​ឲ្យ​ស៊ីជម្រៅ​នូវ​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​វិនិយោគ​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​។

​នេះ​ជា​ដំណើរ​ទស្សនកិច្ច​លើក​ទី​ពីរ​ទៅកាន់​ទីក្រុង​វ៉ាស៊ីនតោន ឌី​.​ស៊ី ដោយ​គណៈប្រតិភូ​កម្ពុជា​ដែល​មកពី​ក្រសួង​ពាក់ព័ន្ធ​ចំនួន​៨​បន្ទាប់​ពី​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តីពី​ក្របខ័ណ្ឌ​វិនិយោគ និង​ពាណិជ្ជកម្ម (TIFA)​ហើយ​បានរួម​បញ្ចូល​កិច្ចប្រជុំ​ទ្វេភាគី​ក្រោម​​រដ្ឋបាល​ថ្មី ក៏ដូចជា​វិស័យ​ឯកជន​សហរដ្ឋអាមេរិក​។ ក្នុង​កិច្ចសន្ទនា TIFA នៅ​ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​២០១៧​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​​កម្ពុជា ឯកឧត្តម ប៉ាន សូរ​ស័ក្ដិ និង​លោកស្រី Barbara WEISEL បាន​ពិភាក្សា​លើ​ចំណុច​មួយចំនួន​ដូចជា​គោលនយោបាយ​ពាណិជ្ជ​​កម្ម​កម្ពុជា​-​សហរដ្ឋអាមេរិក ២០១៧ អនាម័យ និង​ភូតគាម​អនាម័យ កម្មសិទ្ធិបញ្ញា សេវាកម្ម​ទូទាត់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ការងារ​​និង​ពលកម្ម កិច្ចព្រមព្រៀង​បច្ចេកវិទ្យា​ព័ត៌មាន និង​កិច្ច​សម្រួល​ពាណិជ្ជកម្ម ក្រោម​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ និង​ជំនួយ​បច្ចេកទេស​។​

​លោកស្រី Barbara WEISEL បាន​លើកឡើងថា “​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ស្តីពី​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​វិនិយោគ និង​ពាណិជ្ជកម្ម លើក​ទី​៤ នា​ថ្ងៃនេះ​ត្រូវបាន​ធ្វើឡើង​ជាមួយនឹង​ផែនការ​ច្បាស់លាស់ ទៅលើ​ដំណើរ​ការដែល​យើង​ចង់​បង្កើត​ឲ្យ​មាន​។​ដូចនេះ​ខ្ញុំ​ចង់​បន្ត​កិច្ចប្រជុំ ដើម្បី​ជំរុញ​ទំនាក់ទំនង​របស់​យើង ក្នុងការ​រៀបចំ​ផែនការអភិវឌ្ឍន៍​ជាក់លាក់ ដើម្បី​សម្រេចបាន​លទ្ធផល​ពិតប្រាកដ ដែល​ស្មារតី​នេះ​នឹង​កើតចេញពី​ការពិភាក្សា​របស់​យើង​នៅថ្ងៃនេះ​”​។​

​គណៈប្រតិភូ​កម្ពុជា និង​សហរដ្ឋអាមេរិក​បាន​ពិនិត្យឡើងវិញ​នូវ​កិច្ចខិតខំ​ប្រឹងប្រែង​នាពេល​បច្ចុប្បន្ន​របស់​ប្រទេស​កម្ពុជា​ដើម្បី​ធ្វើ​ឲ្យ​​ប្រសើរឡើង​នូវ កិច្ច​សម្រួល​ពាណិជ្ជកម្ម ការងារ​និង​ពលកម្ម ការការពារ​កម្មសិទ្ធិ​បញ្ញា​និង​បង្កើន​ការទាក់ទាញ​និង​ការប្រកួតប្រជែង​​ពាណិជ្ជកម្ម​ក្នុង​វិស័យ​តែមួយ និង​បរិយាកាស​វិនិយោគ​។ ការពិភាក្សា​រវាង​ភាគី​ទាំងពីរ​ផ្តោតលើ​ការកត់សម្គាល់​ពី​វឌ្ឍនភាព​ដែល​​ប្រទេស​កម្ពុជា​កំពុង​ធ្វើ ដើម្បី​ឆ្លើយតប​ទៅនឹង​គោលការណ៍​កំណត់​សម្រាប់​អនុវត្ត​ផែនការ​ច្បាស់លាស់ ក៏ដូចជា​គូសបញ្ជាក់​ពី​វិស័យ​នានា ដែល​ត្រូវការ​កិច្ចខិតខំ​ប្រឹងប្រែង​បន្ថែមទៀត​។ ភាគី​ទាំង​ពីរបាន​ព្រមព្រៀងគ្នា កំណត់​ផែនការ​សកម្មភាព​សម្រាប់​តាមដាន TIFA នា​ឆ្នាំ​ខាងមុខនេះ ដែល​ក្នុងនោះ​នឹង​បង្កើត​ក្រុមការងារ​ពិសេស សម្រាប់​បញ្ហា​ទាក់ទង​នឹង​ពាណិជ្ជកម្ម​។​

​ឯកឧត្តម ប៉ាន សូរ​ស័ក្តិ បាន​ថ្លែងថា “​កម្ពុជា​កំពុង​ខិតខំ​ប្រឹងប្រែង​បង្កើត​ច្បាប់ពាណិជ្ជកម្ម និង​វិនិយោគ​នានា ដើម្បី​គាំទ្រ​ដល់​ការបើកចំហរ និង​ការស្វាគមន៍ ក្នុងការ​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​រដ្ឋាភិបាល​សហរ​ដ្ឋ​អាមេរិក ពីព្រោះ​សហរដ្ឋអាមេរិក​គឺជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​សំខាន់​មួយ​របស់​ប្រទេស​កម្ពុជា​។​”

​ជា​លទ្ធផល សហរដ្ឋអាមេរិក​នឹង​ផ្តល់ជំនួយ​បច្ចេកទេស​ទាក់ទង​នឹង​សុវត្ថិភាព​ចំណីអាហារ និង​ការការពារ​អ្នកប្រើប្រាស់​ដល់​ប្រទេស​កម្ពុជា ដើម្បី​បង្កើន​ទំនុកចិត្ត​អ្នកប្រើប្រាស់​។ សហរដ្ឋអាមេរិក​នឹង​បញ្ចប់​ការវាយតម្លៃ លើ​អនាម័យ និង​ភូតគាម​អនាម័យ ក្នុងប្រទេស​កម្ពុជា​ដើម្បី​បើកឱកាស​ឲ្យ​ផលិតផល​កសិកម្ម​កម្ពុ​ជា អាច​នាំ​ចេញទៅ​ទីផ្សារ​អាមេរិក​។ សហរដ្ឋអាមេរិក​ក៏បាន​ផ្តល់ជំនួយ​បច្ចេកទេស​ទាក់ទង​នឹង​កម្មសិទ្ធិបញ្ញា កិច្ច​សម្រួល​ពាណិជ្ជកម្ម និង​ការអនុវត្ត​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​ផងដែរ​៕​អត្ថបទ​ក្រសួង​/sn