កម្ពុជា​-​អារ៉ាប់​ប៊ី​សា​អូឌីត ឯកភាព​បង្កើត​អនុស្សរណៈ​លើ​វិស័យ​ទេសចរណ៍ និង​ជំរុញ​ការតភ្ជាប់​ជើងហោះហើរ​ត្រង់​

350
ចែករម្លែក

ដោយ:​មូល​សម្បត្តិ​/​ភ្នំពេញ ​៖ ក្នុងជំនួប​ពិភាក្សា​ជាមួយ​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ឯកអគ្គរាជទូត​អារ៉ាប់​ប៊ី​សា​អូឌីត​ប្រចាំ​វៀតណាម​-​កម្ពុជា លោក Saud F.M Suwelim បាន​ឯកភាព​នឹង​សំណើ​រៀបចំ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្ដីពី កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍ ដើម្បី​រួមចំណែក​ជំរុញ​ឱ្យ​វិស័យ​ដ៏​សំខាន់​នេះ​បន្ត​ការអភិវឌ្ឍ​បន្ថែមទៀត​។​

​កិច្ចពិភាក្សា​នេះ​ត្រូវបាន​ធ្វើឡើង​នៅ​ទីស្តីការ​ក្រសួងទេសចរណ៍ នា​រសៀល​ថ្ងៃទី​០២ ខែតុលា ឆ្នាំ​២០១៩។ ​ក្នុងនោះ​លោក​រដ្ឋមន្ត្រី ថោង ខុន បានស្នើ​បន្ថែម​ទៅកាន់​លោក​ឯកអគ្គរាជទូត​អារ៉ាប់​ប៊ី​សា​អូឌីត ធ្វើយ៉ាងណា​ជួយ​ជំរុញឲ្យមាន​ការហោះហើរ​ត្រង់​ពី​អារ៉ាប់​ប៊ី​សា​អូឌីត​មកកាន់​កម្ពុជា ឬ​តាមរយៈ​ការឆ្លងកាត់​ប្រទេសជិតខាង​ណាមួយ​ក៏បាន​។​

​លោក​ឯកអគ្គរាជទូត​អារ៉ាប់​ប៊ី​សា​អូឌីត​បាន​បញ្ជាក់ថា ចំណុច​នេះ ខាង​ភាគី​អារ៉ាប់​ប៊ី​សា​អូឌីត​បាននិងកំពុង​ធ្វើកា​រ​ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម ដើម្បី​ព​ន្លឿ​ន​ការហោះហើរ​ពី​អារ៉ាប់​ប៊ី​សា​អូឌីត​មក​កម្ពុជា ដោយ​ឆ្លងកាត់​អាកាសយានដ្ឋាន​អន្តរជាតិ​នៅ​ហាណូយ​។​

​លោក​រដ្ឋមន្ត្រី​ក៏បាន​ស្នើ​ឱ្យមាន​ការរៀប​ចំ​ដំណើរ​ទស្សនកិច្ច​សិក្សា (Fam Trip) របស់​ក្រុម​អ្នកសារព័ត៌មាន អ្នកវិនិយោគ និង​ទេសចរ​មកពី​អារ៉ាប់​ប៊ី​សា​អូឌីត​មកកាន់​កម្ពុជា ហើយ​កម្ពុជា​ក៏​សន្យា​ធ្វើ​បែប​នោះ​ដូចគ្នា ដើម្បី​ផ្លាស់ប្ដូរ​ទស្សនកិច្ច​លើ​វិស័យ​ទេសចរណ៍​ពីគ្នា​ទៅវិញទៅមក​។​

​ក្រៅពីនោះ ភាគី​កម្ពុជា​ក៏បាន​ស្នើ​ឱ្យមាន​ការតភ្ជាប់​ដំណើរ​ទេសចរណ៍​តាម​នាវា​សមុទ្រ​ពី​អារ៉ាប់​ប៊ី​សា​អូឌីត​មកកាន់​ក្រុងព្រះសីហនុ នៃ​ប្រទេស​កម្ពុជា ដើម្បី​ទទួលយក​ដំណើរ​ទេសចរ​បន្ថែម​នៅ​ទីនោះ​ផង និង​អាច​ហួស​មក​ទស្សនា​ប្រាសាទអង្គរវត្ត​នៅ​ខេត្តសៀមរាប​ផង​។​

​លោក​ឯកអគ្គរាជទូត Saud F.M Suwelim បាន​ទទួលយក​សំណើ​ទាំងនេះ ដើម្បី​លើកឡើង​ទៅកាន់​រាជរដ្ឋាភិបាល​របស់លោក​បន្តទៀត​។​

​លោក​រដ្ឋមន្ត្រី ថោង ខុន បាន​ជម្រាប​ប្រា​ប់លោក Saud F.M Suwelim បន្តទៀតថា កម្ពុជា​កំពុង​រៀបចំ​ឱ្យមាន​ម្ហូបអាហារ​ហា​ឡា​ល់ (Halal Food) សម្រាប់​ទទួល​ស្វាគមន៍ និង​បម្រើ​ដល់​តម្រូវការ​របស់​ភ្ញៀវទេសចរ​ឥស្លាម ខណៈ​កម្ពុជា​កំពុងមាន​សុខសន្តិភាព ស្ថិរភាព​នយោបាយ​ពេញ​ផ្ទៃ​ប្រទេស ដែល​ជាទី​ប៉ងប្រាថ្នា​របស់​ភ្ញៀវទេសចរ​។​

ចំពោះ​ការរៀបចំ​បង្កើត​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្ដីពី កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍​ខាងលើ​នោះ លោក​រដ្ឋមន្ត្រី ថោង ខុន បាន​ចាត់ចែង​ក្រុមការងារ​តាម​នាយកដ្ឋាន​ជំនាញ សហការគ្នា​ធ្វើ​សេចក្ដីព្រាង​អនុស្សរណៈ ដើម្បី​ត្រៀម​ចុះហត្ថលេខា​ជាមួយគ្នា នៅពេល​មានដំណើរ​ទស្សនកិច្ចរ​បស់​ប្រមុខ​រាជរដ្ឋាភិបាល​ទាំងពីរ ឬ​ក្នុងពេល​សមស្រប​ណាមួយ​នា​ថ្ងៃ​ខាងមុខ​។​

ទេសចរ​អារ៉ាប់​ប៊ី​សេ​អូឌីត​មក​កម្ពុជា​8​ខែ ឆ្នាំ​2019​នេះ​បាន​ចំនួន​តិចតួច​បំផុត​គឺ​ជិត​300​នាក់​ប៉ុណ្ណោះ តែ​កើន​បាន​34%​បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​2018​៕B/