កម្ពុជា​-​ឥណ្ឌា​ចុះ​អនុស្សរណៈ​កិច្ចសហប្រតិបត្ដិកា​រ​មេគង្គ​-​គង្គា​ដែលមាន​ថវិកា​ជិត​៩​សែន​ដុល្លារ​

747
ចែករម្លែក

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​រដ្ឋាភិបាល​ឥណ្ឌា បាន​ចុះហត្ថលេខា​លើ​អនុ​ស្ស រណៈ​នៃ​ការយោគយល់​ស្តីពី​ជំនួយឥតសំណង​របស់​សាធារណរដ្ឋ​ឥណ្ឌា សម្រាប់​ការអនុវត្ត​គម្រោង​ឆាប់​ទទួលបាន​ផល​នៅ​កម្ពុជា​។​

កាលពី​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៩ នេះ ក្រោម​អធិបតីភាព​លោក​លុយ​ដា​វីត​រដ្ឋលេខាធិការ​នៃ​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​និង​លោកស្រី​ManikaJain​ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥណ្ឌា​ប្រចាំ​កម្ពុជា​។​

​លោក​លុយ​ដា​វីត​រដ្ឋលេខាធិការ​នៃ​ក្រសួងការបរទេស​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ឥណ្ឌា ដែល​បានអនុម័ត​និង​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​គម្រោង​របស់​កម្ពុជា​ចំនួន​១៨ សម្រាប់​ឆ្នាំ​២០១៩-២០២០​។ ក្រោម​កិច្ចសហប្រតិបត្ដិការ​មេគង្គ​-​គង្គា ដែលមាន​ថវិកា​សរុប​ចំនួន ៨៩៥.១៤៥​ដុល្លារ​អាមេរិក​ទន្ទឹម​នេះដែរ​ខ្ញុំ​ក៏​សូម​អបអរសាទរ​ចំពោះ​ស្ថាប័ន​ពាក់ព័ន្ធ​ដែល​ទទួលបាន​គម្រោង​ផងដែរ​។​

​លោក​បន្តថា​សាធារណរដ្ឋ​ឥណ្ឌា​គឺជា​ប្រទេស​ដំបូង​គេ​បង្អស់​ដែល​បាន​យល់ព្រម​ចូលរួម​ជាមួយ​បណ្តា​ប្រទេស​មេគង្គ​ក្នុង​ការបង្កើត​ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ​មេគង្គ​ដំបូង​គេ ដែល​បច្ចុប្បន្ន ហៅថា «​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​គង្គា​»​។​ចាប់តាំងពី​ការចាប់ផ្តើម​គម្រោង​ឆាប់​ទទួលបាន​ផល​ក្រោម​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​គង្គា​នៅ​ឆ្នាំ​២០១៥​មក​កម្ពុជា​ទទួលបាន​គម្រោង​សរុប​ចំនួន​៣៤​។​

​វិសាលភាព​គ្របដណ្តប់​លើ​សកម្មភាព​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​សុខាភិបាល​កសិកម្ម​អប់រំ​បរិស្ថាន​ការអភិវឌ្ឍ​ជំនាញការ​ផ្តល់​សិទ្ធិអំណាច​ដល់​ស្ត្រី​ការអភិវឌ្ឍ​ជនបទ​ធនធានទឹក​និង​បច្ចេកទេស​ព័ត៌មានវិទ្យា​។​គម្រោង​មួយចំនួន​ត្រូវបាន​បញ្ចប់​ជា​ស្ថាពរ​និង​គម្រោង​ដែល​នៅសល់​ផ្សេងទៀត​មាន​វឌ្ឍនភាព​គួរឱ្យកត់សម្គាល់​។

​រដ្ឋលេខាធិការ​ក្រសួងការបរទេស​បាន​បញ្ជាក់ថា​ពិធី​ចុះហត្ថលេខា​នេះ​គឺជា​តឹកតាង​យ៉ាងច្បាស់​លាស់​ថា​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​គង្គា​បាន​នឹង​កំពុង​បោះជំហាន​ទៅមុខ​យ៉ាង​រលូន​ជាមួយនឹង​កិច្ចសហប្រតិបត្តិការ​ដ៏​រឹងមាំ​តាមរយៈ​គម្រោង​ទាំងនេះ​។​តម្លៃពិត​នៃ​គម្រោង​ខ្នាតតូចៗ​ទាំងនេះ​គឺមាន​សារៈសំខាន់​ចំពោះ​កម្ពុជា​ក្នុងការ​បង្កើត​នូវ​លទ្ធផល​រូបី​ដើម្បី​លើកកម្ពស់​ជីវភាព​រស់​នៅ​និង​រួមចំណែក​ដល់​សុខុមាលភាព​របស់​ប្រជាជន​។​

​សមិទ្ធផល​ជាក់ស្តែង​មួយទៀត​ដែល​បានកើត​ចេញពី​កិច្ចសហប្រតិបត្តិការ​នេះ​គឺ​”​សារមន្ទីរ​វាយនភ័ណ្ឌ​ប្រពៃណី​អាស៊ី​”​ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​នៅ​ឆ្នាំ​២០១៤​នៅ​ខេត្តសៀមរាប​ប្រទេស​កម្ពុជា​។​សារមន្ទីរ​នេះ​ជាការ​បង្ហាញ​យ៉ាងច្បាស់​លាស់​អំពី​សក្តានុពល​នៃ​កិច្ចសហប្រតិបត្តិការ​ក្នុងចំណោម​បណ្តា​ប្រទេស​មេគង្គ​-​គង្គា​ទាំង​៦ ក្នុងការ​ថែរក្សា​អារ្យធម៌ និង​កេរ្តិ៍ដំណែល​វប្បធម៌​។

​លើសពីនេះ​ទៀត​យើងខ្ញុំ​សូម​ថ្លែងអំណរគុណ​ចំពោះ​សាធារណរដ្ឋ​ឥណ្ឌា​ដែល​បានផ្តល់​អាហារូបករណ៍ លើ​មុខវិជ្ជា​សិក្សា​ផែ្ន​ក​សារមន្ទីរ​និង​បច្ចេកទេស​អភិរក្ស​។​ក្នុងនាម​ជា​ប្រទេស​ម្ចាស់ផ្ទះ​កម្ពុជា​បាន​ខិតខំ​ប្រឹងប្រែង​ឥតឈប់ឈរ​ដើម្បី​ធានា​នូវ​និរន្តរភាព​នៃ​ដំណើរការ​របស់​សារមន្ទីរ​តាមរយៈ​ការ​ជម្រុញឱ្យមាន​ការចូលរួម ពី​វិស័យ​ឯកជន ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ មក​ទស្សនា​សារមន្ទីរ​។

​កម្ពុជា​ប្តេជ្ញា ក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​អនុតំបន់​នេះ ដោយ​ផ្អែកលើ​សកម្មភាព​អនុវត្ត​ជាក់ស្តែង ដែល​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​កម្ពុជា និង​តំបន់​មេគង្គ​៕S/