កម្ពុជា​-​ឥណ្ឌូនេស៊ី គ្រោង​បើក​ពិ​ព័រ​ណ៌​ពាណិជ្ជកម្ម​រួមគ្នា​នា​សប្តាហ៍​ក្រោយ​

224
ចែករម្លែក

ដោយ​: ពៅ និមល​
​ភ្នំពេញ​:
ដើម្បី​ជាការ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦០ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត នៅ​សប្តាហ៍​ខាងមុខនេះ ក្រសួងពាណិជ្ជកម្ម សហការ​ជាមួយ​ស្ថានទូត​ឥណ្ឌូនេស៊ី​ប្រចាំ​នៅ​កម្ពុជា នឹង​រៀបចំ​ពិ​ព័រ​ណ៌​ពាណិជ្ជកម្ម​មិត្តភាព​កម្ពុជា​-​ឥណ្ឌូនេស៊ី ២០១៩ ស្ថិតនៅ​ទឹកដី​ខេត្តសៀមរាប​នៃ​ប្រទេស​កម្ពុជា ក្នុង​គោលបំណង​បំផុសគំនិត​ច្នៃប្រឌិត និង​ជំរុញ​ការលើកទឹកចិត្ត​ដល់​សិប្បករ ផលិតករ និង​សេវាករ​កម្ពុជា ខិតខំ​ផលិត​ទំនិញ និង​សេវាកម្ម​ថ្មីៗ​។​ល​។ សម្រាប់​ទីផ្សារ​ប្រទេស​ទាំងពីរ​។​

​លោក ឈួន ដា​រ៉ា រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម នៅក្នុង​សន្និសីទកាសែត ស្តីពី​ពិ​ព័រ​ណ៌​ពាណិជ្ជកម្ម​មិត្តភាព​កម្ពុជា​-​ឥណ្ឌូនេស៊ី ២០១៩ កាលពី​ព្រឹក​ថ្ងៃទី​១២ ខែកក្កដា​កន្លងទៅនេះ បាន​មានប្រសាសន៍ថា ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេរ​ភាគី​ក្នុង​ឆ្នាំ​២០១៨​កន្លងទៅ សម្រេច​បានជា​ទឹកប្រាក់​ចំនួន​ជិត​៦០០​លាន​ដុល្លារ ក្នុងនោះ​ឥណ្ឌូនេស៊ី​នាំចេញ​ចំនួន​៥២៥.៦​លាន​ដុល្លារ ដូចជា​គ្រឿងចក្រ​ផ្នែក​ឧស្សាហកម្ម និង​របស់​ប្រើប្រាស់​មួយចំនួន​ជាដើម​។ ដោយឡែក កម្ពុជា​នាំចូល​មាន​ចំនួន​៣៣​លាន​ដុល្លារ មានដូចជា កៅស៊ូ អង្ករ សម្លៀកបំពាក់ កសិផល និង​ស្រោមជើង​។​ល​។ កំណើន​ជា​មធ្យម​ជាង​៧.១១​ភាគរយ ពី​ឆ្នាំ​២០១៤-​ឆ្នាំ​២០១៨ ក្នុងនោះ​កំណើន​ឥណ្ឌូនេស៊ី​នាំចេញ​ចំនួន​៦.៦៩​ភាគរយ និង​កំណើន​ពី​កម្ពុជា​នាំចូល​១៥.៣៨​ភាគរយ​។

​លោក​រដ្ឋលេខាធិការ​បន្ថែម​ថា ពិ​ព័រ​ណ៌​ពាណិជ្ជកម្ម​ខាងមុខនេះ​នឹង​ប្រព្រឹត្តទៅ​ក្រោម​វត្តមាន​របស់លោក​រដ្ឋ​មន្ត្រី ប៉ាន សូរ​ស័ក្តិ ដែល​រៀបចំឡើង​នៅ​សួនច្បារ​ទល់មុខ​ព្រះរាជដំណាក់​ក្រុង​សៀមរាប ក្នុង​គោលបំណង​ជួយ​លើកកម្ពស់​ការធ្វើ​ធុរកិច្ច​លើ​វិស័យ​វត្ថុ​អនុស្សាវរីយ៍ ផលិតផល​កែច្នៃ​ពី​សូត្រ​ខ្មែរ សម្ភារៈ​ផ្ទះបាយ ផលិតផល​សិប្បកម្ម ម្ហូបអាហារ​និង​ភេសជ្ជៈ សេវា​បោះពុម្ព​និង​ផ្សព្វផ្សាយ ក្នុងការ​ស្វែងរក​ដៃគូ​ពាណិជ្ជកម្ម​និង​ពង្រីក​ទីផ្សារ​។ ឱកាស​នោះ​ធុរជន នឹង​បាន​ស្វែងយល់​បទពិសោធន៍​លើ​ការកែច្នៃ ការ​វេច​ខ្ចប់ ការដាក់​ស្លាក​សញ្ញា​លើ​ផលិតផល​អនុលោម​តាម​លក្ខខណ្ឌ​តម្រូវការ​ទីផ្សារ​។​

​ជាមួយគ្នា លោក Sudirdman Haseng ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ឥណ្ឌូនេស៊ី​ប្រចាំ​កម្ពុជា បាន​លើកឡើងថា ដើម្បី​បង្កើន​ទំហំ​ពាណិជ្ជកម្ម​របស់​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​កើនឡើង​បន្ថែមទៀត​នោះ នៅ​ខែវិច្ឆិកា​ខាងមុខ ស្ថានទូត​ឥណ្ឌូនេស៊ី​នឹងធ្វើ​ការ​អ​ញ្ញើញ​ក្រុមហ៊ុន សហគ្រាស​កម្ពុជា​ប្រមាណ​៣០​ក្រុមហ៊ុន ធ្វើ​បេសកកម្ម​ពាណិជ្ជកម្ម​ទៅកាន់​ប្រទេស​ឥណ្ឌូនេស៊ី ដើម្បី​ចូលរួម​វេទិកា​ជំនួប​ពាណិជ្ជកម្ម​ជាមួយ​ក្រុមហ៊ុន​នៅ​ទីនោះ​។ ជាងនេះទៅទៀត ស្ថានទូត​នឹង​សម្របសម្រួល ក៏ដូចជា​អ​ញ្ញើញ​ពាណិជ្ជ​ករពី​ឥណ្ឌូនេស៊ី​ប្រមាណ ៣០​ទៅ​៤០​ក្រុមហ៊ុន​វិញ មក​ចូលរួម​តាំង​ពិ​ព័រ​ណ៌​ផលិតផល​ខ្មែរ និង​ទំនិញ​នាំចេញ​-​នាំចូល នៅ​ប្រទេស​កម្ពុជា​នៅ​ចុងឆ្នាំ​២០១៩​នេះ ដើម្បី​ផ្សារភ្ជាប់​ទំនាក់ទំនង និង​កសាង​សមត្ថភាព​លើ​វិស័យ​ពាណិជ្ជកម្ម​។​

​សម្រាប់​ពិ​ព័រ​ណ៌​ពាណិជ្ជកម្ម​មិត្តភាព​កម្ពុជា​-​ឥណ្ឌូនេស៊ី ២០១៩ នឹងមាន​ស្តង់​ដាក់តាំង​បង្ហាញ​សរុប​១០៧​ស្តង់ ក្នុងនោះ​កម្ពុជា​ចំនួន​៤៧ (៤៥​ក្រុមហ៊ុន សហគ្រាស និង​ស្ថាប័ន​) និង​ឥណ្ឌូនេស៊ី​៦០​ស្តង់ (៥៨​ក្រុមហ៊ុន ក្នុងនោះ​១២​ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ​កម្ពុជា​)​។ ក្នុង​ព្រឹ​ត្ត​ការណ៍​នោះ នឹងមាន​ការសម្តែង​សិល្បៈ​រួមគ្នា​រយៈពេល​បី​ថ្ងៃ ដើម្បី​ផ្លាស់ប្តូរ​បទពិសោធន៍ វប្បធម៌ ប្រពៃណី ទំនៀម​ទំលាប់​គ្នា​ទៅវិញទៅមក​៕ ល​