កម្ពុជា​-UN រួមគ្នា​អភិវឌ្ឍ​លើ​ការបណ្ដុះបណ្ដាល ផ្នែក​សហគ្រិនភាព​ដល់​យុវជន​

1146
ចែករម្លែក

​ដោយ : ​ដេប៉ូ​/​ភ្នំពេញ ​៖ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ រួមជាមួយ​អង្គការសហប្រជាជាតិ​(UN) បង្ហាញ​នូវ​ការប្តេជ្ញា​រួមគ្នា​មួយ​ដើម្បី​ធ្វើការ​អភិវឌ្ឍន៍​លើ​ការបណ្តុះបណ្តាល​យុវជន​ដោយបាន​ផ្តោត​សំខាន់​ទៅលើ​ផ្នែក​សហគ្រិនភាព​។​
​ ​

បញ្ជាក់​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ស្តីពី ​«​រួមគ្នា​ដើម្បី​មុខរបរ និង​ការងារ​របស់​យុវជន​នៅ​កម្ពុជា​» ជាមួយ​លោកស្រី Pauline Tamesis អ្នកសម្របសម្រួល​អង្គ​ការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា ​កាលពី​រសៀល​ថ្ងៃទី​២៥ ​ខែកញ្ញា​ឆ្នាំ​២០១៨ ​លោក​អ៊ិត ​សំហេង ​រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បានឲ្យដឹងថា​ កិច្ចប្រជុំ​នេះ​បាន​ផ្តោត​សំខាន់​ទៅលើ កម្មវិធី​រួមគ្នា​ដើម្បី​មុខរបរ និង​ការងារ​របស់​យុវជន​នៅ​កម្ពុជា ជំហាន​ទី​២​ដោយបាន ផ្តោតលើ​ការអភិវឌ្ឍ​សហគ្រិនភាព​របស់​យុវជន និង​ការអភិវឌ្ឍន៍​ជំនាញ​វិជ្ជាជីវៈឲ្យទាន់​សម័យកាល​ថ្មី និង​បដិវត្ត​ឧស្សាហកម្ម​ជំនា​ន់ទី​៤ ពង្រីក​ការបណ្ដុះបណ្ដាល​ប្រព័ន្ធ​ព័ត៌មានវិទ្យា​ទៅដល់​ក្រុមយុវជន ពិសេស​ក្រុមយុវជន​គោលដៅ គឺ​ក្រុមយុវជន​ងាយ​រងគ្រោះ និង​មាន​ជីវភាព​ក្រីក្រ​លំបាក​។

​លោក​បាន​បន្ត​ឲ្យដឹងថា ​កម្មវិធី​ជំហាន​ទី​២​នេះ ក៏​ប្រមូលផ្តុំ​ទៅរក​ការអភិវឌ្ឍន៍​ការបណ្ដុះបណ្ដាល ការអប់រំ នៅតាម​រោងចក្រ សហគ្រាស ពិសេស​ជំរុញ​ការកាត់បន្ថយ​អនក្ខរកម្ម ចំពោះ​កម្មករនិយោជិត និង​បំ​ណិ​ន​ជីវិត តាម​គ្រឹះស្ថាន​សិក្សាអប់រំ ក៏ដូចជា​នៅតាម​មូលដ្ឋាន​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ របស់​ក្រសួង​ការងារ​។​

​ពាក់ព័ន្ធ​ក្នុង​រឿងនេះ​លោក​បាន​បន្ថែមថា ​”​គម្រោង​សម្រាប់​ឆ្នាំ​ទី​២​នេះ​យើង​ប្រ មូល ផ្តុំ​លើ​ការងារ​និង​មុខរបរ​បស់​យុវជន​ដែល​ក្នុងនោះ​យើង​នឹង​ផ្តោត​សំខាន់​ទៅលើ​ការអភិវឌ្ឍន៍ សហគ្រិនភាព​របស់​យុវជន និង​ការអភិវឌ្ឍន៍​ជំនាញ​វិជ្ជាជីវៈឲ្យទាន់​សម័យកាល​ថ្មី ។ ​ពិសេស​នោះ ដំ​ណាក់​កាល​ឌីជីថល​តែម្តង​”​។​

​លោ​កថា​ក្នុង​កិច្ចប្រជុំ​នេះ​ក៏បាន ផ្តោត​សំខាន់​ដើម្បី​ព​ន្លឿ​ន​សមត្ថភាព របស់​យុវជន​ឲ្យ​ដើរ​ទាន់​បដិវត្តន៍​ឧស្សាហកម្ម ក្នុងនោះ​មានការ​បណ្តុះបណ្តាល​ផ្នែក ព័ត៌មានវិទ្យា​ឲ្យ​ទៅដល់​ក្រុមយុវជន​ពិសេស​នោះ​ក្រុមយុវជន​ដែលជា​គោលដៅ​ដែលមាន ងាយ​រងគ្រោះ និង​ក្រីក្រ​ជាដើម​។

សម្រាប់​គម្រោង​នេះ​ក៏ត្រូវ​បាន​លោក​រដ្ឋមន្ត្រីឲ្យដឹង​ដែរ​ថា​ ភាគី​រាជរដ្ឋាភិបាល​កម្ពុជា ក៏មាន​ការចូលរួម​ផង​ដែល​ដូចជា​ក្រសួង​ការងារ ក្រសួង​អប់រំ និង​ក្រសួង​ផ្សេងៗ​ទៀត ។ ជាមួយគ្នានេះ​លោក​រដ្ឋមន្ត្រី​ក៏បាន​ឲ្យ​ដឹងថា ​មូលហេតុ​ដែល​អង្ក​ការ​សហប្រជាជាតិ​ជួយ​កម្ពុជា ​ដោយ​ផ្តោតលើ​ការបណ្តុះបណ្តាល​យុវជន​នៅ​កម្ពុជា ដោយសារ​គោរព​តាម​គោលដៅ​សហ​វត្សរ៍ របស់​អង្ក​ការ​សហប្រជាជាតិ ហើយ​គោលដៅ​នេះ​ក៏​ស្រប​នឹង​គោលនយោបាយ​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា ដូច​ជាមាន​គោលនយោបាយ​ស្តីពី​ការអភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម , គោ​លនយោ​បាយ​ស្តីពី​មុខរបរនិង​ការងារ គោលនយោបាយ​ស្តីពី​ការអប់រំ បណ្តុះបណ្តាល​វិជ្ជាជីវៈ គោលនយោបាយ​ស្តីពី​ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ជាដើម​៕B