កម្ពុជា កុមារ​ប្រមាណ​០៥​ពាន់​នាក់​ទទួល​ការព្យាបាល ស្នាក់នៅ និង​វះកាត់​ជា​រៀងរាល់ថ្ងៃ​

975
ចែករម្លែក

​ដោយ : ពៅ និមល​/​ភ្នំពេញ : តាម​ការ​ឲ្យ​ដឹង​ពី​ទីភ្នាក់ងារ​ស៊ើប​ការសម្ងាត់ ស៊ី​អាយ​អេ (CIA) បាន​បញ្ជាក់ថា គិត​ត្រឹម​ឆ្នាំ​២០១៨​នេះ កម្ពុ​ជាមាន​កុមារ​ប្រមាណ​ជិត​០៥​លាន​នាក់ ក្នុងនោះ​សម្រាប់តែ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ជា​មាន​កុមារ​ជិត​០៥​ពាន់​នាក់ មក​ទទួល​ការព្យាបាល ស្នាក់នៅ និង​វះកាត់​ជា​រៀងរាល់ថ្ងៃ​។​
​ ​
​ក្រុម​អ្នកជំនាញ​ខាង​សុខភាព​បាន​បញ្ជាក់ថា ក្មេង​ចាប់ពី​អាយុ​សូន្យ​ខែ​រហូតដល់​អាយុ​០៥​ឆ្នាំ ឬ​និយាយថា​ក្រោម​០៥​ឆ្នាំ ក្មេង​ក្នុង​ចន្លោះ​នោះ​ប្រឈម​នឹង​ជំងឺ​ជាច្រើន ​ដែល​ទាមទារ​ឲ្យ​មានការ​យកចិត្តទុកដាក់​ខ្ពស់​ពី​មាតាបិតា និង​ពី​អាណាព្យាបាល​យ៉ាងខ្ពស់​។​

​ ​ក្នុង​ពិធី​សិក្ខា​ស្តីពី​សុខភាព​កុមារ​ក្រោម​ប្រធានបទ​សុខភាព​កុមារ​កម្ពុជា ​ដើម្បី​អនាគត​នៃ​ប្រទេស​កម្ពុជា​យើង កាលពី​ព្រឹក​ថ្ងៃទី​០៨ ខែកញ្ញា ឆ្នាំ​២០១៨ លោក​វេជ្ជបណ្ឌិត សេង សាម៉ន ប្រធាន​មន្ទីរ​សម្រាក​ព្យាបាល​កុមារ​ផ្កាឈូក បាន​មានប្រសាសន៍ថា នៅ​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍ​ដូចជា​កម្ពុជា​ផង​នោះ ការអប់រំ​អំពី​សុខភាព​កុមារ​នៅ​កម្រិត ខណៈ​មាតាបិតា​មិនទាន់​បានផ្តល់​អាហារូបត្ថម្ភ​ត្រឹមត្រូវ​ទៅ​កុមារ អនាម័យ និង​មិនបាន​ចាក់​វ៉ាក់សាំង​ត្រឹមត្រូវ​ទៅតាម​ការវិវត្ត​នៃ​អាយុ​និង​សុខភាព​របស់​កុមារ​។ មិនតែប៉ុណ្ណោះ​កត្តា​ដែល​បាន​ពិនិត្យ​សុខភាព​កុមារ​ជាប្រចាំ ក៏បង្ករ​ហានិភ័យ​ដល់​អាយុជីវិត​កុមារ​ផងដែរ​។

លោក​វេជ្ជបណ្ឌិត​បា​នប​ន្ត​ថា សង្គម រាល់ថ្ងៃ​មើលឃើញថា ទាល់តែ​កូន​ឈឺ​បាន​យកទៅ​ពេទ្យ តែបើ​កូន​មិន​ឈឺ គឺ​មិន​យកទៅ​ពេទ្យ​ទេ ដែល​នេះ​ជាការ​អត់​ទាន់​យល់​នៅឡើយ​ទេ​របស់​មាតាបិតា និង​អាណាព្យាបាល​។
​ ​

លោក អៀង សុធា​រ៉ា ប្រធាន​មូលនិធិ​អៀង បាន​បញ្ជាក់ថា កាលណា​ក្នុង​គ្រួសារ​តូច​មួយ​មាន​សមាជិក​ណាមួយ​មាន​ជំងឺ​គ្រួសារ​នោះ​ពិបាក​នឹងមាន​សុភមង្គល​និង​មានការ​រីកចម្រើន​ណាស់​។ ចុះ​ទម្រាំ​សង្គមជាតិ​មួយ​បើ​កុមារ​តូចៗ ដែលជា​អនាគត​ប្រទេសជាតិ​ទាំងមូល​មិនមាន​សុខភាព​ល្អ តើ​ធ្វើ​យ៉ាណា​សង្គម​យើង​អាច​រីកចម្រើន​បាន​ទៅ​?​ដើម្បី​លើកកម្ពស់​ការយល់ដឹង​របស់​មាតាបិតា អាណាព្យាបាល ក្នុងការ​ថែរក្សា​កូន​ការពារ​ពី​ជំងឺ ក៏ដូចជា​បង្ហាញ​នូវ វិធីសាស្ត្រ​មួយចំនួន​ដែល​ចាំបាច់​នៅពេលដែល​កូន​ឈឺ​។ លោក​បញ្ជាក់បន្ថែម​។​

​ពាក់ព័ន្ធ​នឹង​ការរៀបចំ​ឡើង​នូវ​សិក្ខាសាលា​ខាងលើ​នាពេលនេះ​លោក អៀង សុធា​រ៉ា បាន​ឲ្យ​ដឹង​ពី​មូល​ហេតុថា ប្រទេសជាតិ​មួយ​រីកចម្រើន​ទៅបាន​អាស្រ័យ​នឹង​យុវជន​ដែលជា​សសរទ្រូង​ជាតិ ហើយ​យុវជន​ទាំងនោះ​គឺ​ត្រូវតែ​ចេញពី​កុមារ​ដែលមាន​សុខ​ភាពល្អ​បរិបូរណ៍​។

​នេះ​ជា​សិក្ខាសាលា​លើក​ទី​១៥ ដែល​មូលនិធិ​អៀង​បាន​រៀបចំឡើង ក្រោម​ស្លាក​នៃ​ការជំរុញ​ឲ្យ​ប្រជាជន​កម្ពុជា​ទាំងមូល​មាន​សុខភាព​ផ្លូវកាយ​ល្អ មាន​សុខភាព​ផ្លូវ​ចិត្តល្អ ដើម្បី​មាន​សុភមង្គល​បុគ្គល គ្រួសារ និង​សង្គម​ទាំងមូល​៕B