កម្ពុជា គឺជា​ប្រទេស​គំរូ​ទាំង​៦ ដែល​សម្រេចបាន​គោលដៅ​អភិវឌ្ឍ​សហស្ស​វត្សរ៍​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​

840
ចែករម្លែក

ដោយ​: គូលែន / សៀមរាប​: ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា បាន​បង្ហាញថា កម្ពុជា​គឺជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​គំរូ​ទាំង​៦ ដែល​សម្រេចបាន​គោលដៅ​អភិវឌ្ឍ​សហស្ស​វត្សរ៍​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ លើ​បណ្តា​ប្រទេស​ម្ចាស់​ហត្ថលេខី​ទាំង​១៨៩ ប្រទេស​។​មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ ស្តីពី​ការចាប់ផ្តើម​ដំណើរការ អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​ជុំ​ទី​១២ ឆ្នាំ​២០១៨​នៅ​សាល​ប្រជ​រដ្ឋបាល​ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​២០១៨ នេះ​។​

​លោក ថេ​ង បញ្ញា​ធន ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​អគ្គនាយក​ផែនការ នៃ​ក្រសួងផែនការ បាន​បញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​កម្មវិធី​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ និង​បាន​ចាត់ទុកថា កម្មវិធី​នេះ​គឺជា​ឧបករណ៍​ដ៏​មាន​សារៈសំខាន់ ក្នុងការ​ជំរុញ​ល្បឿន​នៃ​ការកាត់បន្ថយ​ភាពក្រីក្រ​ឲ្យ​បាន​ឆាប់រហ័ស ដោយ​ចាប់ពី​ឆ្នាំ​២០១២​មក រាជរដ្ឋាភិបាល បាន​វិភាជន៍​ថវិកាបដិភាគ​ជា​បន្តបន្ទាប់ សម្រាប់​ការងារ​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​នៅ​ទីជនបទ និង​ចាប់ពី​ឆ្នាំ​២០១៥​មក រាជរដ្ឋាភិបាល​គឺជា​អ្នកផ្តល់​ថវិកា​ទាំងស្រុង​សម្រាប់​ការងារ​នេះ ។​

​លោក ថេ​ង បញ្ញា​ធន មានប្រសាសន៍​ទៀតថា ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុវត្ត​ប្រកបដោយ​ជោគជ័យ​នូវ​ចំណុច​គោលដៅ​ភាគច្រើន​នៃ​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍ ជាពិសេស​លើ​ការកាត់បន្ថយ​ភាពក្រីក្រ​បាន​ឆាប់រហ័ស​ពី ៤០​ភាគរយ នៅក្នុង​ឆ្នាំ​២០០៧ មក​ក្នុង​រង្វង់ ១៩​ភាគរយ នៅក្នុង​ឆ្នាំ​២០១១ និង ក្នុង​រង្វង់ ១៣,៥​ភាគរយ​នៅក្នុង​ឆ្នាំ​២០១៤ ហើយ​ថ្មីៗ​កន្លងទៅនេះ ស្ថិត​លើ​មោទនភាព​នៃ​ជោគជ័យ​ទាំងនេះ ព្រះរាជាណាចក្រ​កម្ពុជា ត្រូវបាន​អង្គការសហប្រជាជាតិ ជ្រើស​រើសយក​ជា​ប្រទេស​គំរូ​មួយ ក្នុងចំណោម​ប្រទេស​គំរូ​ទាំង​៦ ដែល​សម្រេចបាន​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍ លើ​បណ្តា​ប្រទេស​ម្ចាស់​ហត្ថលេខី​ទាំង ១៨៩ ប្រទេស​។​

​លោក​មានប្រសាសន៍​បញ្ជា​ក់ទៀត​ថា ឆ្នាំ​២០១៨​នេះ កម្មវិធី​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ ក្រសួងផែនការ​នឹង​ដំណើរ​ការធ្វើ​បច្ចុប្បន្នភាព​ទិន្នន័យ​គ្រួសារ​ក្រីក្រ ជុំ​ទី​១២ នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​ចំនួន​៨ រួមមាន ៖ ខេត្តកំពង់ចាម​, ត្បូងឃ្មុំ​, ក្រចេះ​, ស្ទឹងត្រែង​, កំពង់ធំ​, សៀមរាប​, បន្ទាយមានជ័យ និង ខេត្ត​ឧ​ត្ត​រ​មានជ័យ ក្នុងនោះ នៅ​ខេត្តសៀមរាប កម្មវិធី​នឹង​ដំណើការ​ធ្វើ​បច្ចុប្បន្នភាព​ទិន្នន័យ​គ្រួសារ​ក្រីក្រ នៅតាម​បណ្តា​ភូមិ​នៅ​ទីជនបទ​ចំនួន ៩១៥​ភូមិ ដែល​កិច្ចការ​ទាំងនេះ គឺ​បានរួម​ចំណែក​យ៉ាងសំខាន់ ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​ជូន​ប្រជាពលរដ្ឋ ដែលជា​ទិសដៅ​អទិភាព​របស់​រាជ​រដ្ឋ​ភិ​បាល​កម្ពុជា​៕ ល​

#