កម្ពុជា ឈ្នះ​ទី​ម័​រ​ខាងកើត ៥​ទល់​០ នៅ​ស៊ី​ហ្គេម​

323
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា – ​ភ្នំពេញ​៖ បន្ទាប់ពី​លេង​ស្មើ​ជាមួយក្រុម​ម្ចាស់ផ្ទះ​ហ្វីលីពីន ១​ទល់​១ កាលពី​ថ្ងៃទី​២៥ វិច្ឆិកា កន្លងមក​នោះ ក្រុម​ជម្រើសជាតិ អាយុ​ក្រោម​២២​ឆ្នាំ របស់​កម្ពុជា បានលេង​ឈ្នះក្រុម​មកពី​ប្រទេសទី​ម័​រ​ខាងកើត ៥​ទល់​០ ។​

​នេះ​ជាការ​ប្រកួត​លើក​ទី​២ របស់​ក្រុម​កម្ពុជា ក្នុង​ពូ​ល A ។ ស្ថានភាព​ក្នុងការ​ប្រកួត កម្ពុជាមានឱកាស​គ្រប់គ្រង​បាល់បាន​ច្រើនជាង​ក្រុមទី​ម័​រ​ខាងកើត មិនតែប៉ុណ្ណោះ នៅ​នាទី​ដំបូង កម្ពុជាមានឱកាស​ទាត់​បាល់ប​ញ្ចូ​ល​ទីខាង​ក្រុម​គូប្រកួត​របស់ខ្លួន ជាច្រើនលើក​។ បន្ទាប់ពី​លេង​បាន ៨ នាទី កម្ពុជា​មានឱកាស​ទាត់​បាល់​ហ្វ្រី​ឃី​ក (Free-Kick) ហើយ​កីឡាករ ស៊ិន កក្កដា ទាត់​បាល់​នេះបញ្ចូល​ទី​គូប្រកួត បានសម្រេច នៅ​នាទី ៨ ហើយ​បាន​រក្សា​លទ្ធផលនាំមុខ ១​ទល់​០ ដល់​ចប់​វគ្គ​ទី​១​។​

ទិដ្ឋភាព​ប្រកួត​

​ចូលដល់​តង់​ទី​២ ការលេង​របស់​កម្ពុជា បានបង្ហាញ​ពី​ការ​មាន​ទំនុកចិត្តជាង​កាល​តង់​ទី​១ ទៅទៀត​។ ទម្រង់​នៃ​ការលេងក៏​កាន់តែ​ប្រសើរ ទោះបី​ខ្សែការពារ​របស់​ទី​ម័​រ បាន​ព្យាយាម​ពង្រឹងប្រព័ន្ធ​ការពារ​របស់ខ្លួនយ៉ាងណាក៏ដោយ ។ ទោះជា​យ៉ាងណា ក៏​កីឡាករ រីង ប៊ុន​ហៀ​ង របស់​កម្ពុជា រកបាន​គ្រាប់​បាល់​ទី​២ ឲ្យ​ក្រុម មុននឹង​កីឡាករ សៀង ច​ន្ធា រក​គ្រាប់​ទី​៣ កីឡាករ កែវ សុខ​ផេង រកបាន​គ្រាប់​ទី​៤ ហើយ​ចុងក្រោយកីឡាករ រីង ប៊ុន​ហៀ​ង រកបាន​មួយ​គ្រាប់​បន្ថែមទៀត ធ្វើ​ឲ្យ​ចប់​ការប្រកួត កម្ពុជាឈ្នះទី​ម័​រ​ខាងកើត ៥​ទល់​០​។​

​លទ្ធផល​នេះ បានធ្វើ​ឲ្យ​កម្ពុជា ឈរ​នៅ​លេខ​១ ជា​បណ្ដោះអាសន្ន បន្ទាប់ពី​ការប្រកួត​មួយគូ​ទៀត រវាងមី​យ៉ាន់​ម៉ា ជាមួយហ្វីលីពីន បញ្ចប់​ទៅដោយ មី​យ៉ាន់​ម៉ា ឈ្នះ​ត្រឹម ២​ទល់​១៕v/ha