កម្ពុជា ដែនដី​សេរីភាព​នៃ​សារព័ត៌មាន​

360
ចែករម្លែក

​សិក្ខាសាលា​ក្នុង​ភាពជា​ដៃគូ​ជាមួយ​វិទ្យាស្ថាន​អាស៊ី​ប៉ា​ស៊ី​ហ្វី​ក​សម្រាប់​ការផ្សព្វផ្សាយ បានធ្វើ​ឡើង​នៅ​ថ្ងៃទី​១០-១១​ខែមិថុនា និង​សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី​លើក​ទី​១៦ ស្តីពី​ឌីជីថល ភាវូបនីយកម្ម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្តោតលើ​ទីផ្សារ​កំពុងអភិវឌ្ឍន៍ ដែល​បានប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​១២-១៣​ខែមិថុនា ឆ្នាំ​២០១៩ នៅលើ​ទឹកដី​ខេត្តសៀមរាប​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា គឺជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​សម្រាប់​អ្នកសារព័ត៌មាន​។

​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​ថ្លែង​ឲ្យ​ដឹងថា ព្រឹត្តិការណ៍​នេះ​បានផ្តល់ឱកាស​ដល់​អ្នក​ផ្សព្វផ្សាយ អ្នកអនុវត្ត​ន៍ប្រព័ន្ធ​ផ្សព្វផ្សាយ អ្នកដឹកនាំ​វិស័យ​ឧស្សាហកម្ម អ្នកសិក្សា​ស្រាវជ្រាវ​អ្នកជំនាញ និង​អ្នកបង្កើត​គោលនយោបាយ​ប្រព័ន្ធ​ផ្សព្វផ្សាយ នៅ​ទូទាំង​ពិភពលោក​បាន​ជួបពិភាក្សា​អំពី​របៀប​អភិវឌ្ឍន៍​គុណភាព ប្រព័ន្ធ​ផ្សព្វផ្សាយ ក្នុងអំឡុងពេល​នៃ​ការប្រកួតប្រជែង​ដ៏​ខ្លាំងក្លាប​ដិ​វត្ដ​ន៍​បច្ចេកវិជ្ជា​ជំនា​ន់ទី​៤ ដូចជា​ផល​ប៉ះពាល់​នៃ​វិស័យ​សារព័ត៌មាន ក្រោម​ឥ​ទិ្ធ​ពល​បដិវត្តន៍​ឧស្សាហកម្ម​ជំនា​ន់ទី​៤ ការប្រយុទ្ធប្រឆាំង​ព័ត៌មាន​ក្លែង​ក្លាយ ការបង្កើត​កម្មវិធី​ដ៏​មាន​ប្រសិទ្ធភាព​ក្នុង​យុគសម័យ​ឌីជីថល និង​និន្នាការ​នៃ​បច្ចេកវិជ្ជា​4K ជាដើម​។

​ការ​ជ្រើស​យក​ទឹកដី​កម្ពុជា សម្រាប់ធ្វើ​សន្និសីទ​កំពូល​នេះ មិនមែនជា​រឿង​ចៃដន្យ​ទេ ប៉ុន្តែ​គឺជា​ការទទួលស្គាល់​ពី​ក្នុងចំណោម​សហគមន៍​អ្នកសារព័ត៌មាន​នៅ​អាស៊ី និយាយដោយឡែក និង​និយាយ​ជារួម​គឺ​នៅ​ទូទាំង​ពិភពលោក​ថា កម្ពុជា​ជា​ទឹកដី​នៃ​សេរីភាព​សារព័ត៌មាន​។ ព្រឹត្តិការណ៍​នេះ​បានផ្តល់​កិត្តិយស​ធំធេង​ណាស់​សម្រាប់​កម្ពុជា ជាការ​ផ្តល់យុត្តិធម៌ និង​ការគាំទ្រ​ដល់​រាជរដ្ឋាភិបាលកម្ពុជា​ដែល​កំពុង​អនុវត្ត​នយោបាយ​បើក​លំហ ប្រជាធិបតេយ្យ សេរីភាព និង​ការគោរព​សិទ្ធិមនុស្ស​ដែល​ក្នុងនោះ​សេរីភាព​នៃ សារព័ត៌មាន និង​ការបញ្ចេញមតិ​ត្រូវ​បានទទួល​ការលើកស្ទួយការគាំទ្រ និង​ការ​ផ្តល់នូវការយកចិត្ត​ទុក​យ៉ាង​ក្រៃលែង ។

​ពីរ​ថ្ងៃមុន​ពេលដែល​សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី​លើក​ទី​១៦ ប្រារព្វឡើង​មាន​បុគ្គលខ្លះ និង​អង្គការ​ខ្លះ​ដែល​ធ្លាប់តែ​ប្រឆាំង​ជាមួយ​កម្ពុជា​បាន​បញ្ចេញ​ទស្សនៈ​មិន​ត្រឹមត្រូវ ហើយ​ពួកនេះ ឈឺចាប់​ខ្លាំងណាស់ ដែល​សហគមន៍​អ្នកសារព័ត៌មាន​អន្តរជាតិ​សម្រេច ទទួលយក​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​សម្រាប់​រៀបចំ​កិច្ចប្រជុំ​កំពូល​ដ៏​មាន​សារសំខាន់​នេះ​។​

​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​បានចាត់ទុក​ការរៀបចំ​កិច្ចប្រជុំ​នេះ​ថា​ជាការ​ចំអកឡកឡឺយ​ដល់​សេរីភាព​នៃ​ការបញ្ចេញមតិ និង​សេរីភាព​សារព័ត៌​មាននៅ​កម្ពុជា​។ យើងសួរថា នៅក្នុង​បណ្តា​ប្រទេស​អាស៊ី​ទាំងអស់ តើ​មាន​ប្រទេស​ប៉ុន្មាន​ទៅ​ដែល​សេរីភាពនៃ​សារព័ត៌មាន និង​សេរីភាព​នៃ​ការបញ្ចេញមតិ​មាន​លំហ​ធំ​ជាង​ប្រទេស​កម្ពុជា ? បើ​និយាយ​ក្នុង​ក្រប​ខ័ណ្ឌ​ទូទាំង​ពិភពលោក​តើ​មាន​ប្រទេស​ដែល​អួត​ខ្លួនឯង​ថា​ជា​បិតា​ប្រជាធិបតេយ្យ បិតា​សេរីភាព​ប៉ុន្មាន​ទៅ​ដែល​សារព័ត៌មាន​ត្រូវបាន​គេ​ទុក​ឲ្យ​ធ្វើ​សកម្មភាពដោយ​សេរី យ៉ាង​អនាធិបតេយ្យ និង​ហួស​ដែន​កំណ​ត់នៃ​ច្បាប់ ?​។​

​យើង​មិនចាំបាច់​រំលឹក​ទៅដល់​ព្រឹត្តិការណ៍​នានា ដែលមាន​លក្ខណៈ​ជាការ​រំលោភបំពាន ការយាយី ការគំរាមកំហែង​ទៅលើ​សេរីភាព​នៃ​សារព័ត៌មាន​រាប់មិនអស់​នៅ​ប្រទេសដែល​ល្បីល្បាញខាង​ប្រជាធិបតេយ្យ​នោះទេ យើង​គ្រាន់តែ​លើកយក​ហេតុការណ៍ចំនួន​បី​ដែល​កើតឡើង​ថ្មីៗ​នេះ មក​ធ្វើជា​ទឡ្ហីករណ៍​។ នៅ​ថ្ងៃទី​៤ ខែមិថុនា​កម្លាំង​ប៉ូលីស អូស្ត្រាលី បាន​ចុះ​ឆែកឆេរ​ផ្ទះ​របស់​អ្នកកាសែត​ម្នាក់ ដែល​ធ្វើការ​ឲ្យ​សារព័ត៌មាន News Corp Australia បន្ទាប់ពី​បាន​រាយការណ៍​ព័ត៌មាន​ថា​រដ្ឋាភិបាល​អ​ស្ត្រា​លី​កំពុង​ពិចារណា លើ​ផែនការ​សំខាន់​មួយ​ដើម្បី​តាមឃ្លាំមើល​ពលរដ្ឋ​អូស្ត្រាលី ។ មួយថ្ងៃ​ក្រោយមក ប៉ូលីស​អូស្ត្រាលី បាន​បើក​ប្រតិបត្តិ​ការចុះ​ឆែកឆេរ​អគារ​ទីស្នាក់ការ​នៃ​ស្ថានីយទូរទស្សន៍ ABC ក្នុង​ទីក្រុង​ស៊ីដនី ក្រោយពី​ទូរទស្សន៍​នេះ​បាន​ចុះផ្សាយ​អត្ថបទ​ថា កងទ័ព​អូស្ត្រាលី បាន​ប្រព្រឹត្ត​អំពើ​ខុសឆ្គង​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ។ ដោយឡែក​នៅ​សហរដ្ឋ អាម៉េរិក ដូ​ណា​ល់ ត្រាំ​បាន​យក​ខ្លួន​ធ្វើ​សត្រូវ​ជាមួយ​អ្នកកាសែត​ដោយ​ជេរប្រមាថ​អ្នកកាសែត ដូច​ឆ្កែ​ដូច​ឆ្មា​តាំងពី​ពេលដែល​គាត់​ចូលមក​នៅក្នុង​សេត​វិមាន​។ ក្នុងពេលបំពេញទស្សនកិច្ច​នៅ​ប្រទេស​អង់គ្លេស លោក​ដូ​ណា​ត្រាំ បាន​ផ្ទុះ​កំហឹង​ចំពោះ ទូរទស្សន៍ CNN ដោយ​ចោទថា CNN​និយាយ​អាក្រក់​ពី​លោក ។ គាត់​និយាយទៀតថា ពិភពលោក​មើល​CNN មានន័យថា​ពួកគេ​កំពុង​មើលឃើញ​អ្វីដែល​មិន​ពិត​ពី​អាម៉េរិក​។​

​រឿងនេះ​វា​មិន​ខុសពី​កម្ពុជា​ទេ ។ តាំង​ពីមុន​រហូតមក​ដល់​បច្ចុប្បន្ន​កម្ពុ​ជាមាន​ពីរ គឺ​កម្ពុជាពិតជា​កម្ពុជា​ដែលមាន​សុខសន្តិភាព និង​ការអភិវឌ្ឍ និង​កម្ពុជា​មួយទៀត​នៅលើ​ទំព័រកាសែត ជា​កម្ពុជា​ដែល​គេ​លាប​ពណ៌​ឲ្យ​ឃើញ​ខ្មៅ​ងងឹត​។ ប៉ុន្តែ​ទោះយ៉ាងណា​រាជរដ្ឋាភិបាល​កម្ពុជា​នៅតែ​គាំទ្រ​និង​លើកស្ទួយ​សេរីភាព​នៃ​សារព័ត៌មាន និង​បាន​ចាត់ទុក​ថា សារព័ត៌មាន​គឺជា​ដៃគូ ជា​កញ្ចក់​សម្រាប់​ឆ្លុះបញ្ចាំង​ក្នុង​ដំណើរ​នៃ​ការអភិវឌ្ឍប្រទេសជាតិ​។​

​គិត​មកដល់ពេលនេះ អង្គភាព​សារព័ត៌មាន​ដែល​កំពុងដំណើរការ​អា​ជីវ​កម្ម​នៅក្នុង ព្រះរាជាណាចក្រ​កម្ពុ​ជារួម​មាន កាសែត​ចំនួន ៤៣៩ អង្គភាព​, ទស្សនា​វ​ដ្តី​ចំនួន​១៨៥ អង្គភាព​, ព្រឹត្តិប័ត្រ​ចំនួន​២០​អង្គភាព​, គេហទំព័រ និង TV Online ចំនួន​៣១៥​អង្គភាព ,​រោង​ពុម្ព​ចំនួន ១១៦​អង្គភាព ,​សមាគម​សារព័ត៌មាន​ចំនួន ៤០ អង្គភាព​, ទីភ្នាក់ងារ សារព័ត៌​បរទេស​ចំនួន ២១​អង្គភាព​, ស្ថានីយ​វិទ្យុ​FM​ចំនួន ៨៣​ស្ថានីយ និង​វិទ្យុ​AM​ចំនួន មួយ​ស្ថានីយ នៅ​រាជធានី​ភ្នំពេញ និង​តាម បណ្តា​ខេត្ត​ចំនួន​១៣៧ ស្ថានីយ​, ទូរទស្សន៍ អាណា​ឡូ​ក​ចំនួន ១៩​ស្ថានីយ ,​ទូរទស្សន៍​ឌីជីថល​( Digital) ចំនួន​ប្រាំ​ស្ថានីយ​, ទូរទស្សន៍ ខ្សែកាប​នៅ​រាជធានី​ភ្នំពេញ​ចំនួន ពីរស្ថានីយ និង​នៅតាម​បណ្តា​ខេត្ត​ចំនួន ២១០ ស្ថានីយ ប្រព័ន្ធ OTT​ចំនួន ប្រាំពីរ ក្រុមហ៊ុន និង​ទូរទស្សន៍​ផ្កាយរណប Satellite ចំនួន ពីរស្ថានីយ​។

​ដោយឡែក​ចំពោះ​ខ្លឹមសារ​ដែល​បានលើកឡើង​នៅក្នុង​សន្និសីទ​កំពូល​នេះ ពិតជា​មាន សារសំខាន់​ខ្លាំងណាស់​នៅក្នុង​យុគសម័យ​បច្ចេកវិទ្យា​ឌីជីថល​។ កន្លងមកនេះ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​តាម​បណ្តាញ​សង្គម​បានផ្តល់​សារសំខាន់​ខ្លាំងណាស់​ដល់​អ្នកអាន ប៉ុន្តែ មាន​ជនខិលខូច​ឆ្លៀត​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នេះ ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ព័ត៌មានមិន​ពិត ព័ត៌មាន​ក្លែងក្លាយ ញុះញង់​បញ្ឆេះ​កំហឹង​ឲ្យ​មានការ​ស្អប់ខ្ពើម ការរើសអើង ការ​គុំ​កួ​ន ជេរប្រមាថ ធ្វើ​ឲ្យ​សង្គមជាតិ​មានការ​បែកបាក់​។ ដូច្នេះ​មានតែ​ការពង្រឹង​ការ អនុវត្ត​ច្បាប់ ពង្រឹង​ក្រមសីលធម៌​វិជ្ជាជីវៈ ពង្រឹង​កិច្ចសហប្រតិបត្តិការ​ឲ្យ​បាន​ជិតស្និទ្ធ រវាង​ផ្នែក​ពាក់ព័ន្ធ ពង្រឹង​ការអភិវឌ្ឍ​គុណភាព​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ ដើម្បី​ដោះស្រាយបញ្ហា​ប្រឈម​នៅក្នុង​យុគសម័យ​បច្ចេកវិទ្យា​ដ៏​ទំនើប​នេះ​៕ ដោយៈ​សែម ភួង​/Ha