កម្ពុជា ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ កិច្ចប្រជុំ​កំពូល​អាស៊ាន លើកដំបូង​

1332
ចែករម្លែក
  • 38
    Shares

​ដោយ​៖​បូ​រិ​ន​/
​ភ្នំពេញ​៖ ក្រោយ​ចូល​ជា សមាជិក​របស់ សមាគម​ក្រុមហ៊ុន អចលនទ្រព្យ​អាស៊ាន (ARENA) អស់​រយៈពេល​ជាង ២ ឆ្នាំ ប្រធាន​សមាគម អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា (CVEA) ខណៈ​លោក​បណ្ឌិត គីម ហ៊ាង ត្រូវបាន​តែងតែ​ធ្វើជា ប្រធាន​សមាគម ARENA ប្រចាំឆ្នាំ​២០១៨ និង​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ រៀបចំ​កិច្ចប្រជុំ​កំពូល ប្រចាំឆ្នាំ ARENA Convention & Expo 2018 នា​ខែសីហា ខាងមុខ​ទៀតផង ។​

​ក្នុង​កិច្ចប្រជុំ​ពាក់កណ្ដាល ឆមាស របស់​សមាគម ARENA នៅ​សណ្ឋាគារ សូ​ហ្វី​តែ​ល កាលពី​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១៨ លោក​បណ្ឌិត គីម ហ៊ាង បាន​មានប្រសាសន៍ថា នេះ​គឺជា​កិត្តិយស​ដ៏​ធំធេង ដែល​កម្ពុជា ត្រូវបាន​ជ្រើសរើស ឲ្យ​ដឹកនាំ​សមាគម ARENA ក្នុង​ឆ្នាំ​២០១៨​នេះ ដែលជា​ឱកាស​មាស ឱកាស​ប្រាក់ បន្ថែមទៀត ដើម្បី​ធ្វើឱ្យ​ក្រុមហ៊ុន សមាជិក​របស់ CVEA មាន​ទំនាក់ទំនង កាន់តែច្រើន ជាមួយ​បណ្ដា​ក្រុមហ៊ុន សមាជិក​របស់ ARENA ។​

​ប្រធាន​ក្រុមហ៊ុន ខ្មែរ រៀល អ៊ី​ស្ទេ​ត រូបនេះ បាន​ប្រាប់ថា “​គោលដៅ​របស់​យើង ក្នុង​ការចូល​ជា សមាជិក​របស់ ARENA គឺ​យើង​ចង់​ជំរុញ ការរកស៊ី​ផ្នែក​ដីធ្លី ឆ្លងដែន ឬ​គ្មាន​ដែន​កំណត់ ពោលគឺ​ខ្មែរ​យើង អាច​ទៅរក​ស៊ី នៅ​បរទេស​បាន ហើយ​បរទេស ក៏​អាចមក​រកស៊ី នៅ​ស្រុក​ខ្មែរ បាន​ដូចគ្នា ដោយសារ​យើង ស្គាល់គ្នា ហើយ​យើង​មិនបាច់ ទៅ​បើក​ក្រុមហ៊ុន នៅ​បរទេស​នោះឡើយ គឺ​យើង​ចង់​ទិញ ឬ​លក់ យើង​ប្រាប់​ក្រុមហ៊ុន​សាមី ទៅវិញទៅមក ដើម្បី​ទិញ​-​លក់ ឲ្យ​គ្នា​តែម្ដង​” ។ តែ​អ្វីដែល​កាន់តែ មាន​មោទនភាព គឺ​ការសម្រេច​គោលដៅ ធ្វើ​ម្ចាស់ផ្ទះ​កិច្ចប្រជុំ ARENA Convention & Expo 2018 ។

​លោក​បណ្ឌិត គីម ហ៊ាង បាន​បញ្ជាក់ថា “​សមិទ្ធផល​ជាង ២ ឆ្នាំ កន្លងមក ជោគជ័យ​ធំ​បំផុត គឺ​យើង​បានធ្វើ​ម្ចាស់ផ្ទះ កិច្ចប្រជុំ​កំពូល​ប្រចាំឆ្នាំ របស់ ARENA ដែល​នឹងមាន​គណៈប្រតិភូ​បរទេស ប្រហែលជា ៣០០ ទៅ ៤០០ នាក់ ក្នុង​តំបន់​អាស៊ាន ចូលរួម ដែលជា​ផលចំណេញ​ដ៏​ធំ​មួយ ព្រោះ​គេ​អាច​នាំ​ភ្ញៀវ មក​ទិញ​ដីធ្លី​នៅ​ខ្មែរ ។ មួយវិញទៀត ក៏បាន​ជួយ​ដល់​វិស័យ​ទេសចរណ៍ ក្នុងស្រុក ពោលគឺ​ចំណេញ ទាំង​ផ្នែក​សេដ្ឋកិច្ច ទេសចរណ៍ និង​ដីធ្លី ពិសេស​គឺជា​កិត្តិយស ប្រទេសជាតិ​យើង ទៀតផង ។​

​សូមបញ្ជាក់ថា ចំពោះ​កិច្ចប្រជុំ ARENA Convention & Expo 2018 ដែល​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ គឺ​គ្រោង​រៀបចំ រយៈពេល ៣ ថ្ងៃ នា​ចុងខែ​សីហា ខាងមុខ ដែល​នឹងមាន​អ្នកចូលរួម យ៉ាងតិច ៧០០ នាក់ ក្នុង​ប្រហែល ៤០០ នាក់ គឺជា​ភ្ញៀវ​មកពី​បណ្ដា​ប្រទេស​អាស៊ាន កូរ៉េ ចិន អាមេរិក តៃវ៉ាន់ ជប៉ុន អូស្ដ្រាលី និង​ប្រទេស​នៅ​អឺរ៉ុប មួយចំនួន ខណៈ ៣០០ នាក់ ជា​តំណាង​ក្រុមហ៊ុន អចលនទ្រព្យ​ក្នុងស្រុក​។ បន្ថែម​លើ​នេះ នឹងមាន​វាគ្មិន​ល្បីៗ ដែលជា​ប្រធាន​សមាគម តាម​បណ្ដា​ប្រទេស ក្នុង​តំបន់​អាស៊ាន ដើម្បី​ចូលរួម​ចែករំលែក បទពិសោធន៍​ល្អៗ ពាក់ព័ន្ធ​នឹង​ការរកស៊ី​វិស័យ​ដីធ្លី ក្នុងប្រទេស​របស់ខ្លួន​ទៀតផង​៕V