កម្ពុជា និង ម៉ា​រ៉ុ​ក​សន្យា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​បន្ថែម​លើ​វិស័យ​ទេស​ចរណ៍​និង​ធុរកិច្ច​

892
ចែករម្លែក

ដោយ​: រស្មី / សៀមរាប​: ប្រមុខ​ការទូត​កម្ពុជា និង​អនុរដ្ឋមន្ត្រី​ការបរទេស នៃ​ប្រទេស​ម៉ា​រ៉ុ​ក បាន​សន្យា​គ្នា​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​បន្ថែមទៀត លើ​វិស័យ​ទេសចរណ៍ និង​ធុរកិច្ច​។​

​លោក ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី និង ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​បាន​ប្រាប់​អ្នកសារព័ត៌មាន ក្រោយ​ជំនួប​ជាមួយ លោកស្រី មូ​ន​នៀ បូ​សេ​តា ( Mounia BOUCETTA) អនុរដ្ឋមន្ត្រី​ការបរទេស នៃ​ប្រទេស​ម៉ា​រ៉ុ​ក នៅ​ព្រឹក​ថ្ងៃទី​៤ ខែមេសា ឆ្នាំ​២០១៨ នៅ​ខេត្តសៀមរាប​ថា ប្រទេស​ទាំងពីរ​នឹង​រៀបចំ​ឱ្យមាន​វេទិកា​ធុរកិច្ច ដើម្បី​បង្កើន​ទំហំ​ពាណិជ្ជកម្ម​និង​វិស័យ​ទេសចរណ៍​។​

​លោក ប្រាក់ សុខុន ក៏បាន​មានប្រសាសន៍​ទៀតថា ឆ្លើយតប​នឹង​ការគោរព​អញ្ជើញ ពី​សំណាក់​ភាគី​ភ្ញៀ​ង លោក​នឹង​ដឹកនាំ​គណប្រតិភូ​កម្ពុជា ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ម៉ា​រ៉ុ​ក នៅក្នុង​រង្វង់​ឆមាស​ទី​ពីរ​ក្នុងឆ្នាំនេះ ដើម្បី​បង្ហាញ​ពី​កិច្ចការ​វិវត្តន៍​ថ្មីៗ នៃ​ប្រទេស​ទាំងពីរ​លើ​កិច្ចការ​ទំនង​ការទូត បន្ថែមទៀត​។​

​លោក​បាន​បន្តទៀតថា កាលពី​ឆ្នាំ​២០១៧​កន្លងទៅ មន្ត្រីការទូត​កម្ពុជា បាន​ចូលរួម​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ផ្នែក​នយោបាយ​ជាមួយ​រដ្ឋាភិបាល នៃ​ប្រទេស​ម៉ា​រ៉ុ​ក ប៉ុន្តែ​ប្រទេស​ទាំងពីរ​ចង់​ពង្រឹង​បន្ថែមទៀត​ផ្នែក​ធុរកិច្ច និង​ការលើកលែង​ទិដ្ឋាការ ការទូត និង​ទិដ្ឋាការ​ផ្លូវការ​ឱ្យបាន​កាន់តែ​ទូលំទូលាយ​សម្រាប់​មន្ត្រីរ​ដ្ឋា​ភិ​បាល​នៃ​ប្រទេស​ទាំងពីរ​។ លោក​បាន​បន្តទៀតថា សម្រាប់​វិស័យ​ការទូត​វិញ កម្ពុជា​និង​ម៉ា​រ៉ុ​ក​ក៏បាន​ចុះហត្ថលេខា​ជាមួយគ្នា​ផងដែរ ដើម្បី​វិទ្យាស្ថាន​ការទូត​កម្ពុជា​លើ​ផ្នែក​បណ្តុះបណ្តាល​ផ្សេងទៀត​ជាមួយគ្នា​នាពេល​អនាគត​ផងដែរ​។​

​យោងទៅតាម​ប្រសាសន៍​របស់លោក ប្រាក់ សុខុន គិត​ត្រឹម​ឆ្នាំ​២០១៧​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​មាន​ចំនួន​ត្រឹម​១​លាន​ដុល្លារ ចំណែក​ភ្ញៀវ​ទេ​ចរណ៍​មាន​ចំនួន​៨០០​រយ​នាក់​ប៉ុណ្ណោះ​។​​ ម៉ា​រ៉ុ​ក ត្រូវបាន​គេ​ដឹងថា គឺជា​រាជាណាចក្រ​មួយ​នៅ​តំបន់​អាហ្វ្រិក​ខាងជើង តាម​បណ្តោយ​មហាសមុទ្រ​អា​ត្ល​ង់​ទិច និង សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​។ ប្រទេស​នេះ មាន​ប្រជាពលរដ្ឋ​សរុប​ប្រមាណ​ជា ៣៨​លាន​នាក់​៕