កម្ពុជា នឹង​ធ្វើជា​ប្រទេស​កិត្តិយស​នៃ​ការតាំងពិព័រណ៍​ពាណិជ្ជកម្ម ចិន​-​អាស៊ាន​នាពេល​ខាងមុខនេះ​

768
ចែករម្លែក

(​ភ្នំពេញ​)៖​ខណ​:​ដែល​ការតាំងពិព័រណ៍​ពាណិជ្ជកម្ម ចិន​-​អាស៊ាន លើក​ទី​១៥ នឹង​ប្រព្រឹត្តទៅ ចាប់ពី​ថ្ងៃទី​១២ ដល់​ថ្ងៃទី​១៥ ខែកញ្ញា ខាងមុខនេះ នៅ​ទីក្រុង​ណាន​នី​ង ខេត្ត​ក្វាង​ស៊ី ប្រទេស​ចិន ក្នុងនោះ​កម្ពុជា នឹង​ធ្វើជា​ប្រទេស​កិត្តិយស ស្របពេល​ទំនាក់ទំនង​ការទូត កម្ពុជា​-​ចិន នឹង​ឈាន ចូល​គម្រប់​ខួប​លើក​ទី​៦០ ក៏ដូចជា​គម្រប់​ខួប​លើក​ទី​១៥ ក្នុងការ​បង្កើត​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ ចិន​-​អាស៊ាន​។​

​កាលពី​ថ្ងៃ​២១ ខែសីហា ឆ្នាំ​២០១៨​នេះ ក្នុង​សន្និសីទ​សារ​ព័ត​មាន ស្តីពី​ការតាំងពិព័រណ៍​ពាណិជ្ជកម្ម ចិន​-​អាស៊ាន នៅ​រាជធានី​ភ្នំពេញ​ថា ការតាំងពិព័រណ៍​នេះ ជា​វេទិកា​ដ៏​សំខាន់​មួយ ក្នុងការ​ជំរុញ កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​នយោបាយ​ការទូត ព្រមទាំង​វប្បធម៌​រវាង​ប្រទេស ទាំងពីរ ជាពិសេស​បង្កើត​កាលានុវត្តភាព​វិនិយោគ និង​សកម្មភាព​ពាណិជ្ជកម្ម ដើម្បី​ជំរុញ​សមា​- ហ​រណកម្ម​សេដ្ឋកិច្ច​ក្នុង​តំបន់ ក៏ដូចជា ពង្រីក​គោលដៅ​ទីផ្សារ ទាំង​ក្នុង និង​ក្រៅប្រទេស ស្របតាម​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍ គ្រប់​ជ្រុងជ្រោយ លើ​វិស័យ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​។​

​លោក ស៊ា​ង ថៃ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម​នៃ​ក្រសួងពាណិជ្ជកម្ម​បាន​មាន ប្រសាសន៍ថា ក្រៅពី​ការតាំង​បង្ហាញ​ផលិតផល និង​សេវា យើង​នឹង​រៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ ពី​គោលនយោបាយ​វិនិយោគ និង​បរិយាកាស​ធ្វើ​ធុរកិច្ច​នៅ​កម្ពុជា អមដោយ​ពិធី​ចុះហត្ថលេខា លើ​គម្រោង​វិនិយោគ និង​បរិយាកាស​ធ្វើ​ធុរកិច្ច​នៅ​កម្ពុជា​អមដោយ​ពិធី​ចុះហត្ថលេខា​លើ​គម្រោង វិនិយោគ​មួយចំនួន ក៏ដូចជា​រៀបចំ​វេទិកា​វិនិយោគ​កម្ពុជា​-​ចិន​លើក​ទី​៣ និង​កម្មវិធី​ទស្សនកិច្ច របស់​ពាណិជ្ជករ​កម្ពុជា ទៅកាន់​ប្រទេស​ចិន ដើម្បី​ស្វែងរក​ដៃគូ​ធ្វើ​អាជីវកម្ម​។​

​សូមបញ្ជាក់ថា កម្មវិធី​ពិព័រណ៍​ពាណិជ្ជកម្ម ចិន​-​អាស៊ាន ជា​រៀងរាល់ឆ្នាំ កម្ពុជា​តែងតែ​រៀបចំ​ពន្លា ជាតិ ដើម្បី​បង្ហាញ​ពី​កិត្តិនាម​របស់​ប្រទេស​ដល់​អ្នកចូលរួម​ឲ្យ​បាន​ស្គាល់​កាន់តែច្បាស់​ពី​ប្រទេស កម្ពុជា​។ សម្រាប់​ឆ្នាំ​២០១៨​នេះ កម្ពុជា​នឹង​រៀបចំ​ជា​ពន្លា​ជាតិ​មួយ​ដោយ​យក​ប្រាសាទ​សំបូរ ព្រៃ​គុក ក្នុង​ខេត្តកំពង់ធំ ធ្វើជា​ទីក្រុង​ស្រស់ប្រិមប្រិយ និង​មាន​អគារ​មួយ​ទំហំ ៤៥X៦០​ម៉ែត្រ ដែល​អាច​រៀបចំ​បាន ១៤៦ ស្តង់ សម្រាប់​បង្ហាញ​ផលិតផល និង​សេវា​របស់​ប្រទេស​ផងដែរ​៕ ដោយ​: បូ​រិ​ន​