កម្ពុជា បង្កើត​សហព័ន្ធ​កីឡា​ប្រយុទ្ធ​ដៃ​

605
ចែករម្លែក

​ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖ កម្ពុជា បាន​បង្កើត​សហព័ន្ធ​ប្រយុទ្ធ​ដៃ (Cambodian Armwrestling Federation) ជា​លើកដំបូង ព្រមទាំង​បាន​សម្ពោធ​សហព័ន្ធ​នេះ កាលពី​ល្ងាច ថ្ងៃទី​២៥ កុម្ភៈ កន្លងទៅនេះ ។​

​សហព័ន្ធ​នេះ មាន​សមាជិក​ប្រតិបត្តិ ចំនួន ១១ រូប ដែល​ក្នុងនោះ លោក​មាស សារិន ជា​ប្រធាន​សហព័ន្ធ និង​មាន​អនុប្រធាន ចំនួន ៣ រូប លោក​ប្រាក់ សុជាតិ ជា​អគ្គលេខាធិការ ដែល​អមដោយ​អគ្គលេខាធិការរង ចំនួន ២ រូប លោក​គង់ សុភាព ជា​អគ្គ​ហេរញ្ញិក និង​មាន​អគ្គ​ហេរញ្ញិក​រង ១ រូប ។​

​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា និង​លោក ឈុន ច​ន្ធូ អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​កីឡា បាន​អញ្ជើញ​ជា​សាក្សី នៅ​ថ្ងៃ​សម្ពោធ​សហព័ន្ធ​ប្រយុទ្ធ​ដៃ​នេះ ។ ជាមួយនឹង​ការប្រកាស​បង្កើត​នេះ សហព័ន្ធ ក៏បាន​បង្ហាញ​ពី​របៀប​ប្រកួត និង​របៀប​បំពេញ​តួនាទី របស់​អាជ្ញាកណ្ដាល​។​

​កីឡា​ប្រយុទ្ធ​ដៃ (Arm wrestling) មិនមែនជា​ប្រភេទ​កីឡា​អូឡាំពិក​ឡើយ តែ​វា​ជា​ប្រភេទ​កីឡា ដែល​គេ​និយម​ចូលចិត្ត​គ្រាន់បើ​ដែរ ។ កីឡា​នេះ ប្រកួត​ដោយ​គិត ទៅតាម ប្រភេទ​ទម្ងន់ និង អាយុ ។ សម្រាប់​អ្នក​ពូកែ​ដៃ​ឆ្វេង ប្រកួត​ជាមួយ អ្នកលេង​ដៃ​ឆ្វេង អ្នក​ពូកែ​ដៃស្ដាំ ប្រកួត​ជាមួយ​អ្នកលេង​ដៃស្ដាំ ។​

​កីឡា​ប្រភេទ​នេះ ជា​ប្រភេទ​កីឡា ដើម្បី​ទាំងអស់គ្នា (Sport for All) ដែលមាន​សហព័ន្ធ​ពិភពលោក (World Arm Wrestling Federation) ។ លើ​ពិភពលោក សព្វថ្ងៃ មាន​ប្រទេស ជា​សមាជិក​ចំនួន ៨១ ប្រទេស ។ ក្រៅពី​សហព័ន្ធ​ពិភពលោក ក៏​នៅមាន​សហព័ន្ធ​ទ្វីប ដែល​សម្រាប់​ទ្វីបអាស៊ី មាន​សមាជិក​ចំនួន ២២ ប្រទេស ។ សហព័ន្ធ​ទ្វីបអាស៊ី មាន​ឈ្មោះថា Asian Arm Wrestling Federation ។​

​សម្រាប់​សហព័ន្ធ​តំបន់​អាស៊ីអាគ្នេយ៍ ឬ សហព័ន្ធ​អាស៊ាន មិនទាន់មាន​នៅឡើយ​ទេ ។ ក្នុង​តំបន់​អាស៊ាន ទើប​តែមាន​ប្រទេស ចំនួន ៣ ប៉ុណ្ណោះ ដែល​លេង​កីឡា​នេះ គឺ​ឥណ្ឌូនេស៊ី សឹង្ហ​បូរី និង ម៉ាឡេស៊ី ។ វៀតណាម មាន​លេង​កីឡា​នេះដែរ តែ​មិនទាន់​ធ្វើ​សមាហរណកម្ម ទៅក្នុង​ទ្វីប និង​តំបន់ ។ ពេលនេះ កម្ពុ​ជាមាន​សហព័ន្ធ​នេះដែរ​ហើយ ។​

​ក្នុងឋានៈ​ជា​អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា​នោះ លោក វ៉ា​ត់ ចំរើន ជូនពរ​ឲ្យ​សហព័ន្ធ​នេះ មានការ​រីកចម្រើន និង​មាន​សក្ដានុពល ដើម្បី​អាច​បញ្ចូល ទៅក្នុង​ស៊ី​ហ្គេម ឆ្នាំ​២០២៣ បាន ៕v

ពិធី​សម្ពោធ​សហព័ន្ធ​ប្រយុទ្ធ​ដៃ​
ពិធី​សម្ពោធ​សហព័ន្ធ​ប្រយុទ្ធ​ដៃ​
ពិធី​សម្ពោធ​សហព័ន្ធ​ប្រយុទ្ធ​ដៃ​