កម្ពុជា ប្រកាស​ស្វាគមន៍​លទ្ធផល​នៃ​កិច្ចប្រជុំ​កំពូល​រវាង​មេដឹកនាំ​កូរ៉េ​ទាំងពីរ នៅ​ទីក្រុង​ព្យុងយ៉ាង​

559
ចែករម្លែក

ដោយ​: ម៉េង​ឆៃ​/ភ្នំពេញ​: រាជរដ្ឋាភិបាល​កម្ពុជា បានប្រកាស​ស្វាគមន៍​លទ្ធផល​នៃ​កិច្ចប្រជុំ​កំពូល​អន្តរ​កូរ៉េ ដែល ជា​ជំនួប​ជា​ប្រវត្តិសាស្ត្រ និង​ជោគជ័យ ដែល​បាន​ប្រព្រឹត្តទៅ នៅ​ថ្ងៃទី​១៨-២០ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ទីក្រុង​ព្យុងយ៉ាង ជាពិសេស​កម្ពុជា​បានប្រកាស​ស្វាគមន៍​នូវ​សេចក្តីប្រកាស​រួម​ទីក្រុង​ព្យុងយ៉ាង ដែល​កម្ពុជា​ចាត់ទុកថា ជាការ​បោះជំហាន​ដ៏​សំខាន់​មួយទៀត ឆ្ពោះទៅរក​ការផ្សះផ្សា​ជាតិ សន្តិភាព​យូរអង្វែង កិច្ចសហប្រតិបត្តិការ​ឈ្នះ​-​ឈ្នះ និង​វិបុលភាព​រួម​នៅ​ឧបទ្វីប​កូរ៉េ​។​

ប្រធានាធិបតី​កូរ៉េ​ទាំង​២ គឺ​លោក គីម ជុង​អ៊ុន និង​លោក មូ​ន ចេ​អ៊ី​ន បាន​ចុះហត្ថលេខា​លើ​សេចក្ដីថ្លែងការណ៍​រួម មាន​ច្រើន​ចំណុច ដែល​ផ្ដោត​សំខាន់​លើ​ការកសាង​សន្តិភាព នៅ​ឧបទ្វីប​កូរ៉េ និង​ការកែលម្អ​ទំនាក់ទំនង​រវាង​ប្រទេស​កូរ៉េ​ទាំងពីរ ឲ្យ​កាន់តែ​ប្រសើរ​ជាង​មុន

​ ​
​សេចក្តីថ្លែងការណ៍​រប​ស់​ក្រសួងការបរទេស នៅ​រសៀល​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៨ ក្រៅពី​ប្រកាស​ស្វាគមន៍​នូវ​លទ្ធផល​នៃ​ជំនួប​លើក​ទី​២ រវាង​មេដឹកនាំ​កូរ៉េ​ទាំងពីរ​ហើយ​នោះ ក្រសួងការបរទេស ក៏បាន​ប្រកាសថា កម្ពុជា គាំទ្រ​ទាំងស្រុង​ដល់​ការ​បន្តធ្វើ​កិច្ចសន្ទនា​ប្រកបដោយ​លក្ខណៈ​ស្ថាបនា ដែល​នឹង​នាំទៅដល់​ការសម្រេចបាន​នូវ​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ ទាំងស្រុង សន្តិភាព​អចិន្ត្រៃយ៍ និង​ការបង្រួបបង្រួម​កូរ៉េ​ទាំងពីរ​ឡើងវិញ​ដោយ​សន្តិវិធី​។​

​សូម​រម្លឹកថា បន្ទាប់ពី​បិទ​បញ្ចប់​កិច្ច​ជំនួប​កំពូល​រយៈពេល​បី​ថ្ងៃ នៅ​ទីក្រុង​ព្យុងយ៉ាង ចាប់ពី​ថ្ងៃទី​១៨ ដល់​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០១៨ រួចមក ប្រធានាធិបតី​កូរ៉េ​ទាំង​២ គឺ​លោក គីម ជុង​អ៊ុន និង​លោក មូ​ន ចេ​អ៊ី​ន បាន​ចុះហត្ថ លេខា​លើ​សេចក្ដីថ្លែងការណ៍​រួម មាន​ច្រើន​ចំណុច ដែល​ផ្ដោត​សំខាន់​លើ​ការកសាង​សន្តិភាព នៅ​ឧបទ្វីប​កូរ៉េ និង​ការកែលម្អ​ទំនាក់ទំនង​រវាង​ប្រទេស​កូរ៉េ​ទាំងពីរ ឲ្យ​កាន់តែ​ប្រសើរ​ជាង​មុន​។​

​ជាមួយគ្នា​នោះ ប្រធានាធិបតី​កូរ៉េ​ទាំងពីរ ក៏បាន​ប្រកាស​ពី​ការចាប់ផ្ដើម​សហការគ្នា កាន់តែ​ជិតស្និទ្ធ​ជាង​មុន ដើម្បី​កសាង​អនាគត​កាន់តែ​ល្អប្រសើរ សម្រាប់​ប្រទេស​ទាំង​២ ដោយ​គ្មាន​ការគំរាមកំហែង​ពី​អាវុធ​នុយក្លេអ៊ែរ​។

​ជាថ្មី​ម្ដងទៀត កូរ៉េខាងជើង ក៏បាន​ប្រកាស​សន្យាថា ទីក្រុង​ព្យុងយ៉ាង នឹង​លុបបំបាត់​ឲ្យ​អស់​ជា​ស្ថាពរ និង​ជា​អចិន្ត្រៃយ៍ មិន​ឲ្យ​វិល​មកវិញ​ជាដាច់ខាត នូវ​អាវុធ​នុយក្លេអ៊ែរ និង​ការផលិត​គ្រាប់​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ ដោយ​អនុញ្ញាត​ឲ្យ​ក្រុម​អ្នកសង្កេតការណ៍​អន្តរជាតិ ចូលទៅ​ពិនិត្យមើល​ដល់​កន្លែង​ជាក់ស្ដែង​តែម្ដង​៕SRN