កម្ពុជា-ម៉ាឡេស៊ី ចុះហត្ថលេខា​លើ​ឯកសារ​ចំនួន​២

228
ចែករម្លែក

ដោយ:តារារិទ្ធិ/​ភ្នំពេញ​ ៖ ​នៅ​ព្រឹក​ថ្ងៃទី​៣ ​ខែកញ្ញា ​ឆ្នាំ​២០១៩​នេះ លោក មហា​ធៀ មហាម៉ាត់ (Mahathir Mohamad) នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី បាន​អញ្ជើញ​ជួបចរចា​ទ្វេភាគី​ជាមួយសម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​វិមាន​សន្តិភាព​។ បន្ទាប់ពី​ជំនួប ​ប្រមុខ​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ​នឹង​អញ្ជើញ​ជា​អធិបតីភាពក្នុង​ពិធី​ចុះហត្ថលេខាលើ​ឯកសារ​ចំនួន​ពីរ :

១.​កិច្ចព្រមព្រៀង​ស្ដីពី​ការលុបបំបាត់​ការយកពន្ធ​ត្រួតគ្នា​ពាក់ព័ន្ធ​នឹង​ព​ន្ធលើ​ប្រាក់ចំណូល​និង​ការបង់ការ​គេចវេះ​ពន្ធ​និង​ការជៀសវាង​ពន្ធ ចុះហត្ថលេខា​ដោយ​លោកអគ្គបណ្ឌិត​សភាចា​រ្យ​អូន​ព័ន្ធមុនីរ័ត្ន​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​និង​លោក សៃ​ហ្វូ​ឌី​ន អាប់​ឌុល​ឡា រដ្ឋមន្ត្រីការបរទេស​ម៉ាឡេស៊ី​។​

​២​.​អនុស្សរណៈ​ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍​ ​ចុះហត្ថលេខា​ដោយ​លោក​ថោង​ខុន​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កម្ពុជា​និង​លោក សៃ​ហ្វូ​ឌី​ន អាប់​ឌុល​ឡា រដ្ឋមន្ត្រីការបរទេស​ម៉ាឡេស៊ី ។​

តាម​ការប្រកាស​របស់​ក្រសួងការបរទេស បានឱ្យដឹងថា ក្នុងជំនួប​នោះ​នាយករដ្ឋមន្ត្រី​ទាំងពីរ ក៏​នឹង​ផ្លាស់ប្តូរ​ទស្សនៈ​គ្នា​លើ​បញ្ហា​តំបន់ និង​អន្តរជាតិ​ដែលមាន​ផលប្រយោជន៍​រួម​ផងដែ រ​។ បន្ទាប់មក​នាយករដ្ឋមន្ត្រី​ទាំងពីរ​នឹង​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​ឯកសារ​មួយចំនួន​និង​ធ្វើការ​ប្រកាស​ព័ត៌មាន​រួមគ្នា​។​

​លោក មហា​ធៀ មហាម៉ាត់ និង​ភរិយា បាន​អញ្ជើញ​មកដល់​ប្រទេស​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី២ ខែកញ្ញា ឆ្នាំ​២០១៩​នេះ​ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវការ រយៈ ពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​២ ដល់​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០១៩​។ ទស្សនកិច្ច​របស់​នាយ​ក​រដ្ឋមន្ត្រី​មាន​វ័យ​ចំណាស់​​ជាងគេ​នៅលើ​ពិភពលោក​រូបនេះ ធ្វើឡើង​តប​តាម​ការអញ្ជើញ​របស់​ស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។​

​តាម​ការប្រកាស​របស់​ក្រសួងការបរទេស បានឱ្យដឹងថា ក្នុង​អំឡុង​ទស្សនកិច្ច​នេះ​នាយករដ្ឋមន្ត្រី​ម៉ា​ឡា​ស៊ីនឹង​ចូលជួប​សម្តែង​ការគួរសម​ដាច់ដោយឡែក​ពីគ្នា​ចំពោះ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី​កម្ពុជា និង សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​ផងដែរ​។​

​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​បណ្ឌិត​មហា​ធៀ មហាម៉ាត់ នៅ​កម្ពុជា​នឹង​រួមចំណែក​កាន់តែ​ប្រសើរ​ក្នុងការ​ពង្រឹង និងធ្វើ​ឲ្យ​កាន់តែ​ស៊ីជម្រៅ​បន្ថែមទៀតនូវ​ចំណងមិត្តភាព​និង​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​ដ៏​ល្អ​រវាង​កម្ពុជា​និង​ម៉ាឡេស៊ី​ទាំង​នៅក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី​ តំបន់ និង​អន្តរជាតិ៕B/Ha

#