កម្ពុជា របប​សន្តិសុខ​សង្គម​និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​បាន​ឆ្ពោះទៅមុខ​យ៉ាង​ស្វាហាប់​

883
ចែករម្លែក

​ដោយ​: ពៅ និមល / ភ្នំពេញ​: លោក អ៊ុក សមវិទ្យា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​នាយក​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (​ប​.​ស​.​ស​) មានប្រសាសន៍ថា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា របប​សន្តិសុខ​សង្គម និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​បាន​ឆ្ពោះទៅមុខ​យ៉ាង​ស្វាហាប់ ប្រកបដោយ​ថាមភាព​។​

​ការលើកឡើង​ខាងលើនេះ លោកនាយក​បានធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​របប​សន្តិសុខ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៨​នេះ នៅ​សាលប្រជុំ​ធំ ប​.​ស​.​ស នៃ​ក្រសួង ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដោយមាន​ការចូលរួម​ពី​លោកនាយ​ករង ប​.​ស​.​ស និង​មកពី​សហជីព​នានា​ក្នុងប្រទេស​កម្ពុជា​។​

កិច្ចប្រជុំ​ពិគ្រោះ​យោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​របប​សន្តិសុខ នៅ​ប​.​ស​.​ស (​រូបថត ប​.​ស​.​ស​)

ក្នុង​កិច្ចប្រជុំ​នោះ លោកនាយក អ៊ុក សមវិទ្យា បានបញ្ជាក់​បន្ថែម​អំពី​គោលបំណង​លម្អិត នូវ​ខ្លឹមសារ​នៃ​សេចក្តីព្រាងច្បាប់ និង​ពន្យល់​បន្ថែម​លើ​សេចក្តីព្រៀងច្បាប់​នេះ​ដើម្បី​កំណត់​អំពី​បែបបទ យន្តការ​អនុវត្ត និង​ប្រព័ន្ធគ្រប់គ្រង​របប​សន្តិសុខ​សង្គម​នៃ​កម្ពុជា ប្រកបដោយ​គណនេយ្យភាព​និង​និរន្តរភាព​។ ច្បាប់​នេះ​មាន​វិសាលភាព​អនុវត្ត​ចំពោះ បុគ្គល​ដែល​ស្ថិតក្នុង​វិស័យ​សាធារណៈ ជន​ទាំងឡាយ​ដែល​ស្ថិតនៅក្រោម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ស្តីពី​ការងារ ដោយ​រួមបញ្ចូល​បុគ្គលិក​ធ្វើការ​តាមផ្លូវ​អាកាស និង​នាវា​សមុទ្រ ព្រមទាំង​អ្នកបម្រើ​តាម​ផ្ទះ និង​បុគ្គល​ស្វ័យ​និ​យោជន៍​។​

​ដោយឡែក ទាក់ទិន​នឹង​គោលបំណង​នៃ​កិច្ចប្រជុំ​ខាងលើនេះ ត្រូវបាន​រៀបចំឡើង​ដើម្បី​ពិគ្រោះ​យោបល់ និង​ប្រមូល​ធាតុ​ចូល​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ ក្នុងន័យ​បំពេញបន្ថែម​ចំណុច​ណាមួយ នៃ​សេចក្តីព្រាងច្បាប់ ស្តី​ឲ្យ​ស្របទៅតាម​ស្ថានភាព​សង្គម និង​សេដ្ឋកិច្ច​ដែល​កំពុងអភិវឌ្ឍន៍​ឆ្ពោះទៅមុខ​៕ ល​