កម្ពុជា រៀបចំ​ព្រឹត្តិការណ៍ FINA World Aquatics Day នៅ​ថ្ងៃទី​៦ កក្កដា​

695
ចែករម្លែក

​ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​: សហព័ន្ធ​កីឡាហែលទឹក លើ​ពិភពលោក ដែលជា​សមាជិក​សហព័ន្ធ​កីឡាហែលទឹក​អន្តរជាតិ (FINA) ត្រូវ​រៀបចំ​ព្រឹត្តិការណ៍ FINA World Aquatics Day ដែល​នេះ​ជា​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ របស់​សហព័ន្ធ ដែលជា​សមាជិក សហព័ន្ធ​ហែល​ទឹក​អន្តរជាតិ ។​

​កម្មវិធី​នេះ ប្រទេស​ទាំងអស់ ត្រូវតែ​រៀបចំ ក្នុងពេល​វេលា​មួយ ដែល​អាច​រៀបចំ​បាន ។ វា​ជា​ព្រឹត្តិការណ៍​មួយ ដែល​បំផុស​ឲ្យ​កុមារ​ទាំងអស់ ចូលរួម​ហែល​ទឹក ដើម្បី​គេច​ឲ្យ​ផុតពី គ្រោះមហន្តរាយ ដោយសារ​ការ​លង់ទឹក និង​គ្រោះថ្នាក់ ដោយសារតែ​មិនចេះ​ហែល​ទឹក ។​

ទិដ្ឋភាព​រៀន​ហែល​ទឹក​

​សម្រាប់​កម្ពុជា រៀបចំ​ព្រឹត្តិការណ៍​នេះ នៅ​ថ្ងៃទី​៦ កក្កដា នៅ​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ និង​មជ្ឈមណ្ឌល​ហែល​ទឹក តេ​ជោ​សែន នា​ខេត្តកំពង់ចាម ។ ក្មេងៗ​ទាំង​សាលា​រដ្ឋ ឯកជន នឹង​បាន​រៀន​ហែល​ទឹក ជាមួយ​អ្នកជំនាញ​ហែល​ទឹក របស់​សហព័ន្ធ និង កីឡា​រៀមច្បង ។​

​នេះ​គឺជា​ចលនា​អន្តរជាតិ​មួយ ដែល​សហព័ន្ធ​កីឡា ហែល​ទឹក​អន្តរជាតិ ហៅថា FINA បានស្នើ​ឲ្យ​ប្រទេស ដែលជា​សមាជិក​របស់​ខ្លួន ធ្វើឡើង​។​

ទិដ្ឋភាព​រៀន​ហែល​ទឹក​

​លោក ហែម គី​រី អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ កីឡាហែលទឹក បាន​អះអាងថា នេះ​ជា​ឆ្នាំ​ទី​៣ ហើយ ដែល​កម្ពុជា រៀបចំ​ព្រឹត្តិការណ៍​នេះ ហើយក៏​ជា​ឆ្នាំ​ទី​៣ ដែរ ដែល​សហព័ន្ធ​អន្តរជាតិ បំផុស​ឲ្យ​សហព័ន្ធ ដែលជា​សមាជិក រៀបចំ​ព្រឹត្តិការណ៍​នេះ ។​

​លោក​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ឆ្នាំនេះ លោក​បាន​បំផុស ដល់​សាលា​ឯកជន​នានា ដែលមាន​អាង​ហែល​ទឹក ពិសេស​សាលា​បរទេស ឲ្យ​រៀបចំ​ព្រឹត្តិការណ៍​នេះ ដោយ​សហព័ន្ធ នឹង​បញ្ជូន​អ្នកជំនាញ​ហែល​ទឹក ទៅ​បង្រៀន​ដល់​ពួកគេ ។ លោក​បាន​បន្ថែមថា សាលា​រដ្ឋ ឬ​ឯកជន ដែលមាន​បំណង​ចង់​បង្កើត ឲ្យ​មាន​កីឡាហែលទឹក នៅ​សាលា​របស់ខ្លួន​នោះ អាច​ស្នើ​មក​សហព័ន្ធ សហព័ន្ធ នឹង​បញ្ជូន​គ្រូ​ទៅ​ជួយ​បង្ហាត់ ៕v