កម្ពុជា – វៀតណាមៈ ជា​ប្រទេស​ភូមិ​ផង​របង​ជាមួយគ្នា​ប្រកបដោយ​មិត្តភាព​ជានិច្ច និង​រួមគ្នា​ធ្វើ​សមាហរណកម្ម និង​អភិវឌ្ឍន៍​

459
ចែករម្លែក

​ប្រែ​សម្រួល​: ពិស្តារ​
​ទំនាក់ទំនង​ការទូត​កម្ពុជា – វៀតណាម ត្រូវបាន​បង្កើតជា​ផ្លូវការ​នៅ​ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ​១៩៦៧ មកម្ល៉េះ ហើយ​រហូត​មកទល់ពេលនេះ​ដំណើរការ​នៃ​ការអភិវឌ្ឍ និង​ការគាំទ្រ​ការជួយ​គ្នា​ទៅវិញទៅមក​រវាង​ប្រទេស​ទាំងពីរ​ត្រូវបាន​បញ្ជាក់​អស់​រយៈពេល​ជាង ៥០ ឆ្នាំ​មកហើយ​នៃ​ប្រវត្តិសាស្ត្រ​។ ដោយ​ប្រទេស​ទាំងពីរ​មាន​ខ្សែ​ព្រំប្រទល់​ដីគោក​ប្រហែល ១,១៣៧ គីឡូម៉ែត្រ និង​រួមគ្នា​ផឹកទឹក​ពី​ទន្លេមេគង្គ​ដូចគ្នា បានជា​ប្រជាជាតិ​យើង​ទាំងពីរ រួមសុខ​រួមទុក្ខ​គ្នា​មិន​ត្រឹមតែ​នៅក្នុង​ការតស៊ូ​ដើម្បី​រំដោះ​ប្រជាជាតិ និង​ផ្តួលរំលំ​របប​ខ្មែរក្រហម ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ក្នុងដំណាក់កាល​ធ្វើ​សមាហរណកម្ម និង​អភិវឌ្ឍ​ទៀតផង​។​

​ក្រោយពី​ប្រជាជន​កម្ពុជា​បាន​រួច​ផុតពី​គ្រោះ​ប្រល័យពូជសាសន៍​ជាមួយនឹង​ជ័យជម្នះ​ជា​ប្រវត្តិសាស្ត្រ​នៅ​ថ្ងៃទី​៧ ខែមករា ឆ្នាំ ១៩៧៩ នោះ ទោះបីជា​ប្រទេស​ទាំងពីរ​ប្រកាន់​ការអនុវត្ត នូវ​គោលនយោបាយ​ការបរទេស​ឯករាជ្យ ស្វ័យភាព ពហុភាគី​និយម និង​ការធ្វើ​ពិពិធ​កម្ម ទំនាក់ទំនង​អន្តរជាតិ​ក៏ដោយ ក៏ប៉ុន្តែ​ប្រទេស​កម្ពុជា និង​វៀតណាម​សុទ្ធតែ​បាន​យល់​ជ្រាប និង​យកចិត្តទុកដាក់​យ៉ាងខ្លាំង​លើ​ការរក្សា​នូវ​មេរៀន​អំពី​ស្មារតី​សាមគ្គីភាព និង​ការជួយ​គាំទ្រ​គ្នា​ទៅវិញទៅមក​ផងដែរ​។​

​នៅក្នុង​និន្នាការ​សមាហរណកម្ម​នោះ នៅ​ឆ្នាំ​១៩៩៨ វៀតណាម​គឺជា​សមាជិក​ដ៏​សកម្ម​មួយ ក្នុងការ​ចលនា និង​គាំទ្រ​ប្រទេស​កម្ពុជា​ឱ្យចូល​ជា​សមាជិក​អាស៊ាន​។ ហើយ​ដំណើរការ​នៃ​ការធ្វើសមាហរណកម្ម​ពេញលេញ​នៃ​គ្រប់​ប្រទេស​ជា​សមាជិក​អាស៊ាន​ត្រូវបាន​កត់សម្គាល់​ដោយ​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​នោះ​គឺជា​ពិធី​បញ្ចូល​ប្រទេស​កម្ពុជា​ឲ្យ​ចូល​ជា​សមាជិក​ពេញ​សិទ្ធ​នៃ​អាស៊ាន​ដែល​ត្រូវបាន​រៀបចំឡើង​នៅ​រដ្ឋធានី​ហាណូយ​នៅ​ឆ្នាំ​១៩៩៩​។​

​នៅ​ចំពោះមុខ​ការវិវត្ត​ដ៏​ស្មុគស្មាញ​នៃ​ស្ថានភាព​ក្នុង​តំបន់ និង​នៅលើ​ពិភពលោក ប្រទេស​ទាំងពីរ​កាន់តែ​យកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​ក្រោម ពាក្យស្លោក “​អ្នកជិតខាង​ល្អ មិត្ត​ភាពជា​ប្រពៃណី កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​ជ្រុងជ្រោយ និង​រឹងមាំ​ជា​និរន្តរភាព​” ដោយ​ឈរលើ​មូលដ្ឋាន​នៃ​គោលការណ៍​៖ ការគោរព​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​គ្នា​ទៅវិញទៅមក​, ការមិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​គ្នា​; ការមិន​ប្រើ​កម្លាំង និង​គំរាមកំហែង​ប្រើប្រាស់​កម្លាំង​, ការមិន​អនុញ្ញាត​ឱ្យកម្លាំង​នយោបាយ ឬ​កម្លាំងយោធា​ណាមួយ​ប្រើ​ទឹកដី​របស់ខ្លួន​ប្រឆាំងនឹង​ប្រទេស​មួយទៀត​, កិច្ចសហប្រតិបត្តិការ​ស្មើភាព​គ្នា​ដើម្បី​ផលប្រយោជន៍​ទៅវិញទៅមក​,​ការដោះស្រាយ​រាល់​បញ្ហា​ដែល​កើតមានឡើង​រវាង​ប្រទេស​ទាំងពីរ​ដោយ​សន្តិវិធី​។​

ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល រដ្ឋាភិបាល​កម្ពុជា វៀតណាម (​រូប​ឯកសារ​)

​ដោយ​ឈរលើ​មូលដ្ឋាន​ទាំងនោះ ក្នុង​រយៈពេល​កន្លងមក​ប្រទេស​ទាំងពីរ​បន្ត​មានការ​អភិវឌ្ឍ សំខាន់ៗ​ទាំង​អំពី​ទំហំ និង​ជម្រៅ​ដូចជាៈ​

អំពី​នយោបាយៈ​
ភាគី​ទាំងពីរ​បាន​បង្កើន​ការផ្លាស់ប្តូរ​គណៈប្រតិភូ​គ្រប់​ជាន់ថ្នាក់ បាន​សម្របសម្រួល​រៀបចំ​សកម្មភាព​ជាច្រើន​ដើម្បី​ផ្សព្វផ្សាយ​ពី​ប្រវត្តិសាស្ត្រ​សាមគ្គីភាព តស៊ូ​នៃ​ប្រជាជន​ទាំងពីរ​ក្នុងការ​រំដោះជាតិ និង​ផ្តួលរំលំ​របប​ខ្មែរក្រហម​។ ភាគី​ទាំងពីរ​សង្កត់ធ្ងន់ ទៅលើ​ការឃោសនា ការអប់រំ​អំពី​ការការពារ ការរក្សា​និង​ការលើកកម្ពស់​ទំនាក់ទំនង សាមគ្គីភាព មិត្តភាព​កម្ពុជា – វៀតណាម​។ កិច្ចសហប្រតិបត្តិការ​រវាង​រាល់​ក្រសួង ស្ថាប័ន អង្គការ និង​ប្រជាជន​បន្ត​ត្រូវបាន​លើកកម្ពស់ និង​ត្រូវបានធ្វើ​ឲ្យ​បាន​ជាក់ស្តែង​ថែមទៀត​។ ភាគី​ទាំង​ពីរបាន​ផ្លាស់ប្តូរ​គណៈប្រតិភូ​ជា​ទៀងទាត់​ក្នុង​គោលបំណង​ចង់​ផ្លាស់ប្តូរ​បទពិសោធ​ន៏ និង​ជួយ​គាំទ្រ​គ្នា​ទៅវិញទៅមក​។ ប្រទេស​កម្ពុជា និង​វៀតណាម​ក៏បាន​រៀបចំ​ជាប្រចាំ​នូវ ការផ្លាស់ប្តូរ​វប្បធម៌ ការជួប​ប្រាស្រ័យ​ប្រជាជន ជាពិសេស​នៅតាម​តំបន់​ព្រំដែន​។​

អំពី​សេដ្ឋ​កិ​ច្ចៈ​
​ភាគី​ទាំង​ពីរបាន​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​នៅក្នុង​គ្រប់​វិស័យ​ដែល ក្នុងនោះ​ការវិនិយោគ និង​ពាណិជ្ជកម្ម​មានការ​អភិវឌ្ឍ​យ៉ាងខ្លាំង​។ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី ត្រូវបាន​បន្ត​កើនឡើង​យ៉ាងខ្លាំង​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ដោយ​ឈានដល់ ៤.៧ ពាន់​លាន ដុល្លារ​នៅក្នុង​ឆ្នាំ ២០១៨ និង ៩០២ លាន​ដុល្លារ​ក្នុង ២ ខែ​ដើម ឆ្នាំ​២០១៩​។ ប្រទេស​ទាំងពីរ​ខិតខំ​សម្រេច​ឲ្យ​បាន​ទិសដៅ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី ៥​ពាន់​លាន​ដុល្លារ​។​

អំពី​ការ​វិ​និ​យោ​គៈ​
​គិត​ត្រឹម​ដំណាច់ឆ្នាំ ២០១៨ វៀតណាម​មាន​គម្រោង​វិនិយោគ ចំនួន ២០៦ នៅ​កម្ពុជា​ដោយមាន​ទុនវិនិយោគ​សរុប​ជាង ៣ ពាន់​លាន​ដុល្លារ​ស្ថិត​ក្នុងចំណោម​ប្រទេស ៥ ដែលមាន​ការវិនិយោគ​ធំ​បំផុត​នៅ​កម្ពុជា​។ វិស័យ​វិនិយោគទុន​របស់​វៀតណាម​រួមមាន វិស័យ​កសិកម្ម ធនាគារ ទូរគមនាគមន៍ បច្ចេកវិទ្យា​ពត៌មាន ផលិតកម្ម​ឧស្សាហកម្ម សុខាភិបាល​ជាដើម​។ រាល់​សកម្មភាព​វិនិយោគ និង​អាជីវកម្ម​របស់​សហគ្រាស​វៀតណាម នៅ​កម្ពុជា​គឺ​ត្រូវបាន​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ថ្នាក់ដឹកនាំ​កម្ពុជា​កោតសរសើរ និង​វាយ​តំលៃ​ខ្ពស់​ដោយបាន​រួមចំណែក​យ៉ាង​វិជ្ជមាន​ដល់​សុខុមាលភាព និង​ការអភិវឌ្ឍ ប្រកបដោយ​វិបុលភាព​របស់​ប្រទេសមួយ​នេះ​។ ម្យ៉ាងវិញទៀត ប្រទេស​កម្ពុជា​ក៏មាន​គម្រោង វិនិយោគ​ចំនួន​១៩ នៅក្នុង​ប្រទេស​វៀតណាម​ផងដែរ ដោយមាន​ដើមទុន​សរុប​ចំនួន ៦២.៦៧ លាន​ដុល្លារ ឈរ​នៅ​លំដាប់​ទី​៥៦ ក្នុងចំណោម ១៣១ ប្រទេស និង​ដែនដី​វិនិយោគទុន​នៅ វៀតណាម​។​

អំពី​ការ​ការពារជាតិ និង​សន្តិ​សុ​ខៈ​
​ភាគី​ទាំងពីរ​បន្ត​អនុវត្ត​កិច្ចព្រមព្រៀង​ស្តីពី កិច្ចសហប្រតិបត្តិការ​ការពារជាតិ និង​សន្តិសុខ​ប្រកបដោយ​ប្រសិទ្ធភាព​។ ភាគី​ទាំង​ពីរបាន សម្របសម្រួល​គ្នា​ក្នុងការ​ស្វែងរក និង​ការធ្វើ​មាតុភូមិនិវត្តន៍​អដ្ឋិធាតុ​កងទ័ព​ស្ម័គ្រចិត្ត​និង​អ្នកជំនាញការ​វៀតណាម​ដែល​បាន​ពលី​ជីវិត​នៅក្នុង​ប្រទេស​កម្ពុជា​។ ភាគី​ទាំងពីរ​បង្កើន ការសម្របសម្រួល​ការ​គ្រប់គ្រង​ល្អ​នៃ​ព្រំប្រទល់ ធានា​សន្តិភាព សន្តិសុខ និង​រក​ដំណោះស្រាយ​ចំពោះ​រាល់​បញ្ហា​ដែល​កើតឡើង​ទាំងអស់​ប្រកបដោយ​បុ​រេ​សកម្ម​។​

អំពី​ការអប់រំៈ​
​ជា​រៀងរាល់ឆ្នាំ​ប្រទេស​វៀតណាម​បានផ្តល់​អាហារូបករណ៍​រយៈពេល​វែង និង​រយៈពេល​ខ្លី​រាប់រយ​កន្លែង​ឲ្យ​ប្រទេស​កម្ពុជា​ក្នុង​បណ្តា​វិស័យ​ដូចជា សេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ជាដើម​។ ប្រទេស​កម្ពុជា​ក៏បានផ្តល់​អាហារូបករណ៍​រាប់សិប​កន្លែង ឲ្យ​ភាគី​វៀតណាម​ដោយ​រួមទាំង​អាហារូបករណ៍​ថ្នាក់​ឧ​ត្ត​មសិ​ក្សា និង​ក្រោយ​ឧ​ត្ត​មសិ​ក្សា អាហារូបករណ៍​រយៈពេល​ខ្លី​សម្រាប់​ការបណ្ដុះបណ្ដាល​ភាសា​ខ្មែរ និង​វប្បធម៌​។ លើសពីនេះ​ទៀត​ភាគី​ទាំងពីរ​ក៏​កំពុង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ បណ្តុះបណ្តាល វិជ្ជាជីវៈ​តាមរយៈ​ការរៀបចំ​រាល់​សកម្មភាព​អភិវឌ្ឍ​ធនធានមនុស្ស​ថែមទៀត​។​

អំពី​សុខាភិបាលៈ​
​ក្រុម​វេជ្ជបណ្ឌិត​វៀតណាម​ជាច្រើន​បាន​ស្ម័គ្រចិត្ត​មក​កម្ពុជា​ជួយ​ព្យាបាល​ជំងឺ និង​ផ្តល់​ឱសថ​ដោយ​ឥតគិតថ្លៃ​ដល់​ប្រជាជន​កម្ពុជា​។ អ្នកជំងឺ​កម្ពុជា​ដែល​មក ពិនិត្យ​សុខភាព និង​ព្យាបាល​នៅ​ប្រទេស​វៀតណាម​ក៏​ទទួលបាន​ការព្យាបាល​និង​ថ្លៃ​ព្យាបាល ដូច​ប្រជាជន​វៀតណាម​ដែរ​។

ប្រឈមមុខ​នឹង​ទាំង​កាលានុវត្តភាព និង​បញ្ហា​ប្រឈម​ជាច្រើន​ក្នុងពេល​បច្ចុប្បន្ននេះ​ក្តី ប៉ុន្តែ​ដោយមាន​ប្រពៃណី​ប្រវត្តិសាស្ត្រ​សាមគ្គីភាព ជិតស្និទ្ធ​គ្នា ទំនាក់ទំនង​នៃ កិច្ចសហប្រតិបត្តិការ​មិត្តភាព​រវាង កម្ពុជា និង​វៀតណាម នឹង​កាន់​តែមាន​ជំហាន​អភិវឌ្ឍ យ៉ាង​ទូលំទូលាយ ស៊ីជម្រៅ​លើ​គ្រប់​វិស័យ រួមចំណែក​យ៉ាង​វិជ្ជមាន និង​ប្រសិទ្ធភាព​ចំពោះ ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម នៃ​ប្រទេស​នីមួយៗ​ដែល​នាំមក​នូវ​ផលប្រយោជន៍​ជាក់ស្តែង​ដល់ ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំងពីរ និង​រួមគ្នា​បោះជំហាន​យ៉ាងរឹងមាំ​រួមចំណែក​ជាក់ស្តែង​ដល់ សន្តិភាព ការធ្វើសមាហរណកម្ម និង​ការអភិវឌ្ឍ​នៃ​តំបន់ និង​អន្តរជាតិ​៕ ល​

#